ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការណែនាំស្តីពីចាត់តាំងអនុវត្តការងារ អប់រំចិត្តសាស្ត្រ និងសភាព ការណ៏ថ្មីៗ ឆ្នាំ២០២៣ ដែលមានការចូលរួមពីនាយទាហាន មកពីចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និង ស្ថាប័នបណ្តាកងឯកភាពប្រភេទទ័ពប្រមាណ ៣៥០០នាក់។
ឧត្តមសេនីយ៏ទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំអគ្គនាយកដ្ឋានយោធសេវា បានលើកឡើងក្នុងរបាយការណ៏ស្វាគមន៏ដោយបញ្ជាក់ថា៖ កន្លងមក អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញ នាយកដ្នានអប់រំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការណែនាំរបស់ក្រសួងការពារជាតិ ក្នុងការផ្សព្វផ្សាយ និងប្រមូល ទិន្នន័យ តាមដាន ត្រួតពិនិត្យ បូកសរុបលទ្ធផលការងារអប់រំរៀនសូត្រ នយោបាយ ចិត្តសាស្ត្រ ព្រមទាំងបានរៀបចំ ចងក្រង ផលិតឯកសារជំនួយស្មារតី អប់រំចិត្តសាស្ត្រប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីចែក ផ្សព្វផ្សាយ វៀនសូត្រតាមបណ្តាស្ថាប័ន កងឯកភាព ទូទាំងខ.ភ.ម។
ក្នុងន័យនេះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ព អំពីសតិអារម្មណ៍នយោបាយ ចិត្តសាស្ត្រ គឺជាគន្លឹះ ក្នុងការកសាងពង្រឹងកម្លាំងប្រដាប់អាវុធឱ្យបានរឹងមាំតាមរយៈការបណ្ដុះបណ្ដាល អប់រំរៀនសូត្រ លើកកម្ពស់ មនសិកាស្នេហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរស្អាតស្អំ ប្រយុទ្ធ ប្តូរផ្តាច់ និងហ៊ានពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ។
មានប្រសាសន៏ទៅកាន់អង្គពិធីក្នុងឱកាសនោះ ឯកឧត្តម ជៀង អំ បានលើកឡើងអំពីសភាពការណ៏អន្តរជាតិ ដោយពិភពលោកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្ទុះឡើងនូវជំងឺ កូវីដ-១៩ បញ្ហាវិបត្តិរដ្ឋប្រហារ យោធានៅភូមាការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ចំពោះសភាពការណ៏ជាតិ ឯ.ឧ រដ្ឋលេខា បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កងយោធពលខេមរភូមិន្ទបានបំពេញ តួនាទីជាស្នូលក្នុងការការពារសន្តិភាព ការពារបូរណភាព ទឹកដី អធិបតេយ្យ ភាពជាតិរឹងមាំ ជាពិសេស នៅក្នុងសភាពការណ៍នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩។ ខភម គឹជាកម្លាំង ឈានមុខ និងជាគំរូលះបង់ដ៏ធំធេងលើសមរភូមិប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងការបំពេញភារកិច្ច អនុវត្ត ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពតាមវិធានការ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ សរុបសេចក្ដីមកកងទ័ពរបស់យើង បន្ទាប់ពីសង្គ្រាម យើងបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការកើតឡើងនូវគ្រោះមហន្តរាយ យើងដូចជាទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត។ សក្ខីភាពទាំងនេះបានបង្ហាញច្បាស់ថាកងទ័ពរបស់យើង ក្នុងរយៈពេល កន្លងទៅនេះ បានធ្វើកិច្ចការជាច្រើន ស្របជាមួយនឹងគោលនយោបាយខឿន ការពារ ជាតិរបស់ប្រជាជន ពោលគឺនៅពេលដែលមានតម្រូវការប្រជាជនបានចូលរួម ប៉ុន្តែនៅពេលដែល ប្រជាជនជួបទុក្ខលំបាក យើងក៏បានចូលរួមជួយទៅដល់ប្រជាជនវិញ យ៉ាងឆាប់រហ័ស។
ឯកឧត្តម ជៀង អំ បានបន្តទៀតថា៖ ក្នុងឆ្នាំ២០២៣ និងនៅបណ្តាឆ្នាំខាងមុខ តាមផែនការរបស់រាជ រដ្ឋាភិបាល នឹងត្រូវជំរុញខ្លាំងនូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាព កំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋលើមាគ៌ាឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូចនេះកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើការ កែទម្រង់ឱ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យ ម៉ឺងម៉ាត់និងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែន ព្រមទាំង រួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកតម្កើងកិត្យានុភាព របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។
ចំពោះមុខការអប់រំសតិអារម្មណ៍នយោបាយចិត្តសាស្ត្រ និងការងារមហាជន ក៏ដូចជា ការអនុវត្ត គោលនយោបាយចាត់តាំងកងទ័ព ឯ.ឧ ជៀង អំ បានបញ្ជាក់ថា៖ យើងត្រូវតែបន្តពង្រឹងការអនុវត្តន៍ ឱ្យបានស្រួចស្រាល់បំផុត តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងអណត្តិបន្តទៀត ដែលបានដាក់ចេញ។ ត្រូវបន្តធ្វើការកែទម្រង់ កងទ័ព តាមផែនការ និងទិសដៅកែទម្រង់ ៥ឆ្នាំរបស់ខ.ភ.ម។ បន្តផ្សព្វផ្សាយ និងអប់រំអំពីច្បាប់របស់រដ្ឋ បទវិន័យទូទៅចំពោះយោធិន។ត្រូវយកចិត្តទុកដាក់ចំពោះយោធិនទាំងមុនពេលចូលនិវត្តន៍ និងក្រោយចូលនិវត្តន៍ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះការងារអតីតយុទ្ធជន។ បន្តអប់រំអំពីសភាពការណ៍ និងភារកិច្ចខ.ភ.ម ជាពិសេស ការងារហ្វឹកហ្វឺនជំនាញ អាជីព និងបច្ចេកទេសកងទ័ព ក៏ដូចជាការងារអប់រំចិត្តសាស្ត្រ ទូទាំងខ.ភ.ម ដើម្បីជំរុញ និងលើកកម្ពស់ ដល់ការងារកែទម្រង់ ក្នុងខ.ភ.ម និងអនុវត្តជាប្រចាំតាមអភិក្រម៥ "ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាលបាល និងវះកាត់” និង បាវចនា២ "កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ៕