ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ជូន​ដំណើរ​កង​​កំទេច​គ្រឿង​ផ្ទុះ​លេខ​៩៨ ​ចេញ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​
នាយកដ្ឋានព័ត៌មាន(៣)
621
3032 សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ជូន​ដំណើរ​កង​​កំទេច​គ្រឿង​ផ្ទុះ​លេខ​៩៨ ​ចេញ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​

        នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០២​៣ បាន​រៀប​ចំ​ពិធី​ជូន​ដំណើរ​​កង​កំទេច​គ្រឿង​ផ្ទុះ​លេខ​៩៨​ ចេញ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ ស្ថិត​ក្រោម​អធិបតី​ភាព​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​និង​ឯកឧត្តម ​ចូសិហ្វ ​ស៊ូ​អើ​ (Joseph Scheuer) អ្ន​ក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ ប្រចាំ​កម្ពុជា​។​

         នៅ​ក្នុង​របាយ​ការណ៍​ស្វាគមន៍ ​នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អគ្គនាយក ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព ​បាន​ឲ្យ​ដឹ​ងថា ​រយៈ​ពេល​១៧​ឆ្នាំ​ម​កនេះ ​កម្ពុជា​បាន​ទទួល​ស្នាដៃ​យ៉ាង​ធំ​ធេង​គួរ​ជាទីមោទនៈ ​ក្នុង​ការ​ចាត់​បញ្ជូន​កម្លាំង​ចូល​រួម​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​។​ គិត​ចាប់​ពី​ឆ្នាំ​២០០៦​ រហូត​មក​ដល់​បច្ចុប្បន្ន​ កម្លាំង​កម្ពុ​ជា​សរុប​ចំនួន ​៨,៨៥៩​នាក់​ ក្នុ​ង​នោះ ​ចំនួន ​៦៨១​នាក់ ​បាន​បំពេញ​បេសក​កម្ម​ចំនួន ​១១ ​ក្នុង​ប្រទេស​ចំនួន​៩​ មាន​ជា​អាទិ៍៖​ នៅ​សាធារណ​រដ្ឋ​ស៊ូ​ដង់​ ស៊ូដង់​ខាង​ត្បូង ​ឆាដ​ អាហ្វ្រិក​កណ្ដាល​ លីបង់​ ម៉ាលី ​ស៊ីរី​ សាយ​​ប្រឺស​ និង​យេ​មែន​ លើ​ជំនាញ​បោស​សំអាត​មីន​ វិស្វកម្ម​សំណង់​ផ្តេក​-​បញ្ឈរ​ អាវុធ​ហត្ថ​ មន្ទីរពេទ្យ​កម្រិត​២​ វិស្វកម្ម​ព្រលាន​យន្ត​ហោះ កំ​ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​នាយ​ទាហាន​សេនា​ធិការ​ និង​សង្កេត​ការណ៍​យោធា​។ បច្ចុប្បន្ន ​កម្លាំង​កម្ពុជា​ចំនួន ​៧៨៨​នាក់​ ក្នុង​នោះ​នារី​ចំនួន ​១៣០​នាក់ ​កំពុង​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ចំនួន​៤​ រួម​មាន​ សាធារណ​រដ្ឋ​ស៊ូដង់​ខា​ងត្បូង ​លីបង់​ អាហ្វ្រិ​ក​កណ្ដាល​ និង​ម៉ាលី​។

          កម្លាំង​ដែលនឹ​ង​ចេញ​ដំណើរ​នា​ពេល​នេះ ​មាន​ចំនួន​សរុប​ ៩៨​នាក់ ​ក្នុងនោះ​មា​ន​នារី ​១០​នាក់​ មក​ពី​បណ្តា​កង​ឯកភាព​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដោយ​ទទួល​បាន​ការ​ហ្វឹក​ហ្វឺន​មុន​ចល័ត ​និង​លើ​ជំនាញ​វិជ្ជា​ជីវៈ ​ប្រកប​ដោយ​គុណ​ភាព​ ពី​គ្រូ​បង្គោល​កម្ពុជា​ សាធារណៈរដ្ឋ​បារាំង ​ប្រទេស​អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ជា​មិត្ត ​ដើម្បី​ប្រសិទ្ធ​ភាព​ និង​ប្រសិទ្ធ​ផល​ ដូច​បណ្តា​កង​មុនៗ​ដែរ។​ កង​កម្ទេច​គ្រឿង​ផ្ទុះ​នេះ​ ក៏ជា​ជំនាញ​ថ្មី​ សម្រាប់​បេសក​កម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិ​កកណ្តាល​ ហើយ​នារី​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​កង ​ជា​លើក​ដំបូង ​និង​មាន​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​បារាំង ​និង​អង់​គ្លេស​។​ ​នេះ​ស​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​ពី​សំណាក់​ ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​គណកម្មាធិការ​ ឆ្លើយ​តប​ទៅ​នឹង ​សកម្មភាព​ដើម្បី​សន្តិភាព​បូក​ និង​យុទ្ធសាស្ត្រ​សមភាព​យេន​ឌ័រ​ ឆ្នាំ​២០២៨​ របស់​អង្គការ​សហ​ប្រជា​ជាតិ​។

          ឯកឧត្តម ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា​ ការ​ចេញ​ដំណើរ ​របស់​កង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ​៩៨ ​នា​ថ្ងៃ​នេះ​ បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​តាំង​ចិត្ត​របស់​កម្ពុជា ​ក្នុង​ការ​លើក​តម្កើង​ស្មារតី​ នៃ​ធម្មនុញ្ញ​របស់​អង្គការ​ស​ហប្រជា​ជា​តិ និង​ចូល​រួម​ជា​មួយ​សហគមន៍​ដ៏ពិត​ប្រាកដ​នៃ​ប្រជា​ជាតិ​ រួប​រួម​គ្នា​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ និង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់។​ ហើយ​ការ​ចូល​រួម​រប​ស់​អស់​លោក ​លោក​ស្រី​ បង្ហាញ​ថា​ការ​រួប​រួម​គ្នា​ គឺ​ជា​ចំណង​សាមគ្គី​ដ៏​រឹង​មាំ​ ដែល​មិនមាន​កម្លាំង​ឥទ្ធិពល​ណា​មក​បំ​បែក​បាន​ឡើយ។​ ឯកឧត្តម​ សង្ឃឹ​ម​ថា ​ការ​រួម​សាមគ្គី​នេះ​ នឹង​ដើរ​តួនាទី​ជា​ពន្លឺ​នៃក្តី​សង្ឃឹម​ដល់​មនុស្ស​ដទៃ​ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​ទូទាំង​ពិភព​លោក​ផ​ងដែរ​។​

         ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀប​ចំ​ពិធី​ជូន​ដំណើរ​កង​កម្ទេច​គ្រឿង​ផ្ទុះ​លេខ​៩៨​ ចេញ​បំពេញ​បេសក​កម្ម​អង្គការ​ស​ហ​ប្រជា​ជាតិ​ នៅ​សាធារណ​រដ្ឋ​ អាហ្វ្រិក​កណ្តាល​នាពេល​នេះ ​គឺ​ជា​លើក​ដំបូង​បន្ទាប់​ពី​អាក់​ខាន​ចាប់​តាំង​ពី​ឆ្នាំ​២០២០​ម​ក ដោយ​សារវិបត្តិ​ជំងឺ​កូវីដ​-១៩​ ជា​សកល​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​មជ្ឈមណ្ឌល​ជាតិ​ បាន​រៀប​ចំ​ពិធី​ជូន​ទទួល​ដំណើរ​កង​កម្លាំង​រក្សា​សន្តិភាព​ជា​លក្ខណៈ​ផ្ទៃក្នុង​ ​ជា​បន្ត​បន្ទាប់​ តាម​វិធាន​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​។​

         ក្នុង​នាម​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ,​ សម្ដេច​ពិជ័យ​សេនា​ បាន​សម្ដែង​ការ​កោត​សរសើ​រ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​គណៈកម្មាធិការ​ជាតិ​ មជ្ឈមណ្ឌល​ជាតិ ​ក្រសួង​ ស្ថាប័ន​ និ​ងក្រុមការ​ងារ​ពាក់​ព័ន្ធ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​ការ​ងា​រវិស័យ​រក្សា​សន្តិភាព​ សម្រេច​បាន​សមិទ្ធផល​ ផ្លែ​ផ្កា​ជា​បន្ត​បន្ទាប់​គួរ​ជាទីមោទនៈ​ ជូន​ជាតិ​មាតុ​ភូមិ ​និង​ប្រជាជន​នៃ​យើង ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​រក្សា​សន្តិភាព​។​ សម្ដេ​ចពិជ័យ​សេនា​ បាន​គូស​បញ្ជាក់​ថា​ រា​ជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​ជម្រុញ​បង្កើន​ការ​ប្រើ​ប្រាស់​កម្លាំង​ជា​នារី ​"យេនឌ័រ”​ សម្រាប់​ធានា​និរន្តភាព​ នៃ​កា​រចូល​រួម​បំពេ​ញបេសក​កម្ម​រក្សា​សន្តិភាព​យូរ​អង្វែង​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​ក្នុង​វិស័យ​មួយ​ចំនួន ​ដែល​កម្ពុជា​មា​ន​លទ្ធភាព​ចូល​រួម ​ព្រម​ទាំង​ខិត​ខំ​ធ្វើ​ការ​ កែ​លម្អ​លើ​ការងារ​គ្រប់​គ្រង​ ការ​ពង្រឹង​ធន​ធាន​មនុស្ស ​ពិសេស​ការ​បង្កើន​ចំនួន​ចូល​រួម​ជា​ស្ត្រី​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ទស្សនៈ​យេនឌ័រ​ បញ្ចូល​គ្នា​នៅ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ របស់​អង្គការ​សហប្រជា​ជាតិ​​។

         រាជ​រដ្ឋាភិបាល ​និង​ខិត​ខំ​បន្ត​អភិវឌ្ឍន៍​មធ្យោបាយ ​និង​ធន​ធាន​ចាំ​បាច់​មួយ​ចំនួន ​សម្រាប់​បំពាក់​ ជូន​ដល់​កង​កម្លាំង​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​អនុវត្តន៍​ភារកិច្ច​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ តាម​រយៈ​ការ​ងារ​ដឹក​នាំ​ កំណត់​គោល​នយោបាយ ​និង​ការ​លើក​កម្ពស់​ហ្វឹក​ហ្វឺន​ ពង្រឹង​សមត្ថ​ភាព​ជំនាញ​លើ​គ្រប់​វិស័យ​ដល់​កង​កម្លាំង ​និង​បាន​បង្ហាញ​ជំហរ​គាំទ្រ​នូវ​ចក្ខុ​វិស័យ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​ទស្សនា​ទាន​សម្រា​ប់​របៀប​វារៈកា​រ​អភិវឌ្ឍ ​ប្រកប​ដោយ​ចេរភាព ៕