ព័ត៌មាន

បិទ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ជំនាន់​ទី​២​ ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
516
3061 បិទ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ជំនាន់​ទី​២​ ឆ្នាំ​២០២១​

       នាយ​ឧត្តម​សេនីយ៍​ សំ វណ្ណថន អគ្គ​លេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ ​និង​ជា​អគ្គ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​លើក​ឡើងថា​ ធន​ធាន​មនុស្ស ​គឺ​ជា​សម្បត្តិដ៏​មានត​ម្លៃ​បំផុត​ក្នុង​ដំណើរ​កសាង​សង្គម​ជាតិ​មួយ​ឱ្យ​មាន​ការ​រីក​ចម្រើន​។​ ឯកឧត្តម សំ វណ្ណថន បាន​លើក​​ឡើង​បែប​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ឆ្នាំ​២០២៣នេះ​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​តំណាង​ដ៏ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ជំនាន់​ទី​២ ​ឆ្នាំ​២០២១​។​

        ឯកឧត្តម​ សំ វណ្ណថន បាន​គូស​បញ្ជាក់​ថា៖ ​ជា​ក់​ស្តែង​នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ការ​កសាង​ធន​ធាន​មនុស្ស​ គឺ​ជា​កត្តា​ចម្បង​បំផុត ក្នុង​កំណែ​ទម្រង់​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​វិនិ​យោគ​ប្រកប​ដោយ ​គុណ​ភាព​ខ្ពស់​ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ ការ​អប់រំ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ ពង្រឹង​ស្មារតី​ស្នេហា​ជាតិ​ស្មោះ​ត្រង់ ​និង​មាន​សាមគ្គី​ភាព​រឹង​មាំ​ ដើម្បី​ប្រមូល​ផ្តុំ​នូវ​គំនិត​បញ្ញា​ ស្មារតី​ រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​កិច្ចការ​បម្រើ​ជាតិ​មាតុ​ភូមិ។​

​         យោង​តាម​របាយ​ការណ៍​បូក​សរុប​លទ្ធផល​វគ្គ​បណ្តុះ​បណ្តាល​ របស់​ឧត្តម​សេនីយ៍​ទោ ​ហៀ ហ៊ីន នា​យក ​មជ្ឈមណ្ឌល​ ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​នៃ ​ខ.ភ.ម​ បា​ន​ឲ្យ​ដឹង​ថា ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ជំនាន់​ទី២ ​ឆ្នាំ​២០២១​ មាន​សិក្ខា​កាម​ចំនួន ​២០៩​នាក់​ ដែល​ជា​នាយ​ទាហាន​មក​ពីតា​ម​បណ្តា​អង្គភាព​ចំណុះ​ក្រសួង​ការ​ពារជាតិ ​និង​អ​គ្គ​បញ្ជាការ​ដ្ឋាន​។​ វគ្គ​បណ្តុះ​បណ្តាល​នេះ ​មាន​រយៈ​ពេល​១២​ខែ ​ចាប់​ផ្តើ​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២១ ​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២២​,​ ដោយ​ផ្តោត​លើ​ខ្លឹម​សារ​មេរៀន​សំខាន់ៗ​ ចំនួន​១៨​ មុខ​វិជ្ជា​ ដែល​រួម​មាន៖​ ការ​ងារ​រដ្ឋបាល ​ចំណេះ​ដឹង​ទូទៅ កា​រងារ​រដ្ឋបាល​លិខិត​ស្នាម​ និង​ឯកជន​ លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ ភាសា​អង្គគ្លេស ​នីតិ​សមុទ្រ ​អង្គការ​សហ​ប្រជា​ជាតិ​ ការ​ងារ​ដឹក​នាំ ​នីតិ​អន្តរ​ជាតិ​សាធារណៈ ​នីតិ​រដ្ឋ​បាល​សាធារណៈ​ ប្រព័ន្ធ​នីតិ​អាស៊ាន​ នីតិ​មុខ​ងារ​សាធារណៈ​ការ​គ្រប់​គ្រង​សេវា​សាធារណៈ ​នីតិ​រដ្ឋ​ធមនុញ្ញ ​ការ​ងារ​គ្រប់​គ្រង​អង្គភាព ​នីតិ​ហិរញ្ញវត្ថុ​សាធារណៈ ​ឋាន​លេខា​ សេនា​ធិការ​ផែន​ទី​ និង​ប្រើប្រាស់​ឧបករណ៍​ GPS ​ចុះ​ទស្សកិច្ច​សិក្សា​តំបន់​ប្រវត្ត​សាស្ត្រ​កោះ​ថ្ម​ និង​ទស្សន​កិច្ច​វិមាន​ឈ្នះ​ឈ្នះ​។​ ឆ្លង​កាត់​ការ​សិក្សា​អស់​រយៈ​ពេល​១២​ខែម​ក​នេះ ​មាន​សិក្ខា​កា​ម ២០៣​ រូបបាន​បញ្ចប់​វគ្គ​ដោយ​ជោគ​ជ័យ​ ក្នុង​នោះ​ទទួល​បាននិ​ទ្ទេសល្អ​ណាស់​ មាន​ចំនួន​៧​នាក់​ ល្អ ​៦០​នាក់​ ល្អ​បង្គួរ ​៥០​នាក់​ មធ្យម​ ៧៦​នា​ក់ និង​ខ្សោយ​មាន​ចំនួន ​១០​នាក់​។​

        នាឱកាស​នោះដែ​រ​ ឯកឧត្តម សំ វណ្ណថន បាន​ថ្លែង​ថា​៖ លទ្ធផល​ដែល​សម្រេច​បាន​ក្នុ​ង​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​ រដ្ឋបាល​ឆ្នាំ​២០២១​ មិន​ត្រឹម​តែ​បញ្ជាក់ពី​ការ​ជោគ​ជ័យ​ នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ ​មជ្ឈមណ្ឌល​ការងារ​រដ្ឋបាល​ និង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​សិក្ខាកាម​នោះ​ទេ ​ប៉ុន្តែ​វា​ជា​ជោគ​ជ័យ​រួម​មួយ​របស់​ក្រសួង​ការ​ពារ​ជាតិ ​និង​សម្រាប់​ប្រទេស​ជាតិ​ ដែល​ទទួល​បាន​ធន​ធាន​មនុស្ស​បន្ថែម​ទៀត ​ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​អង្គភាព ​និង​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​។​

         ឯកឧត្តម សំ វណ្ណថន បាន​លើក​ឡើង​ថា​៖ ទន្ទឹម​នឹ​ងនេះ ​កត្តា​សន្តិភាព​ បាន​នាំ​មក​នូវ​ឱកាស​ដល់​ប្រទេស​ជាតិ​យើង​ ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។​ ​បើ​គ្មាន​សន្តិភាពទេ​នោះ ​តើ​យើង​មាន​ពេល​វេលា​ឯណា​មក​អង្គុយ​រៀន​ដូច​សព្វ​ថ្ងៃ​នេះ​?​ ពិត​ហើយ​ សម្រាប់​ឯកឧត្តម​ផ្ទាល់ ​ដែល​បាន​ឆ្លង​កាត់​នូវ​ភ្លើង​សង្គ្រា​មជាង​ពីរ​ទស្សវត្ស​កន្លង​មក​នេះ ​ឯកឧត្តម​យល់​ឃើញ​យ៉ាង​ច្បាស់​ថា ​តម្លៃ​នៃ​សន្តិភាព​ មិន​អាច​កាត់​ថ្លៃ​បាន​នោះទេ​។ ដូច្នេះ​ ហើយ​ជា​យោធិន ​ដែល​បាន​ជ្រក​កោន​ក្រោម​ម្លប់​សន្តិភាព ​ត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​របប​រាជា​និយម​ រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ការ​ពារ​អធិបតិយ្យ ​បូរណភា​ពទឹក​ដី​ជា​ពិសេស​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​រាល់​ការ​ប៉ុន​ប៉ង​ណាមួ​យ ​ដែល​ធ្វើ​ឱ្យ​បាត់​បង់​នូវ​សន្តិភាព ​បាត់​បង់​នូវ​ការ​ឯកភាព​ជាតិ​ ដែ​ល​នាំឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

         បន្ថែមពី​នេះ ​នាយ​ឧត្ត​ម​សេនីយ៍ ​សំ វណ្ណថន បាន​ថ្លែង​ថា​ ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​ខ្លួន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នាយ​ទាហាន​ក្រោ​ម​ឱវាទ​ ទាំង​បរិមាណ ​និង​គុណ​ភាព​ព្រម​ទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការ​ងារ​ការ​​ចាត់​តាំងបញ្ជា​ ​ស្រប​​តា​មតម្រូវ​កា​រជាក់​ស្ដែង​ និង​ការ​វិវត្ត​ថ្មីៗ​នា​ពេល​បច្ចុប្បន្ន,​ ពង្រឹង​គុណ​ភាព​សិក្សា​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម ​កម្ម​វិធី​សិក្សា​ ប្រព័ន្ធ​សិក្សា ​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ការ​ចង​ក្រង​នូវ​ឯកសារ​គោល​ និង​ការ​ពង្រឹង​សមត្ថភាព​យោធា​ចារ្យ​ សាស្ត្រា​ចារ្យ​ឱ្យ​ស្រប​តាម​គណៈ​កម្មការ​វាយ​តម្លៃ​គុណ​ភាព​អប់រំ ​របស់​ក្រសួង​អប់រំ ​ដើម្បី​ធានា​បាន​នៅ​ពេល​បញ្ច​ប់​វគ្គ​សិក្សា​ នាយ​ទាហាន​ទាំង​អស់​ មាន​សមត្ថភាព​ពេញ​លេញ​ទាំង​ចំណេះ​ដឹ​ង និង​ចំណេះ​ធ្វើ​។​

         នាយ​ឧត្តសេនីយ៍ សំ វណ្ណថន បាន​បន្ត​ថា​៖ នាយ​ទាហាន​ទាំង​អស់​ ត្រូវ​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ​ ស្មោះ​ត្រង់​ចំពោះ​ជាតិ​ សាសនា ​ព្រះ​មហា​ក្សត្រ ​និង​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ​ដើម្បី​ការ​ពារ​សុខ​សន្តិភាព​ ការ​ឯកភាព​ជាតិ​ និង​ការ​អភិវឌ្ឍ​ជា​និរន្តរ៍ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ