ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បើក​ការ​ដ្ឋាន​ប្រតិបត្តិ​ការ​បោស​សម្អាត​មីន​ និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ ក្រោម​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង ​របស់​រដ្ឋាភិបាល​ចិន​ នៅ​ស្រុក​ស្វាយ​លើ ​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
390
3041 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បើក​ការ​ដ្ឋាន​ប្រតិបត្តិ​ការ​បោស​សម្អាត​មីន​ និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ ក្រោម​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង ​របស់​រដ្ឋាភិបាល​ចិន​ នៅ​ស្រុក​ស្វាយ​លើ ​ខេត្ត​សៀម​រាប​

       ប្រទេស​ចិន​បា​នផ្តល់​ថវិកា​ជាង​ ៤​លាន ​ដុល្លា​អាមេរិក ​សម្រាប់​គម្រោង​ជំនួយ​លុប​បំបាត់​ គ្រាប់​មីន​នៅ​កម្ពុជា​ឆ្នាំ​២០២៣​ នៅ​ខេត្តចំនួន ​៣ ​របស់​កម្ពុជា​ ដែល​មាន​ផ្ទៃ​ដី​គ្រប់​ដណ្តប់​ទៅ​ដោយ​គ្រាប់​មិន​ផ្ទុះ ​និង​សំណល់​យុទ្ធ​ភ័ណ្ឌ​សង្គ្រា​ម ចំនួន ​៣៩៤.៩៤៣​ ម៉ែត្រ​ក្រឡា ​ស្ថិត​នៅ​ភូមិ ​ទ័ព​ជ័យ​ ឃុំ​បេង​មាលា ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​។

        នៅ​ព្រឹក​ថ្ងៃ​ទី​​០៩​ ខែ​មីនា ​ឆ្នាំ​២០២៣​ ពិធី​បើក​ការ​ដ្ឋាន​ ប្រតិបត្តិការ​បោស​សម្អាត​មីន​ និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ ក្រោម​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ របស់​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ ​សម្រាប់ ​(គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​)​ ឆ្នាំ​២០២៣ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ និង​ជា​តំណាង ​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ឯកឧត្តម​ វ៉ាង​ វិន​ធាន​ (WANG Wentian)​ ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។​

         ក្នុង​កិច្ច​ស្វាគមន៍​ ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀម​​រាប​ បាន​ឲ្យ​ដឹងថា​ ពី​ចាប់​ពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ពេល​បច្ចុប្បន្ន ​ការ​ងារ​បោស​សម្អាត​មីន​ និង​យុទ្ធ​ភណ្ឌ​សង្រ្គាម​ របស់​អង្គភាព​ប្រតិបត្តិករ​ បាន ​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្ត​មាន៖​ ​ស៊ី​ម៉ាក់​ ហេឡូ​ត្រាស់​ (CMAC, Halo Trust) និង​អង្គការ​ដោះ​មីន​កម្ពុជា​ បាន​ធ្វើ​ការ​បោស​សម្អាត​ចម្ការមីន​លើ​ផ្ទៃដី​​សរុបជាង​ ៨.៨០០​ហិក​តា ​ដោយ​រក​ឃើញ​មីន​ថ្មើជើង ​ចំនួន​ជាង ​២​ម៉ឺន​គ្រាប់​ មីន​តោន ​ចំនួន ​៧២៧​គ្រាប់​ សំណល់​ជាតិ​ផ្ទុះពី​សង្រ្គាម​គ្រប់​ប្រភេទ​ជាង​១១​ម៉ឺន​គ្រាប់​គ្រាប់​។ ក្នុង​នោះអ្នក​ទទួល​ផ​ល​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល ​សរុប​ចំនួន​ជាង ​៥៣​ម៉ឺន​នាក់​។ ឯកឧត្តម​បន្ត​ថា​៖ ជា​មួយ​នោះយើង​បាន​ធ្វើការ​បោស​សម្អាត​បញ្ចប់​ទាំង​ស្រុង ​ក្នុង​ក្រុង​សៀមរាប ​និង​ស្រុក​ក្រឡាញ់ ​ហើយ​បាន​ធ្វើ​ពិធី​ប្រកាសជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃទី១៦​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។ ​ដោយ​ទ្បែក​សម្រាប់​ផែនការ​ឆ្នាំ​២០២៣ ​ពី​ថ្ងៃទី​០១ ​ខែ​មីនា ​ឆ្នាំ​២០២៣ ​អង្គភាព ​CMAC ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​បោស​សម្អាត​តំបន់​ចម្ការ​មីន​ និង​យុទ្ធ​ភណ្ឌ​សង្គ្រា​ម នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​មួយ​ចំនួន ​ក្នុង​ខេត្ត​សៀម​រាប។ ទន្ទឹម​នឹង​នោះ ​តាមរយៈ​យន្ត​ការ​សកម្ម​ភាព​កម្ចាត់​មីន​ និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​រដ្ឋបាល​ខេត្ត ​បាន​និង​កំពុង​បន្ត​ធ្វើ​ការ​បោស​សម្អាត ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ ដោយ​សហការ​ជា​មួយ​ក្រុម​ការងារ​ផែន​ការ​សកម្មភាពមីន​ អាជ្ញាធរ​មូល​ដ្ឋាន​ អង្គភាព​ពាក់​ព័ន្ធ​ជា​បន្ត​បន្ទាប់​។

         តាម​សេចក្តី​រាយ​ការណ៍​របស់​ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(ស៊ីម៉ាក)​បាន​ឲ្យ​ដឹង​ថា៖​ ប្រទេស​ចិន​បាន​សម្រេច​ផ្តល់​ហិរញ្ញប្ប​ទាន​ឥត​សំណង ​ជំហាន​ដំបូង​នូវ​ថវិកា​ចំនួន ​៤.៤​លាន​ ដុល្លា​សហរដ្ឋ​អាម៉េរិក ​ក្រោម ​"គម្រោង​ជំនួយ​ចិ​​នលុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា”​ សម្រាប់​គាំទ្រ​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​មីន​ របស់​អង្គភាព ​CMAC ​ក្នុង​ឆ្នាំ​២០២៣​ នៅ​ក្នុង​ខេត្ត​ចំនួន ​៣ ​របស់​កម្ពុជា​ មាន​ខេត្ត​សៀមរាប ​ខេត្ត​កំពង់​ធំ​ និង​ខេត្ត​ព្រះ​វិហារ​។​ ជំនួយនេះជា​ឆ្នាំទី១ ​នៃ​គម្រោង​កម្ម​វិធី​មាន​រយៈ​ពេល​៣​ឆ្នាំ ​(២០២៣-២០២៥) ដែល​មាន​ថវិកា​សរុប​ចំនួន ​១៣.២​លាន​ដុល្លា​រ​អាមេរិក​។

         ឯកឧត្តម ​WANG Wentian បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​ ដែល​រ​ងផល​ប៉ះពា​ល់យ៉ាង​ធ្ង​ន់​ធ្ង​របំផុត​ដោយ​គ្រាប់​មីន​នៅ​លើ​ពិភ​ព​លោក​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​ មក​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​គាំទ្រ​សកម្មភាព​មនុស្ស​ធម៌​របស់​កម្ពុជា ​ក្នុ​ង​ការ​កំចាត់​បោស​សម្អាត​មីន​ ក្នុង​ខេត្ត​ចំនួន​៨ ​មាន​៖ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមាន​ជ័យ​ ស្ទឹង​ត្រែង កំពង់​ឆ្នាំ​ ក្រចេះ និងខេត្ត​ស្វាយ​រៀង​ ដោយ​បាន​រំដោះ​ផ្ទៃដី​ ដែល​មាន​មីន​ និង​យុទ្ឋភណ្ឌ​មិន​ទាន់​ផ្ទុះជិ​ត ៩៣ គីឡូ​ម៉ែត្រ​ក្រឡា ​រក​ឃើញ និង​បំផ្លាញ​គ្រាប់​មីន​ និង​យុទ្ឋ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​៧​ម៉ឺន​គ្រាប់​។ ឯកឧត្តម​បន្ថែម​ថា៖​ កាល​ពី​ថ្មីៗ​នេះ ​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​។ ក្នុង​ឱកាស​នោះ​ភាគី​ទាំង​ពីរ​បាន​ប្រកាស​សេចក្តី​ថ្លែង​ការ​រួម​ស្តី​ពី​កា​រកសាង​សហគមន៍​វាស​រួម​ ចិន​-​កម្ពុជា​ក្នុង​យុគ​សម័យ​ថ្មី ​ហើយ​បាន​ឯកភាព​បង្កើត​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​សង្គម​កិច្ច​ ដោយ​មាន​វិស័យ អាទិភាព​ចំនួន​៦ ​រួម​មាន​ កិច្ច​សហប្រតិបត្តិការ​នយោបាយ ​គុណ​ភាព និង ​សម​ត្ថភាព​ផលិត​កម្ម ​កសិកម្ម​ សន្តិ​សុខ ​ថាមពល​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន ​ក្នុង​នោះ​វិស័យ​សន្តិសុខ ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ដើម្បី​បោស​សំអាត​មីន​សម្រេច​តាម​គោល​ដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​

         ក្នុង​នាម​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ បាន​សម្តែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ដែល​ជា​និច្ចកាល​តែង​តែ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​គាំទ្រ​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​ជំនួយ​មនុស្ស​ធម៌​ ជា​អាទិ៍ការ​ផ្តល់​ជំនួយ​​វ៉ាក់សាំង​ការ​ពារ​ជម្ងឺ​កូវីដ-១៩​ ការ​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស​វិស័យ​រក្សា​សន្តិភាព​សម្រាប់​ចូល​រួម​បេសក​កម្ម​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ​ និង​បោស​សំអាត​មីន​ស្រប​តាម​ចក្ខុវិស័យ​ផែន​ការ​យុទ្ឋសាស្ត្រ​សកម្មភាព​មីន ​កម្ពុជា​គ្មា​នមីន​ឆ្នាំ​២០២៥​។ សម្តេច​មាន​ប្រសាសន៍​ថា៖​ សកម្មភាព​បោស​សម្អាត​មីន​ កម្ពុជា​ បាន​ចាប់​ផ្តើម​នៅឆ្នាំ​១៩៩២​។​ ឆ្នាំ​១៩៩៧​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ និង​បាន​ក្លាយ​ជា​រដ្ឋភាគី នៃ​អនុសញ្ញា ​អន្តរជាតិ​ស្តី​ពី​ការ​ហាម​ការ​ប្រើ​ប្រាស់​ ការ​រក្សា​ទុក​ ការ​ផលិត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​។ នៅ​ឆ្នាំ​១៩៩៨​ ក្រោ​មការ​ដឹក​នាំ​ប្រកប ​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ ជា​បិតា​សន្តិភាព​ ជា​មគ្គុទេស​ក៍​ឯក ​និង​ជា​ប្រតិបត្តិករ​នយោ​បាយ​ឈ្នះ ​ឈ្នះ ​បាន​នាំ​មក​នូវ​ជោគ​ជ័យ ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​សម្រាប់​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ជាង​៥០០​ឆ្នាំ​។ សម្តេច​ពិជ័​យ​សេនា ​ទៀ បាញ់ កម្ពុជា​បាន​ឆ្លង​កាត់​ភ្លើង​សង្គ្រាម​ជាច្រើន​ទសវត្ស​។ ភ្លើង​សង្គ្រា​ម បាន​បន្សល់​ទុក​នូវ​គ្រាប់​មីន​ គ្រាប់​បែក​ចង្កោម ​និង​សំណល់​ជាតិ​ផ្ទុះ ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ពាស​ពេញ​ផ្ទៃ​ប្រទេស ​ដែល​បាន​ បណ្តាល​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​រាប់​ម៉ឺន​នាក់​ ខ្លះ​រង​របួស ​ខ្លះធ្លាក់​ខ្លួន​ពិការ​ និង​ខ្លះ​ទៀត​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ ព្រ​មទាំង​បាន​បង្ក​នូវ​សោក​នាដកម្ម​ដ៏​សែន​ឈឺ​ចាប់​បំផុត ​ដែល​មិន​ធ្លាប់​កើត​មា​ន​ពីមុន ​និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ បើ​ទោះបី​កម្ពុជា​យើង​បាន​ជួបប្រទះ​នូវ​ទុក្ខ​សោក ​ដោយ​សារ​បញ្ហា​គ្រាប់​មីន​ ដែល​បាន​បន្ស​ល់​ទុក​ពី​ភ្លើង​សង្គ្រា​មក៏​ដោយ​ តែ​ក្រោម​ការ​ដឹកនាំ ប្រកប​ដោយ​កិត្តិបណ្ឌិត ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​និង​ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​បណ្តារ​ ប្រទេស​ជា​មិត្ត ព្រម​ទាំង​អង្គការ​ដៃ​គូជា​ច្រើន​ មក​ដល់​ពេល​នេះយើ​ង ឃើញថា​ ​គ្រាប់​មីន​ គ្រាប់​បែ​កចង្កោម​ និ​ង​យុទ្ធភណ្ឌ​សង្គ្រា​មផ្សេង​ទៀត ​ត្រូ​វ​បាន​បោស​សំអាត ​និង​ធ្វើការ​កំទេច​ចោល​ជា​បន្តបន្ទាប់​ ស្ទើ​ទូទាំង​ប្រទេស​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​បាន ​ជម្រុញ​ឲ្យ​អង្គភាព​ស៊ី​ម៉ាក ​និង​អាជ្ញាធរ​ដែន​ដី​ ត្រូវ​ធ្វើ​យ៉ាង​ណា​ខិតខំ​អប់រំ ​ផ្សព្វ​ផ្សាយ​អំពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​មីន​ និងគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បន្ថែម​ទៀត ​ដល់​ប្រជា​ពលរដ្ឋ ​ជា​ពិសេស​ដល់​កុមារ​តូចៗ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ