ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទស​វៀត​ណាម​ នៅ​រដ្ឋ​ធានី​ហា​ណូយ​
នាយកដ្ឋានព័ត៌មាន(៣)
811
3030 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទស​វៀត​ណាម​ នៅ​រដ្ឋ​ធានី​ហា​ណូយ​

        ក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ជា​មិត្ត​ភាព​ និង​ជា​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​តំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​នាយ​សេនា​ធិការ​ចំរុះ​ ខភម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ​អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​នយោ​បាយ ​និង ​កិច្ចការ​បរទេស​ នាយ​ឧត្តម​សេនីយ័ ​មាស សាវ៉ន អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ព្រម​ទាំង​អគ្គ​នាយក​រង​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស ​និង​ប្រតិភូ​អម​ដំណើរ​ជា​ច្រើនរូប​ទៀត ​បាន​អញ្ជើញ​ទៅដា​ក់​កំរង​ផ្កា​ និង​គោរព​វិញាណ​ក្ខន្ត​ សព ​លោក​ប្រធាន​ ហូ ជីមិញ នៅ​ក្នុង​រដ្ឋ​ធានី​ហា​ណូយ ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​​។

        បន្ទាប់​ពីបា​ន​​អញ្ជើញ​ទៅ​ដាក់​កំរង​ផ្កា​ និង​គោរព​វិញាណ​ក្ខន្ត​សព​លោក​ប្រធាន​ ហូ ជី​មិញ​ រួច​មក​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ចូល​ជួប​ប្រជុំ​​ទ្វេ​ភាគី​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាម វ៉ាន់ហ្សាង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទស​វៀត​ណាម​។

​        ក្នុង​ជំនួប​នោះ ​នាយ​ឧត្តម​សេនីយ៍ ហ្វាម វ៉ាន់ហ្សាង បាន​សំដែង​ការ​ស្វាគមន៍​ និង​បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​រប​ស់​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ បាន​រួម​ចំណែក​រឹត​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព ​ជា​ប្រពៃ​ណី​ យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ ២ ​វៀត​ណាម​ និង​កម្ពុជា​។ នាយ​ឧត្តមសេនីយ៍ ​ហ្វាម វ៉ាន់ហ្សាង បាន​បញ្ជាក់​ថា៖ ឆ្នាំ​២០២២ ​គឺ​ជា​ឆ្នាំ​មិត្តភាព​វៀត​ណាម​-​កម្ពុជា​។ ឯកឧត្តម ​បាន​សំ​ដែង​នូវ​ការ​អបអរសាទរ​ដល់​កម្ពុជា​ ដែល​សំរេច​ជោគ​ជ័យ​ ក្នុងការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នា​ឆ្នាំ​២០២២ ​ព្រម​ទាំង​អនុវត្ត​សម្រេច​បាន​ជោគ​ជ័យ​នូវ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​អាស៊ាន​បូក​ ក្នុង​ឆ្នាំ​២០២២ ​កន្លង​មក​។ ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម ​បាន​សំដែង​នូវ​សង្ឃឹម​ថា​៖​ កម្ពុជា​នឹង​សម្រេច​បាន​ជោគ​ជ័យ​ ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​ លើក​ទី​៣២ ​និង​ អាស៊ាន​ប៉ារ៉ា​ហ្គេម​ ឆ្នាំ ​២០២៣​ នេះ​។ នៅ​ក្នុង​ជំនួប​នោះ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ទាំង​ពី​រ កម្ពុជា ​វៀត​ណាម ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀត​ណាម​ តាម​រយៈ​ការ​លើក​កម្ពស់​ភាព​ជា​ដៃ​គូ​ទូលំ​ទូលាយ ​និង​អនុវត្ត​ផែន​ការ​សហ​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

       ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​សម្ដែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាព​ប្រកប​ដោយ​ផ្លែផ្កា នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ រវាង​កង​ទ័ព ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀត​ណាម​ តាម​រយៈ​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២២​ បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​ការ​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាត​ត្បាត​កូវីដ​-​១៩​។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖ ​បន្ត​ជម្រុញ​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​រីក​ចម្រើន​ស្រប​តាម​ពាក្យ​ស្លោក​ "អ្នកជិតខាងល្អ មិត្តភាព​ ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​គ្រ​ប់ជ្រុង​ជ្រោ​យ និង​ស្ថិរភាព​យូរ​អង្វែង​"​។ បន្ត​ពង្រឹង និង​អភិវឌ្ឍន៍​បន្ថែម​ ទៀត​នូវ​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀត​ណាម,​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​បាន​ស៊ី​ជម្រៅ ​និង​ទូលំ​ទូលាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ដោយ​ចា​ត់ទុក​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​នេះ ​ជា​តម្រូវ​ការ​មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​ទាំង​ពីរ​។​ នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ និង​នាយ​ឧត្តម​សេនីយ៍ ហ្វាម វ៉ាន់ហ្សាង រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រប្រទស​វៀត​ណាម​ បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២៣​ រវាង​កង​ទ័ព​ទាំង​ពីរ​ ​កម្ពុជា-វៀតណាម ហើយ​បន្ទាប់​មក​ទៀត ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧត្តម​សេនីយ៍ ​ហ្វាម វ៉ាន់ហ្សាង ក៏​បាន​ធ្វើ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើ​អនុ​សារណៈ​យោគ​យល់​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​យោធា​ការ​ពារ​ជាតិ ​កង​ទ័ព​ទាំង​ពីរ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ