អបអរសាទរខួបលើកទី ១១២ ទិវានារីអន្តរជាតិ ៨ មីនា ក្រសួងការពារជាតិក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល” ក្រសួងការពារជាតិ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៣ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១២ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ឯកឧត្តម ជារដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ, អគ្គនាយក អគ្គនាយកដ្ឋាន ព្រមទាំងយុទ្ធនារី ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេវរកម្ម និងនារីរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានចូលរួមជាច្រើន។
ពិធីរំលឹកខួបលើកទី ១១២ ទិវានារីអន្តរជាតិ ៨ មីនានៅឆ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណង រំលឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់នារីទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាពជំរុញការលើកកំពស់ស្ថានភាពជីវភាព តំលៃឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីដែលជាការរួមចំណែក ក្នុងការលើកកំពស់សមភាពយេនឌ័រនៅកម្ពុជា។ ដោយឡែក ក្នុងខ.ភ.ម មាននារីរាប់ពាន់នាក់បានស្ម័គ្រចិត្តចូលបំរើកងទ័ពនៅគ្រប់កងឯកភាពជំនាញបច្ចេកទេស សុខាភិបាល ក៏ដូចជាទ័ពប្រយុទ្ធដែរ ហើយបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តប្រាជ្ញា ស្មារតី ប្រកបដោយអំណត់ព្យាយាម ពុះពារ ការលំបាក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាព ដែនដី និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងជាពិសេសបានចេញទៅបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ដោយបានទទួលលទ្ធផល និងស្នាដៃយ៉ាងប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការអនុវត្តន៍កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អ។
កន្លងមកដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, អគ្គបញ្ជាការ នៃខ.ភ.ម ព្រមទាំងមេបញ្ជាការគ្រប់កងឯកភាព អំពីយេនឌ័រក្នុងខ.ភ.ម លើកកំពស់ការយល់ដឹងអំពីទស្សនៈ យេនឌ័រ និងមានការគាំទ្រកាន់តែខ្លាំងដល់ការបញ្ជា្របយេនឌ័រកាត់បន្ថយការរើសអើងគ្រប់រូបភាព ហើយបានចាត់ទុកនារីជាការងារស្នូលរបស់អង្គភាពផងដែរធ្វើឲ្យស្ថានភាពស្ត្រីក្នុងខ.ភ.មកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនោះមាននារី ខ.ភ.ម មានឱកាសទទួលបានឋានៈជាឧត្តមសេនីយ៍ និងមានកាន់តួនាទីសំខាន់ៗក្នុងកងឯកភាពរបស់ខ្លួនជាច្រើនរូបទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៏ថា៖ បច្ចុប្បន្ននេះស្ត្រីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងវិស័យនយោបាយ តុលាការ និងជាអ្នកដឹកនាំ ក្នុងវិស័យ ឯកជន ហើយបានទទួលការគាំទ្រយ៉ាងពេញលេញ និងការផ្ដល់តំលៃដល់ស្រ្តីខ្មែរ ពីព្រះមហាក្សត្រ ព្រឹទ្ធិសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ សម្តេចបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតខំយ៉ាងខ្លាំងក្លា ដើម្បីកែប្រែឥរិយាបថណាដែលរារាំងសិទ្ធិសមភាព រវាងបុរស និងស្រ្តីតាមរយៈការដាក់ចេញនូវវិធានការនានា ដូចជាបង្កើនសមមាត្រ នៃការចូលរួមរបស់ស្ត្រីក្នុងស្ថាប័នជាតិ ពង្រឹងតួនាទីស្រ្តីក្នុងមុខងារ នយោបាយចូលរួមក្នុងរដ្ឋបាលសាធារណៈ ពង្រឹងការឈរឈ្មោះតាមបណ្តាភូមិ ឃុំ សង្កាត់ទូទាំង ប្រទេស។ សម្តេច ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការកោតសរសើរចំពោះយុទ្ធនារីគ្រប់រូប ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចប្រកបដោយឆន្ទៈមុះមុតព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព ការពារបូរណភាពដែនដី ការអភិវឌ្ឍ និងសេចក្ដីសុខក្សេមក្សាន្ដ របស់ប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការគោរព នឹងដឹងគុណស្ត្រីទូទាំងប្រទេសដែលបាន លះបង់ប្តី សី កូនចៅ និងសាច់ញាតិចូលបំរើក្នុងជួរកងទ័ព។ ទាក់ទងទៅនឹងប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល” សម្តេច បានកត់ សំគាល់អំពីប្រសិទ្ធភាព នៃការអប់រំចំណេះដឹង សីលធម៌ និងគុណធម៌ សំរាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍស្រ្តី គឺចំពោះមុខទាមទារឲ្យស្ត្រីយើងខិតខំលើកកំពស់សមត្ថភាពរបស់ខ្លួនដើម្បីសមភាព ការងារជាមួយបុរស។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្ដាំផ្ញើដល់នារីខ.ភ.ម ត្រូវបន្តចូលរួមចំណែកក្នុងកិច្ចការពារជាតិមាតុភូមិ ហើយបានផ្ដាំផ្ញើដល់ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវចិត្តទុកដាក់ផ្ដល់ឱកាស និងបទពិសោធន៍ការងារដល់នារី ត្រូវសហការជាមួយកំលាំងសមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស ពិសេស ស្រ្តី និងកុមារ ទប់ស្កាត់រាល់អំពើហិង្សា ការរើសអើងក្នុងគ្រួសារ ៕