កងទ័ពអូស្រ្តាលីកន្លងមក បានដើរតួនាទីសំខាន់ក្នុងការរួមចំណែកកសាងសន្តិភាព ស្ថេរភាព និងជួយបង្កើនជំនឿទុកចិត្តគ្នា រវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចតំបន់អាស៊ីអាគ្នេយ៏។ ដោយឡែក នៅកម្ពុជា កងទ័ពអូស្រ្តាលីបានជួយកងទ័ពកម្ពុជាជាស្មារតី, សំភារៈបច្ចេកទេស និងជួយបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែរទំរង់របស់ ខ.ភ.ម។
នេះជាប្រសាសន៏របស់ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអុញាតិអោយ លោកជំទាវ ម៉ៃឃើល ចាន់ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីសំដែងការគួរសម កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
ជំនួសមុខ សម្តេចពិជ័យសេនា ឯកឧត្តម នាង ផាត បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលក៏ដូចកងទ័ពអូស្រ្តាលី ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេង ក្នុងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិមកជូនកម្ពុជា។ ហើយបច្ចុប្បន្ននេះកងទ័ពអូស្រ្តាលី នៅតែបន្តជួយ ខ.ភ.ម លើការសរសេរសៀវភៅសការពារជាតិ, សន្តិសុខលំហរសមុទ្រ ដែលកន្លងមក យើងកំពុងជួបបញ្ហាប្រឈមជាច្រើនដូចជា៖ មានចោរសមុទ្រ, ប្លន់ប្រដាប់អាវុធ, រត់ពន្ធមនុស្ស, រត់ពន្ធគ្រឿងញៀន និងការនេសាទខុសច្បាប់ជាដើម។ មិនតែប៉ុណ្ណោះកងទ័ពអូស្ត្រាលីក៏នៅតែបន្តផ្តល់អាហាររូបករណ៏ដល់ ខ.ភ.ម ជារៀងរាល់ឆ្នាំទៀតឲ្យដល់ ខ.ភ.ម យើង។
មានប្រសាសន៏ឆ្លើយតបក្នុងឱកាសនោះ លោកជំទាវ ម៉ៃឃើល ចាន់ បានស្វាគមន៏ចំពោះកម្ពុជា ដែលថ្មីៗនេះបានធ្វើការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ របស់ខ្លួនប្រកបដោយជោគជ័យ មានតម្លាភាព មិនមានការគំរាមកំហែង ហើយអាចទទួលយកបាន។ លោកជំទាវបានបញ្ជាក់ទៀតថា៖កងទ័ពអូស្ត្រាលីនៅតែបន្តជួយកងទ័ពកម្ពុជា លើការកសាងសៀវភៅសការពារជាតិ ការផ្ដល់អាហាររូបករណ៏ឲ្យដល់នាយទាហានវ័យក្មេង, ជួយហ្វឹកហ្វឺនលើផ្នែកភាសាអង់គ្លេសដែលបាន និងកំពុងធ្វើការសិក្សានៅក្នុង សាកលវិទ្យាល័យការពារជាតិ, ហើយតាមរយៈគណៈកម្មាការសន្តិសុខ លំហរសមុទ្រ គឺកងទ័ពអូស្រ្តាលីជួយក្នុងការធ្វើលំហាត់សមយុទ្ធផ្សេងៗ ដូចជាលំហាត់លើតុជាដើម ៕