ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​មើល​ការ​ ​រៀប​ចំ​ពិធី​បើក​ សម​យុទ្ធ​នាគ​មាស​ ឆ្នាំ២​០២៣​
នាយកដ្ឋានព័ត៌មាន(៣)
478
3055 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​មើល​ការ​ ​រៀប​ចំ​ពិធី​បើក​ សម​យុទ្ធ​នាគ​មាស​ ឆ្នាំ២​០២៣

       នាយ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រ​ង នា​យសេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពលខេ​មរ​ភូមិន្ទ​ និង​ជា​ប្រធាន ​គណៈ​កម្មការ​ដឹក​នាំ​រួម​សម​យុទ្ធនាគ​មាស​កម្ពុជា​-​ចិន​ ឆ្នាំ​២០២៣ ​បាន​ថ្លែង​ថា​៖ ការ​ធ្វើ​សមយុទ្ធនាគ​មាស​ រវាង​ក​ងទ័ព​ កម្ពុជា​-​ចិន​ ឆ្នាំ​២០២៣ ​នេះ មិន​មែន​ជា​ការ​គំរា​មកំហែង​ដល់​ប្រទេស​ណា​ ឬ​បុគ្គល​ណា​មួយឡើយ​។ ហើ​យសម​យុទ្ធ​នេះ​ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ពង្រឹង​សមត្ថភាព ​ដល់​កង​ទ័ព​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​អ្ន​ក​សារព័ត៌​មាន​ ក្នុ​ង​ឱកាស​ដែល ​ឯកឧត្តម ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ប្រុង​ប្រៀប​រៀប​ចំ​មុន​ពិធី​បើក​ជា​ផ្លូវ​ការ​ នូវ​សម​យុទ្ធ​នាគ​មាស​ រវាង​កង​ទ័ព​កម្ពុជា​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ឆ្នាំ​២០២៣​ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​តំបន់​ភ្នំ​ជុំ​សែន​រីក​រាយ​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ច្រក​កូវ ​ឃុំពាម​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី ២២ ​ខែ​មីនា ​នេះ​។ 

        ឯកឧត្តម ​បញ្ជាក់​បន្ថែម​ទៀត​ថា​​៖ ​ការ​ធ្វើ​សម​យុទ្ធនាគ​មាស​ឆ្នាំ ​២០២៣​នេះ ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ក​ងទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ចិន​ ហើយ​ក៍​ដើម្បី​ពង្រឹង​សមត្ថភាព​ ដល់​កង​ទ័ព​កម្ពុជា ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។ ហើយ​តាម​​រយៈ​នៃ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​នេះ​ នឹង​ធ្វើ​ឲ្យ​កង​ទ័ព​កម្ពុជា ​ចំណេញ​ច្រើន ​ដោយ​ទទួល​បាន​បទ​ពិសោធន៍​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ ជា​ច្រើន​ ពី​កង​ទ័ពរំដោះ​ប្រជាជន​ចិន​ ទាក់​ទង​ទៅ​នឹង​សកម្មភាព​ នៃ​ប្រតិបត្តិការ​សន្តិសុខ​ ក្នុង​ព្រឹត្តិ​កាណ៍រ​ធំៗ​ និង​ការងារ​មនុស្ស​ធ៌ម រួម​ទាំង​របៀប​វីរៈ​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀ​ត រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​។ ឯកឧត្តម ឥត សារ៉ាត់ បាន​បញ្ជាក់​ទៀត​ថា៖​ ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នាគ​មាស​នេះ​ គឺ​មិន​មែន​ជា​ការ​ដំឡើង​សាច់​ដុំ ​ឬ​គំរាម​កំ​ហែង​ដល់​ប្រទេស​ណា​មួយ ឬ​បុគ្គល​ណា​មួយ​ឡើយ​។ ​ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​ ក៏​មានការ​ធ្វើ​សម​យុទ្ធ​ដូច​គ្នា​នេះ​ដែរ​ ដូច​ជា​ការ​ធ្វើ​សម​យុទ្ធ​ រវាង​កង​ទ័ព​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​ ជា​មួយ​កង​ទ័ព​ប្រទេស​ថៃ​​ជា​ដើម​។ ឯកឧត្តម​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ លំហាត់​ស​ម​យុទ្ធ​នាគ​មាស​នេះ ​ក៏​នឹង​មា​ន​ការ​រៀប​ចំ​ខ្លឹម​សារ​សម​យុទ្ធ​ ជា​កម្លាំង​ទ័ព​ពិត​ ធ្វើ​ការ​ចល័ត​តាម​ទី​តាំង​ដោយ​ផ្សារ​ភ្ជាប់​ និង​ស្ថាន​ភាព​ជាក់​ស្ដែង​ ព្រម​បែង​ចែក​ជា​ដំណាក់​កាល​នីមួយៗ ​ទៅ​តាម​ភាព​ជាក់​ស្ដែង​។ ជំនួសមុខ​ឱ្យ​សម្ដេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឯកឧត្តម ឥត សារ៉ាត់ បាន​ថ្លែង​នូវ​ការ​លើក​សរសើរ​ នឹង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​រវាង​ថ្នាក់​ដឹក​នាំ​ធ្វើ​លំហាត់​សម​យុទ្ធ​ នៃ​កង​កម្លាំង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​រៀបចំ​ប្រតិបត្តិការ​លំហាត់​នាគ​មាស​ឆ្នាំ ​២០២៣​ នេះ ប្រក​បទៅ​ដោយ​ភាព​រលូន​។

       ឯកឧត្តម ​បាន​បញ្ជាក់​ទៀត​ថា​ លំហាត់​សម​យុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​មាន​លក្ខណៈ​ទ្រុង​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​មក​ម្ល៉េះ​។ តែ​ជា​អកុសល​ដោយ​សារ​កម្ពុជា​ ក៏ដូច​ជា​ពិភព​លោក​ទាំង​មូល ​ទទួល​រ​ងនូវ​វិបត្តិជា​សាកល ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ​ក្នុង​រយៈ​ពេល​ជាង​ ៣ ​ឆ្នាំ​កន្លង​ម​កនេះ ​បាន​ធ្វើ​ឲ្យ​សម​យុទ្ធ​ ដែល​កងទ័ព​ប្រទេស​ទាំង​ពី​រ​ធ្លាប់​បាន​ធ្វើ​រហូត​មក​នោះ ​ត្រូវ​បាន​អាក់​ខាន​​។ តែ​សម្រាប់​ឆ្នាំ​ ២០២៣​ នេះ ​គឺ​ជា​ឆ្នាំ​ដំបូង​ នៃ​ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ឡើង​វិញ ​ជា​លើក​ទី ​៥​ សម្រាប់​សកម្មភាព​លំហាត់​សម​យុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន​ ក្រោម​ប្រធាន​បទ ​“ប្រតិបត្តិការ ​ការ​ពារ​សន្តិសុខ ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ ​និង​ការ​ងារ​មនុស្ស​ធម៌​នៃ​កង​ទ័ព​ទាំង​ពី​រ​កម្ពុ​ជា​ចិន​“ ​ដោយ​បាន​ប្ដូរ​ទីតាំ​ង​នៃ​ការ​ធ្វើ​សម​យុទ្ធ​ពី​ក្នុង​ភូមិ​សាស្ត្រ​របស់​ស្រុក​ជុំគីរី​ ខេត្ត​កំពត​ មក​កាន់​តំបន់​ភូមិ​សាស្ត្រ​របស់​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំព​ង់​ឆ្នាំង​វិញ​ម្ដ​ង​​។

       លំហាត់​សម​យុទ្ធ​នាគ​មាស​កម្ពុជា​-​ចិន​ លើក​ទី ​៥ ​នេះ ​មាន​កង​ទ័ព​ភាគី​ចិន ​ចូល​រួម​សម​យុទ្ធ​ចំនួន ​២៥៧ ​នាក់ ​ក្នុង​នោះ​មាន​កម្លាំង​ធ្វើ​សម​យុទ្ធ​ ១៨៧​នាក់​ និង​ក្រៅ​ពី​នោះជា​ក្រុម​ដឹក​នាំ​សម​យុទ្ធ​ក្រុម​ទី​បញ្ជាការ​ និង​ក្រុម​ធានា​។ រីឯ​ភាគី​កង​ទ័ព​កម្ពុជា ​មាន​កម្លាំង​ចូល​រួម​សរុប ​២,៨៣១ ​នាក់ ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ