កងទ័ពប្រជាជនកម្ពុជា និងកងទ័ពប្រជាជនវៀតណាម នៅតែជួយគ្នាទៅវិញទៅមកជា រៀងរហូត ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាប្រសាសន៏របស់ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសកម្មភាពរបស់ ក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យពហុព្យាបាលជំនាញ ហ្វាហាវ មេឌីក កឹនថឺ ប្រទេសវៀតណាម នាព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដែលក្រុមគ្រូពេទ្យទាំងនោះបានចុះមកជួយពិនិត្យ ព្យាបាលផ្តល់ថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់យោធិនពិការ គ្រួសារយោធិន និងប្រជាពលរដ្ឋក្រីក្រ មនុស្សចាស់ជរា កំពុងជួបការលំបាក ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប ប្រមាណ ៨០០នាក់។
តាងនាម សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯ.ឧ មាស សាវ៉ន សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យពហុព្យាបាលជំនាញ ហ្វាហាវ មេឌីក កឹនថឺ ប្រទេស វៀតណាម ដែលបានស្ម័គ្រចិត្ត ចុះមកជួយពិនិត្យ, ព្យាបាល និងផ្ដល់ថ្នាំ ដោយឥតថ្លៃ ជូនយោធិនពិការ គ្រួសារយោធិន និងប្រជាពលរដ្ឋក្រីក្រ នាពេលនេះ។ ឯកឧត្តម ក៏បានបន្តទៀតថា៖ ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី កន្លងមក តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខមាលភាព ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះសបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ គឺជាអ្នកដឹកនាំមួយរូប ដែលស្ថិតនៅរួមសុខ រួមទុក្ខ ជាប់ជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ឯ.ឧ បន្តទៀតថា៖ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្នុងអណត្តិកន្លងមក សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងសម្រេចបាន នូវសមទ្ធិផល លើគ្រប់វិស័យ ក្នុងនោះ សង្កត់ធ្ងន់ជា អាទិភាពគឺ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ស្ថិរភាពនយោបាយ និង សមទ្ធិផលសង្គមជាតិឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស។ ជាពិសេសក្រោម ការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ដែលជាប្រមុខដឹកនាំប្រទេសយើង គឺទទួលបានមកវិញនូវសុខសន្តិភាព ពេញលេញ និងការឯកភាពជាតិ ឯកភាព ទឹកដី យើងមាន ឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើង ឡើងវិញ នាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។ ឯកឧត្តម មាស សាវ៉ន បានបន្តទៀតថា៖ កន្លងមករាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ មកដល់ពេលនេះ យើងអាចគ្រប់គ្រងជំងឺកូដ-១៩ បានយ៉ាងល្អប្រសើរ កាត់បន្ថយការឆ្លងរាតត្បាត និងគ្រោះថ្នាក់ដល់អាយុជីវិត និងប្រកបដោយសុវត្ថិភាព រហូតមកដល់ថ្ងៃនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ ប្រកបដោយភាពធន់ និងរឹងមាំ។ ឯកឧត្តម មាស សាវ៉ន ក៏បានថ្លែងជូនពរ យោធិនពិការ គ្រួសារយោធិន និងប្រជាពលរដ្ឋ នៅក្នុងស្រុកបាគង ខេត្តសៀមរាប ទាំងមូលបន្ទាប់ពីបានមកទទួលការព្យាបាលនៅពេលនេះរួចហើយ សូមឲ្យទទួលបាននូវ ការជាសះស្បើយពីរោគនានា ហើយពេលត្រឡប់ទៅមូលដ្ឋានវិញមានកំលាំង ពលំ អាចប្រកបរកស៊ីចិញ្ចឹមជីវិត ដើម្បីជីវភាពរស់នៅបានធូរធារតរៀងទៅ។
គួរបញ្ជាក់ថា៖ យោងតាមសំណើររបស់អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ ផ្ញើជូនប្រធានក្រុមប្រឹក្សាភិបាលអំពីការស្នើជួយសម្រួលក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យពហុព្យាបាល ជំនាញ ហ្វាហាវ មេឌីក កឹនថឺ ប្រទេសវៀតណាម ឲ្យមកជួយភាគីមិត្តក្នុងការជួយពិនិត្យព្យាបាល ផ្តល់ថ្នាំដោយ ឥតគិតថ្លៃ និងជូនអំណោយដល់យោធិនពិការ គ្រួសារយោធិន និងប្រជាពលរដ្ឋនៅក្នុងស្រុកបាគង ខេត្តសៀមរាប កំពុងជួបការលំបាក។ អនុវត្តការងារនយោបាយប្រចាំឆ្នាំរបស់មន្ទីរពេទ្យ និងមានគោលបំណងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព រវាងតំបន់មូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសរវាងមន្ទីរពេទ្យ ពហុព្យាបាល ជំនាញ ហ្វាហាវ មេឌីក កឹនថឺ និងអគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យ ពហុព្យាបាលជំនាញ ហ្វាហាវ មេឌីក កឹនថឺ បានរៀបចំប្រតិភូ បុគ្គលិកពេទ្យ ចំនួន ប្រមាណ ៥៥នាក់ មកពិនិត្យព្យាបាល និងចែកអំណោយ ដល់យោធិនពិការ គ្រួសារ និងប្រជាពលរដ្ឋក្រីក្រ និងមនុស្សចាស់ជរា នៅស្រុកបាគង ខេត្តសៀមរាប រយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី ៩ ឧសភា ២០២៣នេះ ៕