នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាញការពារព្រំដែនជំនាន់ទី៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន បន្ទាយលង្វែក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ បានបញ្ជាក់ថា វគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាញការពារព្រំដែនជំនាន់ទី៨ ដែលរៀបចំពិធីបិទវគ្គនៅពេលនេះ មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ៩០ នាក់ មានរយៈពេលហ្វឹកហ្វឺនសរុប ៣ ខែ លើមុខវិជ្ជាព្រំដែន និងច្បាប់ពាក់ព័ន្ធនានា ដែលរួមមាន៖ ច្បាប់ទំនាក់ទំនងអន្តរជាតិ, ច្បាប់អន្តោប្រវេសន៍, ច្បាប់អន្តរជាតិអំពីដែនសមុទ្រ, ច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ, ច្បាប់ជម្លោះប្រដាប់អាវុធ, ច្បាប់មនុស្សធម៌អន្តរជាតិ, មុខវិជ្ជាជំនាញព្រំដែន, មុខវិជ្ជាស៊ើបការព្រំដែន, មុខវិជ្ជាច្រកទ្វារព្រំដែន, មុខវិជ្ជាយោធា និងជំនាញពាក់ព័ន្ធ ដែលរួមមានលំហាត់របៀប, មុខវិជ្ជាឋានលេខា, ការងារសេនាធិការ, មុខវិជ្ជាយុទ្ធវិធី, អប់រំចិត្តសាស្ត្រ និងការងាររដ្ឋបាល និងលិខិតស្នាម។ ក្រោយការវាយតម្លៃលទ្ធផលបញ្ចប់វគ្គសិក្ខាកាមទាំង ៩០នាក់ ទទួលបានលទ្ធផល និទ្ទេសល្អណាស់ ៣២នាក់ និទ្ទេសល្អ ៣២នាក់ និងនិទ្ទេសល្អបង្គួរ ២៦នាក់។
មានមតិក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា ដែលគ្របដណ្ដប់ដោយសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងបានលើស្ថានភាពជំងឺកូវីដ-១៩ និងឈានទៅស្ដារសេដ្ឋកិច្ចជាតិឡើងវិញជាបណ្តើរៗ ធានាបានល្អជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយឡែកលើការងារហ្វឹកហ្វឺន ឯកឧត្តម ឥត សារ៉ាត់ បានកោតសរសើរដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលបានសហការល្អជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ទីចាត់ការហ្វឹកហ្វឺន និងស្ថាប័នពាក់ព័ន្ធ ក្នុងការកែលម្អកម្មវិធីសិក្សា ខ្លឹមសារមេរៀន សម្ភារៈឧបទេស និងបានដំណើរការដោយជោគជ័យតាមផែនការកំណត់ លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញការពារព្រំដែនដល់កងយោធពលខេមរភូមិន្ទយើង។ ឯកឧត្តម ឥត សារ៉ាត់ បានកោតសរសើរផងដែរដល់យោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំបង្ហាត់បង្រៀនតាមមុខជំនាញ និងទទួលបាននិទ្ទេសល្អ ឆ្លើយតបបានតាមសំណូមពរ ដែលជាកត្តាអទិភាពដល់កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ លើការកសាងធនធានមនុស្ស។ ឯកឧត្តម បានបញ្ជាក់ ថា«ការងារហ្វឹកហ្វឺនមានតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញ ក្នុងនោះកិច្ចការពារព្រំដែនទាមទារប្រមូលផ្តុំប្រភពធនធានមនុស្សប្រកបដោយគុណភាព មានឆន្ទៈ មនសិការស្នេហាជាតិ មានលក្ខណៈសម្បត្តិល្អ ស្គាល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ភាសានិងការងារបរទេស យល់ដឹងផ្នែកច្បាប់ ផែនទី និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ព្រំដែន»។
ឯកឧត្តម ឥត សារ៉ាត់ ក៍បានផ្ដាំផ្ញើដល់សិក្ខាកាមទើបតែបញ្ចប់វគ្គ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា ទៅជាការអនុវត្តជាក់ស្ដែងនៅអង្គភាព និងផ្តាំផ្ញើដល់សិក្ខាកាមបំប៉នជំនាញការពារព្រំដែនជំនាន់ទី៨ ដែលត្រូវបញ្ចប់វគ្គនៅពេលនេះ ពេលវិលទៅកាន់កងឯកភាពខ្លួនវិញ ត្រូវគោរព និងប្រកាន់ភ្ជាប់នៅវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា មហាក្សត្រ ពិសេសស្មោះត្រង់ និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតដោយឆន្ទៈរាស្ត្រ។ ជាមួយនឹងកម្មវិធីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៅកាន់នាយទាហាន ដែលជាសិក្ខាកាមក្នុងវគ្គបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី ៨ ថា នេះគឺជាមោទនភាពរបស់ជាតិ និងកងយោធពលខេមរភូមិន្ទ ដែលមានយោធិនជំនាញកិច្ចការពារព្រំដែន ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បន្តវេនបម្រើឲ្យវិស័យការពារជាតិ ទឹកដីកម្ពុជា ពីព្រោះថា កងទ័ពគឺជាធនធានមនុស្ស ដែលប្រកបដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់ ការពារអធិបតេយ្យ បូរណៈភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួន បូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ៕