ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​ប្រធាន​ស្នង​ការ​ហ្វឹក​ហ្វឺន​កង​ទ័ព​ប្រជាជន​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
464
3035 នាយ​ឧត្ត​ម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​ប្រធាន​ស្នង​ការ​ហ្វឹក​ហ្វឺន​កង​ទ័ព​ប្រជាជន​វៀត​ណាម​

       នាយ​ឧត្តម​សេនីយ៍​ ឃឹម ប៊ុនសុង រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អនុញាតិ​ឲ្យ​ ឧត្តម​សេនីយ៍​ត្រី​ ប៊ូយ ហុងក្វាង អនុ​ប្រធាន​ស្នងការ​ហ្វឹក​ហ្វឺន​ នៃ​អគ្គសេនា​ធិការ​ កង​ទ័​ពប្រជា​ជន​ ​វៀត​ណាម ​ចូល​ជួប​សម្ដែ​ងការ​គួរ​សម​ នា​រសៀល​ថ្ងៃទី០១​ ខែ​មីនា ​ឆ្នាំ​២០២៣​។​

       ឧត្ដម​សេនីយ៍​ត្រី ប៊ូយ ហុងក្វាង បានមាន​ប្រសាសន៍​ថា ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពី​រ កម្ពុជា​-​វៀត​ណាម​ និង​មតិ​នាយ​ឧត្ត​ម​សេនីយ៍ ​ឃឹម ប៊ុនសុង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀត​ណាម​កន្លង​ទៅ​នេះ ​បាន​ធ្វើ​ឲ្យ​គណៈ​ប្រតិភូ ស្នង​ការ​ហ្វឹក​ហ្វឺន​ និង​បណ្តា​អង្គភាព​មួយចំនួន​ទៀត ​នៃ​កង​ទ័​ពប្រជាជន​វៀត​ណាម​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ។​ លោក​អនុ​ប្រធាន​ស្នង​ការ​ហ្វឹក​ហ្វឺ​ន ​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​របស់​ នាយ​ឧត្តម​សេនីយ៍ ​ឃឹម ប៊ុនសុង និង​បាន​ជម្រាប​រាយ​ការណ៍​អំពី​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​ទ្វេភាគី​របស់​គណៈ​ប្រតិភូ ​ស្នង​ការ​ហ្វឹក​ហ្វឺន​ កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ ជា​មួយ​និង ​ឧត្តម​សេនីយ៍​ឯ​ក តែម ម៉ឺន នាយក ​មជ្ឈមណ្ឌល​កីឡា ​ខ.ភ.ម​ នាថ្ងៃទី​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​។ លោក​បាន​បញ្ជាក់​ថា​ ពេល​វិល​ត្រឡប់​ទៅ​វិញ ​នឹង​ធ្វើ​របាយ​ការណ៍​ជា​បន្ទាន់​មួយ​រាយ​ការណ៍​ជូន​ទៅ​អគ្គ​សេនា​ធិការ ​និង​ក្រសួងកា​រពារ​ប្រទេស​វៀត​ណាម​ ស្តី​អំ​ពី​តម្រូ​វ​ការ​ចាំ​បាច់​នា​នា​របស់ ​ខ.ភ.ម ​ជុំវិញ​ការ​ពង្រឹង​លើ​វិស័យ​កីឡា ​ហើយ​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ កម្ពុជា​នឹង​ទទួល​បា​នជោគ​ជ័យ​ថ្មី​ជា​បន្ត​ទៀត ​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ លើក​ទី​៣២​ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។​

        នាយ​ឧត្តម​សេនីយ៍​ ឃឹម ប៊ុនសុង សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​កងទ័ព​ប្រជាជន​វៀត​ណាម ​ដឹក​នាំ​ដោយ​ ឧត្តម​សេនីយ៍​ត្រី ប៊ួយ ហុងក្វាង អនុប្រធាន​ស្នង​ការ​ហ្វឹក​ហ្វឺន​ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា ​តាម​ការ​អញ្ជើញ​របស់​មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពលខេម​រ​ភូមិន្ទ​។ ឯកឧត្តម​ បាន​ថ្លែងការ​កោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​កិច្ចប្រជុំ​ទ្វេភាគី ​និង​ចុះ​ពិនិត្យ​ទី​តាំង​មជ្ឈមណ្ឌល​ កីឡា​កង​យោធ​ពលខេមរ​ភូមិន្ទ​ កាល​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ និងការ​ទស្សនា​វិមាន​ ឈ្នះឈ្នះ ​គណៈ​ប្រតិភូ​កង​ទ័ពប្រជាជន​វៀត​ណាម​ នឹង​បាន​យល់​ជ្រួត​ជ្រាប​កាន់​តែ​ច្បាស់​នូវ​តម្លៃ​សន្តិភាព ​តាម​រយៈ​ការ​ដាក់​ចេញ​នយោ​បាយឈ្នះ​ ឈ្នះ ​របស់​សម្តេច​អគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ឯកភាពជាតិ​ពេញ​លេញ​ទូទាំង​ប្រទេស។​ សមិទ្ធផ​ល​នេះ ​ក៏មិន​អាច​បំភ្លេច​បាន​ពី​ការ​ចូល​រួម​ចំ​ណែក​របស់​កង​ទ័ពប្រជា​ជន​វៀត​ណាម​ ដែល​បាន​ជួយ​គាំទ្រ​ដល់​កង​យោធ​ពលខេម​រ​ភូមិន្ទ​ផង​ដែរ​។

        នៅក្នុង​ឱកាស​នេះ ​ឯកឧត្តម​ ពាំ​នាំ​នូវ​ប្រសាសន៍​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជូន​ចំពោះ​ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍​ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ព្រម​ទាំង​នាយ​ទាហាន ​និង​ពល​ទាហាន​កង​ទ័ព​ប្រជាជន​វៀតណាម​ផង​ដែរ​។

       ក្នុ​ង​នាម​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឯកឧត្តម ​ឃឹម ប៊ុនសុង បាន​ថ្លែង​អំណរ​គុណចំពោះ​រ​ដ្ឋាភិបាល កងទ័​ព​ និង​ប្រជាជន​វៀត​ណាម​ ដែល​ជា​និច្ច​កាល​តែង​តែ​ជួយ​គាំទ្រ​ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​រៀប​ចំ​ និង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ អន្តរ​ជាតិ​ ដែល​រៀបចំ​ដោយ​រាជ​រដ្ឋាភិបាល ​និង​ក្រសួងការពារ​ជាតិ​កម្ពុ​ជា​។ សង្ឃឹមថា ​កង​ទ័​ពប្រជាជ​ន​វៀត​ណាម​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ពិសេស​នៅ​លើ​វិស័យ​កីឡា​កម្ពុជា​ឲ្យរឹងមាំ ​និង​រីកចម្រើ​នឡើង​ថែម​ទៀត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ