នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារយេនឌ័រ អគ្គយោធសេវា ក្រសួងការពារជាតិ បានប្រារព្ធ ពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគ្គសម័យឌីជីថល” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។
ក្នុងឱកាសនោះ បន្ទាប់ពីលោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ឡើងអានព្រះរាជសារ សម្តេចព្រះមហាក្សត្រីនរោត្តម មុនី នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងលោកជំទាវ ឧត្តមសេនយ៍ត្រី អោម សុដានី នាយករង នាយកដ្ឋានព័ត៌មាន ឡើងអានសេចក្តីសំរេចស្តីពីការបង្កើតក្រុមការងារយេនឌ័រ និងអានរបាយការណ៍លទ្ធផលការងារ ដែលក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា បានអនុវត្តរួចកន្លងមក ថ្លែងក្នុងពីធីសំណេះសំណាលជាមួយបងប្អូនយោធិន នារីអគ្គនាយកដ្ឋានយោធសេវា ឯ.ឧ មាស សាវ៉ន បានថ្លែងការកោតសរសើរដល់ការខិតខំ ប្រឹងប្រែង របស់សមាជិកសមាជិកា នៃក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាទាំងអស់ ដែលខិតខំបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានយោធសេវាយើងនាពេលកន្លងមក សម្រេចបានលទ្ធផល និងស្នាដៃគួរជាទីមោទនៈ ទោះបីក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាយើង ទើបនឹងរៀបចំថ្មី ក៏ប៉ុន្តែ មានការខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ អនុវត្តការងារនារី និងយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្រ បញ្ជ្រាប យេនឌ័ររបស់ក្រសួងការពារជាតិ ដែលបានដាក់ចេញ។ ឯកឧត្តម ក៏បានលើកគំរូវីរៈភាព និងទទួលបានការកោតសរសើរពីសំណាក់ថ្នា្កក់ដឹកនាំអង្កការសហសប្រជាជាតិលើការអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវ និងគោរពវិន័យបានល្អ។ ក្នុងនោះវិស័យកីឡាលើឆាកអន្តរជាតិយោធិននារីក៏សម្រេចបានស្នាដៃ និងលទ្ធផលជោគជ័យជាបន្តបន្ទាប់។ សកលលោក រួមទាំងអង្គការសហប្រជាជាតិបានកោតសរសើរ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្រ្តីជាយោធិននារីឱ្យកាន់តែច្រើន ដែលជាការលើកកម្ពស់សមត្ថភាព និងកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកិត្យានុភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
ឯ.ឧ អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទោះបីត្រូវទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក និងទូទាំងប្រទេសក៏ដោយ ក៏សម្តេចនៅតែផ្តោតការយកចិត្តទុកដាក់លើកម្ពស់សមភាពយេនឌ័រ នៅក្នុងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ជាច្រើន ដើមី្បសមភាពយេនឌ័រសំដៅលើកកម្ពស់ស្ថានភាពសិទ្ធិឋានៈ និងតួនារីរបស់ស្ត្រីឱ្យកាន់តែមានភាពល្អប្រសើរឡើងប្រកបដោយសមធម៌ និងគាំទ្រឱ្យសម្រេចបាននូវសមភាពពិតប្រាកដ រវាងបុរស និងស្ត្រីទៀតផង។ ជាចុងក្រោយ ឯ.ឧ ក៏បានផ្តាំផ្ញើរដល់យោធិននារីក្នុងអគ្គនាយកដ្ឋានយោធសេវា ទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពឱ្យបានម៉ត់ចត់នូវវិន័យ និងបទបញ្ជារបស់កងទ័ពប្រកបដោយសក្តានុពល ដើមី្បសមាហរណកម្មខ្លួនចូលក្នុងភារកិច្ចការពារជាតិ ស្របតាមការរីកចម្រើនលើវិទ្យាសាស្ត្របច្ចេកវិទ្យា ក្នុងពេលបច្ចុប្បន្ន និងកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយសមភាព ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានល្អ និងគង់វង្ស ៕