ព័ត៌មាន

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​រដ្ឋបាល​ សាល​ប្រជុំ ​និង​គម្រោង​ វារីវប្ប​កម្ម​អាង​បង្កាត់​ពូជ​ និង​ភ្ញាស់​ត្រី​
នាយកដ្ឋានព័ត៌មាន(៣)
692
3029 ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​រដ្ឋបាល​ សាល​ប្រជុំ ​និង​គម្រោង​ វារីវប្ប​កម្ម​អាង​បង្កាត់​ពូជ​ និង​ភ្ញាស់​ត្រី​

         សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​រដ្ឋបាល ​សាល​ប្រជុំ និ​ង​គម្រោង​ វារីវប្បកម្ម​អាង​បង្កាត់​ពូជ ​និង​ភ្ញាស់​ត្រី​ ក្រោ​ម​មូល​និធិ​សម្ដេច​ពិជ័យ​សេនា​ នា​ព្រឹក​ថ្ងៃទី​១៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​។

​         អគារ​រដ្ឋ​បាល​ថ្មី​នេះ ​ស្ថិត​នៅ​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ ​បាន​សាង​សង់​លើដី​ទំហំ ​១​ម៉ឺន​២​ពាន់​ម៉ែត្រ​ក្រឡា ​មាន​កម្ពស់​៤​ជាន់ ​ដែល​មាន​បណ្តោយ​ប្រវែង​៣០,៥០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​១១,៥០​ម៉ែត្រ ​ដោយ​មាន​សាល​ប្រជុំ​០២​បន្ទប់​, បន្ទប់​ទទួល​ភ្ញៀវ​០២​, បន្ទ​ប់​ថ្នាក់​ដឹក​នាំ​០៦​, បន្ទប់​នាយ​ទាហាន​បំពេញ​ការងារ​តាម​ការិយាល័យ​ជំនាញ​១២​បន្ទប់​, បំពាក់​ជណ្តើរ​យន្ត​ តុ​ ទូ ​កៅ​អី​ កុំព្យូទ័រ ​និង​សម្ភារៈ​ ការិយាល័យ ​រូម​ជា​មួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រណប ​ដូច​ជា​អគារ​ផ្ទះ​បាយ​០១​ខ្នង​ រោង​ដាក់​រថយន្ត ​រោង​ដាក់​ម៉ូតូ ​រោង​វារីវប្ប​កម្ម​បង្កាត់​ពូជ​ភ្ញាស់​កូន​ត្រី​ រោង​ម៉ាស៊ីន​ភ្លើង ​និង​សួន​ច្បារ​។

         ក្នុង​សុន្ទរកថា ​និង​របាយ​ការណ៍​ស្វាគមន៍ ​ឧត្តមសេនីយ៍​ឯក​ អ៊ុក កោសា នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា៖ ​អគារ​រដ្ឋបាល ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​គឺ​ជា​សមិទ្ធផល​ ដែល​បាន​កើត​ឡើង​តាម​រយៈ​ពិធីសារ ​រវាង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ និង​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ នៅ​ឆ្នាំ​២០១៦​ និង​ការ​ចូល​រួម​ពី​សំណាក់​អង្គភាព ​និង​ក្រុម​ហ៊ុន​នានា​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ជូន​នាយក​ដា្ឋន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ​។​ ជា​មួយ​គ្នា​នេះ​នាយ​ទាហាន ​ក្នុ​ង​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក៏​បាន​ខិត​ខំ​កៀង​គរ​ស្វែង​រក​ការ​ជួយ​គាំទ្រ​គ្រឿង​បំពាក់​បន្ត​បន្ទាប់ ​ដូច​ជា​ តុ ទូ​ កុំព្យូទ័រ​ គឿង​សង្ហារឹម​ជា​ច្រើ​ន​ផង​ដែរ​។ នាយក​ដ្ឋាន​ មាន​កសិដ្ឋាន​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវ៉ាញ ​ខេត្ត​ពោធិ៍សាត់​ ដែ​ល​កំពុង ​និង​ធ្វើ​ការ​អភិវឌ្ឍន៍​ជា​បណ្ដើរៗ​លើ​ផ្ទៃដី​ទំហំ ​៤០០​ហិចតា។ ដោយ​ឡែក​ការ​បង្កើត​គម្រោង​វារី​វប្បកម្ម​អាង​បង្កាត់​ពូជ​ និង​ភ្ញា​ស់​ត្រី ​ក្រោម​មូល​និធិ ​សម្ដេច​ពិជ័យ​សេនា ​គឺ​ជា​គម្រោង​បាន​បង្កើត​ឡើង ​ក្នុង​គោល​បំណង​បង្កាត់​ពូជ​ និង​ភ្ញាស់​​កូន​ត្រីទឹ​ក​សាប​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​និង​បាន​ចំណាយ​ថវិកា​ សាង​សង់​ បំពាក់​ឧបករណ៍ ​សម្ភារៈ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ធានា​បម្រើ​ឲ្យ​ស្ថានីយ៍​នេះ​ អស់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លា​រ​អាមេរិក​។​

       នៅ​ក្នុង​ពិធី​សម្ពោធ​នោះ ​ក៏​បាន​ប្រកាស​ព្រះ​រាជ​ក្រឹត្យ ​និង​អនុក្រឹត្យ​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​ ឧត្តម​សេនីយ៍​ឯក​ អ៊ុក កោសា នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ​ បច្ចុប្បន្ន​ជា​អនុ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ហើយ​ឧត្តម​សេនីយ៍​ត្រី​ អ៊ុក ​ហឿន​ពិសី​ នាយក​រង​ នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ ​បច្ចុប្បន្ន​មាន​ឋានន្តរ​សក្តិ​ថ្នាក់ ​ឧត្តម​សេនីយ៍​ទោ​ និង​មាន​មុខងារ​ ជា​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ​។​


       សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រសួង​ការ​ពារ​ជាតិ ​ដែល​បាន​ដាក់​សម្ពោធ​នា​ពេល​នេះ​ គឺ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ ក្នុង​ចំណោមស​មិទ្ធផល​ជា​ច្រើន​ទៀត ​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម ​ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​។​ សម្តេច​បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​ស្នាដៃ​ និង​សមិទ្ធផល​របស់​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ខិត​ខំ​សម្រេ​ច​បាន​ជាបន្ត​បន្ទាប់​នា​ពេល​កន្លង​មក​ និង​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​នាយ​ទាហាន​ ពល​ទាហាន ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ដែល​បា​នពុះពារ​អនុវត្ត​តួនាទី​ភារកិច្ច​ ស្រប​តាម​ផែន​ការ​កែ​ទម្រង់​របស់​ ខ.ភ.ម​។​ សម្តេច​ពិជ័យ​សេនា​ បាន​លើក​ទឹ​ក​ចិត្ត​ដល់​នាយ​ទាហាន​ និង​ពល​ទាហាន​ទាំង​អ​ស់ បន្ត​ជម្រុញ ​និង​អនុវត្ត​ជំនាញ​អភិវឌ្ឍន៍​នេះ​ទៅ​តាម​កង​ឯកភាព​ក្នុង​ ខ.ភ.ម​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ តាម​តួនាទី និង​ភារកិច្ច​ដែល​ក្រសួង​ការ​ពារ​ជាតិ​បាន​ប្រគល់​ជូន​។ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ មាន​ជំនឿជឿ​ជាក់​ថា ​បន្ទាប់​ពី​សម្ពោធ​អគារ​រដ្ឋ​បាល​នេះ​ នាយកដ្ឋានអ​ភិវឌ្ឍន៍​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ក្នុង​ការ​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​ និង​បន្ត​សហការ​ជា​មួយ​ជំនាញ​អភិវឌ្ឍ​គ្រប់​កង​ឯក​ភាព​ក្នុង​ខ.ភ.ម ​បំពេញ​តាម​តួនាទី​ភារកិច្ច​បាន​កាន់​តែល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ សំដៅ​បង្កើត​សមិទ្ធ​ផ​លស្នាដៃ​ថ្មីៗ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

         សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​ថា​៖ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទោះ​បី​ប្រឈម​នឹង​ការ​រាត​ត្បាត​នៃ​ជម្ងឺ​កូវីដ​១​៩ គ្រោះ​ធម្មជាតិ ​សង្គ្រាម​ពាណិជ្ជ​កម្ម​ ភាព​បត់​ប៉ែន​ និង​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​បំផុតនៃ​សភាព​ការណ៍​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយកិត្តិ​បណ្ឌិត​របស់​​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​បាន​ពុះពារ​គ្រប់​ឧបសគ្គ ​ធ្វើ​ដំណើរ​ទៅ​មុខ​ជានិច្ច​នៅ​លើមាគ៌ា​ដ៏​ត្រឹម​ត្រូវ​ ភាព​អង់​អាច​ និង​បត់​ប៉ែន​តាម​ការ​វិវត្តន៍​សភាព​ការណ៍​ជាតិ​-​អន្តរ​ជាតិ​ សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង ​បង្កើត​បាន​សមិទ្ធ​ផល​ធំៗ​ជា​ប្រវត្តិ​សាស្ត្រ​ជូន​ជាតិ​មាតុ​ភូមិ​។​ ហើយ ​ខ.ភ.ម​ នៅ​តែ​ជា​កម្លាំង​ស្នូល ​ដើម្បី​ធានា​ការពារ​សន្តិភាព ​ឯករាជ្យ​ អធិប​តេយ្យ ​បូរណភាព​ទឹក​ដី​បាន​យ៉ាង​គង់​វង្ស​ ស្ថិត​ស្ថេរ​គ្រប់​កាលៈ​ទេសៈ ​ធ្វើ​ឲ្យប្រជាជន​បាន​រស់​នៅ​សុខ​ដុមរម្យ​នា​លើ​ទឹក​ដី​របស់​ខ្លួន ​និង​មាន​ឱកាស​ពេញ​លេញ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ