ព័ត៌មាន

សម្ដេច​​ពិជ័យ​​សេនា​ ​ទៀ ​បាញ់ ​ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ភ្នំ​វែង ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់​ដំបង​
នាយកដ្ឋានព័ត៌មាន(៣)
441
3058 សម្ដេច​​ពិជ័យ​​សេនា​ ​ទៀ ​បាញ់ ​ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ភ្នំ​វែង ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់​ដំបង​

       ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ កាល​ពី​ថ្ងៃទី​២​៦ ខែ​មីនា​ ឆ្នាំ​២០២៣ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អម​ដំណើរ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​អ៊ី ឈាន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ខភម ​ព្រម​ទាំង​អភិបាល ​នៃ​គណៈ​អភិបាល ​ខេត្ត​បាត់​ដំបង​ ឯកឧត្តម​ជា ​អគ្គ​នាយក​ អគ្គនាយក​រង ​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ យោធ​ភូមិ​ភាគ​ទិ៥ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥២​  បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ភូមិ​សាស្ត្រ​ ភ្នំ​វែង​ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រែង ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់​ដំបង​។​ ភ្នំ​វែង​ ត្រូ​វ​បាន​ចាត់​ទុក​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ដែល​ទី​តាំង​ភ្នំ​វែង​នេះ​ពី​អតីត​កាល ​គឺ​ជាទី​បញ្ជាការ ​អគ្គ​សេនា​ធិការ ​ខភម ​ប្រចាំ​ការ​សមរ​ភូមិ​មុខ​ ទិស​ប៉ៃលិន​ ភ្នំ​កូន​ដំរី ​ភ្នំ​សណ្តែក​ និង​បណ្តា​ភូមិ​សាស្ត្រ​នានា ​ដែល​ជាប់​នឹង​តំបន់​ប៉ៃលិន ​កាល​ពី​សម័យ​សង្គ្រាម​ មុន​ពេល​អនុវត្ត​គោល​នយោ​បាយ​ឈ្នះ ឈ្នះ​ របស់​សម្តេច​តេជោ ​ហ៊ុន សែន ក្នុង​ឆ្នាំ​១៩៩៦​។

       នៅ​ក្នុង​ឱកាស​នោះ ​លោក​ឧត្តម​សេនីយ៍​ត្រី​ គុជ នាង មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥២ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ ​នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ក្រុម​ការងារ​ប្រវត្តិ​សាស្ត្រ​យោធា ​ដឹក​នាំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​យោធា ​បា​ន​ចុះមក​សិក្សា​ស្រាវជ្រាវ​នៅ​ភ្នំ​វែង​នេះ ​ដែល​ទីតាំង​ភ្នំវែង​នេះ​ គឺជា​អតីត ​ទី​បញ្ជាការ​ អគ្គ​សេនា​ធិការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ក្នុង​អំឡុង​ឆ្នាំ ​១៩៩៤ ​-១៩៩៥​ និង​១៩៩៦ ​ដែល​បាន​ដឹក​នាំ​បញ្ជា​ ដោយ ​ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ហុក ឡងឌី និង យោធភូមិ​ភាគទី​៥​។ តឹក​តាង​ប្រវត្តិ​សាស្ត្រ​ដែល​បាន​បន្សល់​ទុក​នៅ​ទីនេះ​ មាន​បាត​គ្រិះ ​ទី​បញ្ជាការ​ធ្វើ​ពី​បេតុង ​និង ​លេណដ្ឋាន​ នៅ​ជុំវិញ​តំប​ន់​នេះ។ លោក​ឧត្តម​សេនីយ៍​ត្រី​ គុជ នាង បាន​បញ្ជាក់​អោយ​ដឹង​ថា​៖ ក្រោយ​ពី​ អ៊ុន​តាក់ ​ស្វែង​រ​កសន្តិភាព​មិន​បាន​ជោគ​ជ័យ​ជូន​ប្រទេស​កម្ពុជា​ និង​ភាគី​ខ្មែរ​ក្រហម​មិន​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល ​ឈាន​ចូល​មក​ដល់​ឆ្នាំ ​១៩៩៥-១៩៩៦ ​កម្លាំង​កង​ទ័ព​ខ្មែរ​ក្រហមបាន​ធ្វើ​សមាហរណ​កម្ម​ ជា​បន្ត​បន្ទាប់​ ក្រោម​គោល​នយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព ​នៅ​ទូទាំង​ប្រទេស​។ តា​ម​រយៈ​ការ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ នៅ​ភូមិ​សាស្ត្រ​ភ្នំ​វែង​ ទី​តាំង​ភ្នំ​វែង​នេះ ​នឹង​ត្រូវ​កំណត់​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​នៅ​ក្នុង​យោធ​ភូមិ​ភាគ​ទី ​៥ ​សំរាប់​ទុក​សិក្សា​រៀន​សូត្រ​ដល់​អ្ន​ក​ជំនាន់​ក្រោយ ​ដើម្បី​អោយ​បាន​យល់​ដឹង​អំពី​ ប្រវត្តិ​តស៊ូ ​ការ​ធ្វើ​ពលិកម្ម​ របស់​អ្នក​ជំនាន់​​មុន ​គ្រប់​ជាន់​ថ្នាក់ ​ដែល​បាន​ខិត​ខំប្រឹង​ប្រែង​តស៊ូ ​លះប​ង់​ គ្រប់​ការ​លំបាក​រហូត​បាន​នាំ​មក​នូវ​សុខ ​សន្តិភាព ​ជូន​ជាតិ​មាតុ​ភូមិ​កម្ពុជា ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

      សូម​បញ្ជាក់ថា​៖​ តាម​រយៈ​ការ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ ក្នុង​ពេល​កន្លង​មក​ យោធ​ភូមិ​ភាគ​ទី​៥ ​បាន​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​បាន​ចំនួន ​២៦​ ទី​តាំង​ ក្នុង​នោះ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ ៧​ ទីតាំង​ ខេត្ត​បាត់​ដំបង ​៩ ​ទីតាំង​ ខេត្ត​ប៉ៃលិន ​៣ ​ទីតាំង ​និង​ខេត្ត​ពោធិសាត់​មាន​ចំនួន ​៧ ​ទី​តាំង​។ ក្រោយ​ពី​បាន​ធ្វើ​សិក្ខាសាលា​ប្រវត្តិ​សាស្ត្រ​យោធា ​នៅ​យោធ​ភូមិ​ភាគ​ទី​ ៥​ រួច​មក​ យោធ​ភូមិ​ភាគ​ទី​ ៥ ​បាន​ស្នើសុំ​បង្កើន​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ ថ្មី​ចំនួន​ ៦​ ទីតាំង​ គឺ​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​សែន​ ចៅ​ ស្ថិ​ត​នៅ​ក្នុង​ស្រុក​សំឡូត ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ ឃ្លាំង​ ប៊ុយ ​ក្នុង​ស្រុក​សំឡូត ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ភ្នំ​វែង​ ស្រុក​រតនៈ​មណ្ឌ​ល តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ក្បាល​ឡាន​ ក្នុង​ស្រុក​វាល​វែ​ង តំបន់​ប្រវត្តិសាស្ត្រ​យោធា​ ស្លាប​កប៉ាល់​ហោះ ​ស្ថិត​នៅ​ក្នុង​ស្រុក​គ្រគរ​ និង​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​កប៉ាល់​ហោះ​ធ្លាក់​ ស្ថិត​នៅ​កំពង់​ស្ពឺ​។

       មាន​ប្រសាសន៍​សំណេះ​សំណាលនា​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​រំលឹក​ឡើងវិ​ញ​​អំពី​តំបន់​ភ្នំវែង​ ដែល​ទីតាំង​ទី​បញ្ជា​ការ​ភ្នំវែង​នេះ​ សម្តេច​ធ្លាប់​បាន​អញ្ជើញ​ម​កកាន់​ទី​នេះ ​ដើម្បី​ជួប​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ​ក​ងទ័ព ​កាល​ពី​២៧​ឆ្នាំ ​កន្លង​ទៅ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ជំរុញ​ដល់​ អាជ្ញាធ័រ​ខេត្ត​ និង ​ស្ថាប័ន ​ដែល​មាន​ការ​ពាក់​ពន្ធ័​ គិត​គូររៀប​ចំ​ ភ្នំ​វែង​ អោយ​ក្លាយ​ទៅ​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ ដើម្បី​រក្សា​ទុក​ទី​នេះ ​សំរាប់​អ្នក​ជំនាន់​ក្រោយ​បាន​សិក្សា​រៀន​សូត្រ​។ សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​ណែនាំ​ដល់​ក្រុម​ការងា​រ​ប្រវត្តិសាស្ត្រ​យោធា​យោធ​ភូមិភា​គទី ​៥​ និង​ក្រុ​មការងារ​ប្រវត្តិសាស្ត្រ​យោធា​កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥២ ​បន្ត​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ​យោធា ​ប្រមូល​នូវ​តឹក​តាង​នានា ដែល​បាន​បន្សល់​ទុក​កាល​ពី​សម័យ​សង្គ្រាម​ ដើម្បី​ដំកល់​ទុក​ក្នុង​ទី​ស្នាក់​ការ​ប្រវត្តិ​សាស្ត្រ​ សំរាប់​ការ​សិក្សា​ស្រាវជ្រាវ​សិក្សា​រៀន​សូត្រ​ទៅ​ថ្ងៃខាង​មុខ​ និង​សំរាប់​ឆ្លាក់​រូប​ចម្លាក់ ​បំពាក់​នៅ​ស្តូប​ឈ្នះ ឈ្នះ ​ផង​ដែរ​។ ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខា​ងមុខ​នេះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​ជូន​ពរ​ឆ្នាំថ្មី ​ជូន​ដល់​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ សូម​អោយ​ជួប​ប្រទះ​តែ​សេចក្តី​សុខ ​សេចក្តី​ចំរើន​ មាន​សុខ​ភាព​ល្អ ​កម្លាំង​ខ្លាំង​ក្លា ​និង​សំរេច​គ្រប់​ភារកិច្ច​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ