នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងធ្វើបាឋកថាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការងារធានា ភស្តុភារ ហិរញ្ញវត្ថុ យោធា ជូនដល់យោធាចារ្យ និស្សិត និងសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ប្រមាណ ៦០០នាក់។
មានប្រសាសន៍ស្វាគមន៍គណៈប្រតិភូនាឱកាសនោះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងដោយបានការដឹកនាំណែនាំផ្ទាល់ពី សម្តេចពិជ័យសេនា សន្តិភាពបានបង្កើត ជាឱកាសមាសសម្រាប់ការបណ្តុះបណ្តាលនាយទាហានវ័យក្មេង ជាប្រភពបន្តវេន មានការរីកចម្រើន ធំធាត់ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ឯកឧត្តម បានបញ្ជាក់ថា៖ កងទ័ពមានភ័ព្វវាសនា ដោយមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើនរាប់មិនអស់ បន្សល់ទុកនូវ មេរៀនប្រវត្តិសាស្ត្រ នៃការដឹកនាំបញ្ជាប្រយុទ្ធ។ ហើយជាពិសេស ថ្មីៗ កន្លងទៅនេះបទពិសោធន៍ជោគជ័យនៅតំបន់ប្រាសាទព្រះវិហារ សមរភូមិប្រាសាទ តាមាន់តាក្របី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ ជាមេរៀនដ៏សំខាន់សំរាប់ការសិក្សារៀនសូត្រ។
ថ្លែងទៅកាន់ យោធាចារ្យ និស្សិត និងសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះយើងបាននិងកំពុងអនុវត្តកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីត្រួតពិនិត្យការងារការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យដល់ថ្នាក់ដឹកនាំ និងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញឲ្យការអនុវត្តភារកិច្ចជំនាញ ហិរញ្ញវត្ថុឲ្យចំគោលដៅស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្វវត្ថុ និងរាជរដ្ឋាភិបាល បានដាក់ចុះធ្វើយ៉ាងណាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យបានល្អ។ ទាក់ទងទៅនឹង ការងារភស្តុភារ ហិរញ្ញវត្ថុក្នុងកងទ័ពនេះ ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ អង្គភាពនីមួយៗ ត្រូវធ្វើការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិឲ្យបានសមស្រប សន្សំសំចៃ និងមានគណនីយភាព។ ឯកឧត្តមបានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗស្របតាម ផែនការជំនាញនិងទៅតាមប្រភេទទ័ព និងទៅតាមជំនាញខុសៗគ្នា ហើយការកែទំរង់គឺធ្វើឡើងឲ្យសមស្រប តាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងទប់ស្កាត់ជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានជោគជ័យ រហូតដល់បើកប្រទេសឲ្យដំណើរការឡើងវិញ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការល្អប្រសើរ ឡើងវិញ រាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់បៀវត្សរ៍ ឆ្នាំ២០២៣នេះ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករដែលបានរួមចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែល្អប្រសើរជាងមុន។ នៅក្នុងពិធីនោះដែរ ឯកឧត្តម ម៉ឹង សំផន ក៏បាននាំយកអំណោយ មីជាតិចំនួន ១០០ កេះ និងថវិកាចំនួន ៥លានរៀល ជូនសកលវិទ្យាល័យការពារជាតិផងដែរ និងបន្តចុះពិនិត្យមើលសំណង់អគារមហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុ នៃសកលវិទ្យាការពារជាតិ ដែលកំពុងដំណើរការសាងសងបានប្រហែល ៤០ ភាគរយ ហើយនោះ។
សូមបញ្ជាក់ថា៖ សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តកំណែទម្រង់ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហាន ក្នុងវិស័យការពារជាតិ ផ្តោតជាសំខាន់ លើវិទ្យាសាស្ត្រយោធា ទាំងយុទ្ធនាការ យុទ្ធសាស្ត្រ និងយុទ្ធវិធី ដែលមានអត្ថន័យសំខាន់ បន្ថែមលើវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសា។ ក្នុងនោះមហាវិទ្យាល័យភស្តុភារហិរញ្ញវត្ថុ យោធា បានបណ្តុះបណ្តាលនាយទាហានជំនាញថ្នាក់បរិញ្ញាប័ត្រ បានឈានដល់ជំនាន់ទី៩ ហើយនៅឆ្នាំ ២០២៣ នេះ ៕