រថយន្តគិលានសង្គ្រោះបន្ទាន់ (ប្រើប្រាស់រួច) ចំនួន ២ គ្រឿង ដែលជាជំនួយ ឥតសំណងរបស់ស្នងការដ្ឋានពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយ រដ្ឋបាលក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ (Seoul Metropolitan Fire and Disaster Headquarter) ផ្តល់តាមរយៈអង្គការ ហ្គូដណែប៊ឺស អន្តរជាតិ ជូនដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដើម្បីបម្រើសេវា នៃកិច្ចការគាំពារសុខាភិបាល កងទ័ព គ្រួសារកងទ័ព និងប្រយោជន៍សាធារណៈ បានរៀបចំធ្វើពិធីប្រគល់-ទទួល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ចាង ឌុងវ៉ុន (Chang Dungvun) នាយកអង្គភាព ហ្គូដណែប៊ឺស អន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ លោកវីរៈសេនីយ៍ឯក ផាក ស៊ូមុន (Phak Soumun) ប្រធានការិយាល័យអនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិជាច្រើនរូប។
តាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ រថយន្តគិលានសង្គ្រោះ ដែលបានផ្ដល់ជូននៅពេលនេះមានចំនួន ២ គ្រឿង ដែលបំពាក់ដោយបរិក្ខារពេទ្យកំប្លេ សម្រាប់ការងារសង្គ្រោះបន្ទាន់ លើវិស័យសុខាភិបាលសាធារណៈ។ តាមរយៈ នៃអង្គភាពហ្គូតណែប៊ឺសអន្តរជាតិប្រចាំនៅកម្ពុជា ស្នងការនេះ នឹងផ្ដល់ជាបន្តបន្ទាប់ទៀត ជាដំណាក់កាលៗ ដែលរួមមានរថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកទឹក រថយន្តពន្លត់អគ្គីភ័យបំពាក់ដោយជណ្ដើរឡើងអាគារខ្ពស់ៗ រួមនិងសម្ភារៈ ផងដែរ ដល់ស្ថាប័នវិស្វកម្មក្រសួងការពារជាតិកម្ពុជា ដើម្បីមានលទ្ធភាពក្នុងការបម្រើឲ្យសេវាសង្គ្រោះគ្រោះមហន្តរាយនានា ដែលកើតមានឡើងជាយថាហេតុនៅកម្ពុជា។
ឯកឧត្តម ឃុន វុធ ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងនាយ ពលទាហាន ក្រុមគ្រូពេទ្យ ក្នុងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិកម្ពុជា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាយវិការមនុស្សធម៌ របស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលតាមរយៈស្នងការដ្ឋានពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយនៃរដ្ឋបាលក្រុងសេអ៊ូល និងអង្គភាព ហ្គូតណែប៊ឺស អន្តរជាតិប្រចាំនៅកម្ពុជា តែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ នឹងការខ្វះខាតរបស់កងទ័ពកម្ពុជា។ ឯកឧត្តម បញ្ជាក់ទៀតថា៖ ជំនួយដែល បានផ្ដល់ឲ្យនៅពេលនេះគឺពិតជាចំគោលដៅ ដែលកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ កំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់បម្រើឲ្យសកម្មភាពការងារមនុស្សធម៌លើការងារសង្គ្រោះគ្រោះមហន្តរាយនានា ដែលកើតមានឡើង នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ឃុន វុធ បានរំលឹកថា៖ រថយន្តគិលានសង្គ្រោះបន្ទាន់ដែលបានផ្ដល់ជូន នាពេលនេះមិនមែនសម្រាប់តែប្រើក្នុងកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះជាប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានកងទ័ពផងដែរ ទៅកាន់មន្ទីរពេទ្យ ពិសេសការចល័តជួយគាំពារ ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងទ័ព គ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងគ្រួសារ រួមនិងប្រជាពលរដ្ឋ ៕