នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកស្រី វរសេនីយ៍ឯក ស៊ូណា ចូក្រាហែម (SHAUNA-JO GRAHAM) សេនានុព័ន្ធយោធាណូវែលហ្សេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ លោកស្រី វរសេនីយ៍ឯក ស៊ូណា ចូក្រាហ៊ែម (SHAUNA-JO GRAHAM) បានចូលរួមអបអរសាទរជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ទទួលបានជោគជ័យកាលពីឆ្នាំ២០២២ កន្លងមកថ្មីនេះ។ ឯកឧត្តម នាង ផាត បានសម្ដែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតយោធារបស់លោកស្រី អនុព័ន្ធយោធាណូវែលហ្សេឡង់នៅកម្ពុជា និងបានជម្រាបជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្ននេះគ្របដណ្ដប់ដោយសន្តិភាព ពេញបរិបូណ៌ និងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តម នាង ផាត បញ្ជាក់ថា៖ កម្ពុជាជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យ ដែលបានធ្វើការបោះឆ្នោតយ៉ាងទៀងទាត់រយៈពេល ៥ ឆ្នាំម្ដង ហើយកន្លងមកនេះកម្ពុជា បានធ្វើការបោះឆ្នោតជាច្រើនលើករួចមកហើយ ទាំងថ្នាក់ក្រោមជាតិ និងបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយភាពរលូន មានតម្លាភាព និងទទួលយកលទ្ធផលពីគ្រប់គណបក្ស។ ឯកឧត្តម បន្តថា៖ កន្លងមកនេះកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោក បានប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ ហើយសម្រាប់កម្ពុជា អាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងជំងឺនេះបានទាំងស្រុងនៅចុងឆ្នាំ២០២១ និងបានបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ដែលជោគជ័យនេះបានដោយសារកត្តាបី គឺការដឹកនាំ ការចូលរួម និងការគាំទ្រ។ ឯកឧត្តម នាង ផាត បានគូសបញ្ជាក់ថា អាស្រ័យដោយកម្ពុជា មានសន្តិភាព ស្ថិរភាពល្អ ក្នុងឆ្នាំ២០២២ កន្លងមកនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ហើយនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា ក៏នឹងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណិតទី ៧ ផងដែរ។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា-ណូវែលហ្សឺឡង់ ឯកឧត្តម នាង ផាត បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦៤ឆ្នាំមកហើយ ហើយធ្លាប់បានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់ជំនួបពិភាក្សានៅថ្ងៃនេះ បានផ្ដល់សារៈសំខាន់នៅក្នុងការផ្លាស់ប្ដូរព័ត៌មានរួមគ្នា អំពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រទេសណូវែលហ្សេឡង់ ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើមុខជំនាញផ្សេងៗតាមលទ្ធភាពដែលអាចជួយបាន ដើម្បីរួមចំណែកលើកកម្ពស់ដល់ការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ លើវិស័យធនធានមនុស្ស អោយកាន់តែប្រសើរ។
ជាការឆ្លើយតប លោកស្រី វរសេនីយ៍ឯក ស៊ូណា ចូក្រាហ៊ែម (SHAUNA-JO GRAHAM) បានធ្វើការចាប់អារម្មណ៍ចំពោះសំណើស្តីពីការពង្រឹងសមត្ថភាពកងទ័ព ដែលជាការស្វែងរកឱកាសទំនាក់ទំនងល្អ របស់កងទ័ពប្រទេសទាំងពីរ ក្នុងនោះកងទ័ពណូវែលហ្សេឡង់ និងពិនិត្យលទ្ធភាពនៅក្នុងការជួយបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញបញ្ជាការសេនាធិការជាន់ខ្ពស់ ៕