ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ខភម ព្រមទាំងអភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង និងនាយទាហានជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមបណ្តាអង្គភាពនានា ក្នុងយោធភូមិភាគទិ៥ ដែលពិធីចុះសាកសួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី ៥ នេះ បានប្រារព្ធធ្វើនៅការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះ បន្ទាប់ពី ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភាកទី ៥ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារ ដែល យោធភូមិភាកទី ៥ សំរេចបានលើភារកិច្ច ការពារបូរភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រយោធភូមិភាគទី ៥ ការងារ កសាងអង្គភាព និងការងាររៀបចំតំបន់ប្រវត្តិសាស្ត្ររួចមក មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅតាមបណ្តាអង្គភាពនានា ក្នុងយោធភូមិភាគទិ៥ នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូន ដល់នាយទាហាន ពលទាហាន ទាំងអស់នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល និង ខភម សម្រេចបាននៅក្នុងឆ្នាំ ២០២២ និងភារកិច្ចសំខាន់ៗដែលត្រូវអនុវត្តឆ្នាំ២០២៣ បន្តទៀត។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ថា៖ ខភម នៅតែរក្សាការពារបានយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យបូរណភាព ទឹកដី និងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តនៅតាមព្រំដែន តាមរយៈកិច្ចទំនាក់ ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី បានប្រែក្លាយអតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ កសាងព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា បានរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយចំនួន ដែលតម្រូវឱ្យមានការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន។ សម្ដេចពិជ័យសេនា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍នៅក្នុងភូមិសាស្ត្រ ដែលបានកើតឡើងនៅតំបន់ប៉ៃលិននៅអំឡុងឆ្នាំ១៩៩៦ គឺជាការធ្វើសមាហរណកម្ម បងប្អូន អតីតខ្មែរក្រហម និងជាដំណើរការដំបូង នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានទំនាក់ទំនងគ្នាជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន ដែលខ្មែរយើងរួមគ្នាដោះស្រាយតាមរយៈការយោគ យល់ជឿជាក់រវាងខ្មែរ និងខ្មែរ ការជឿទុកចិត្តគ្នាដោយគ្មានការបង្គាប់បញ្ជាពីបរទេស។ ប្រការនេះ ទើប ធ្វើឱ្យយើងមានសន្តិភាពរឹងមាំ មានការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងរយៈពេលជាង ២៤ឆ្នាំនេះ បានប្រែក្លាយ អតីតសមរភូមិ ជាតំបន់អភិវឌ្ឍន៍ កសាងព្រំដែនសន្តិភាព និងសហប្រតិបត្តិការ។
សម្ដេចពិជ័យសេនា បានបន្តថា៖ ព្រឹត្តិការណ៍នៅប៉ៃលិនបានបង្ហាញពីរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ដែលមានការរួមចំណែកពីប្រតិបត្តិករទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ក្រសួង ស្ថាប័ននានា និងអតីតកម្លាំងកម្ពុជាប្រជាធិបតេយ្យក្នុងស្មារតីសាមគ្គីភាព ឯកភាព និងឆន្ទៈចង់បានសន្តិភាពសម្រាប់កូនចៅទាំងអស់គ្នានាពេលអនាគត។ សកម្មភាពទាំងអស់នេះ បានបង្ហាញពីខឿនការពារជាតិ ជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ដែលបញ្ជាក់លើពាក្យស្លោក “អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ !”។
ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានជូនពរឆ្នាំថ្មី ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងយោធភូមិភាគទី ៥ សូមអោយមានសិរីសួរស្តី ជ័យមង្គល នៅក្នុងក្រុមគ្រួសារ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា និងសំរេចគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ៕