សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ជីហ៊ាន (Teo Chee Hean) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិ នៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។ ក្នុងជំនួបនោះ ឯកឧត្តម ធាវ ឈីហ៊ាន បានសម្ដែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលស្វាគមន៍ និងអនុញ្ញាតឲ្យគណៈប្រតិភូការងារសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី បានចូលជួបសំដែងការគួរសម សំណេះសំណាល និងពិភាក្សាការងារនាពេលនេះ ព្រមទាំងបានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំរដ្ឋាភិបាលសិង្ហបុរី ជូនដល់សម្ដេចពិជ័យសេនា ដែលកន្លងមកតែងតែបានចូលរួមរាល់គ្រប់កម្មវិធី នៃវេទិកាសន្ទនា សាំងគ្រីឡា ដែលរៀបចំឡើងដោយប្រទេសសិង្ហបុរី។ ឯកឧត្តម មានប្រសាសន៍ថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដោយការរីករាលដាលជាសកលនៅជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យវេទិកាសន្ទនាសាំងគ្រីឡា ត្រូវបានអាក់ខាន មិនបានរៀបចំ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា នៅឆ្នាំក្រោយបន្ទាប់ សម្ដេចពិជ័យសេនា និងអញ្ជើញទៅចូលរួមក្នុងវេទិកានេះជាថ្មីម្ដងទៀត។ ឯកឧត្តម ធាវ ជីហ៊ាន បានជម្រាបជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ថា៖ ដំណើរទស្សនកិច្ច របស់ឯកឧត្ដម មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ពិសេសកងទ័ពទាំងពីរ ឱ្យឈានឡើងមួយកម្រិតទៀត។ ក្នុងនោះដែរ ឯកឧត្តម បានសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នៃការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ នឹងកីឡាជនពិកា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ បានយ៉ាងល្អអស្ចារ្យ និងជោគជ័យ ហើយឯកឧត្តម បានបន្តថា កីឡាករ កីឡាការិនី ដែលបានមកចូលរួម ទទួលបាននូវការរីករាយ និងទទួលបាន នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីប្រជាជនកម្ពុជា។ ឯកឧត្តម ធាវ ជីហ៊ាន (Teo Chee Hean ) បានសំដែងនូវការអបអរផងដែរ ជាមួយកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំង និងកូវីដ-១៩ បានដោយជោគជ័យ ហើយបានបើកប្រទេសឡើងវិញ ប្រកបដោយការជឿរជាក់ និងការដឹកនាំកិច្ចប្រជុំប្រមុខការពារជាតិ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកប ដោយជោគជ័យ។
ជាការឆ្លើយតប សម្ដេចពិជ័យសេនា ទៀ បាញ់ តាមរយៈឯកឧត្តម ធាវ ជីហ៊ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដែលបានធ្វើឲ្យព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាកាន់តែមានភាពអធិកអធមថែមទៀត។ សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល សិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ កន្លងមក។ ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ពិសេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដើម្បីឈានឡើងមួយកម្រិតទៀតនោះ សម្ដេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ហើយលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិនិត្យមើល ការជំរុញការអនុវត្តលើកិច្ចព្រមព្រៀង និងអនុស្សណៈ ដែលមានស្រាប់ ជាពិសេសលើវិស័យការពារជាតិ។ បន្ថែមលើនេះ សម្តេចពិជ័យសេនា ក៏បានលើកទឹកចិត្ត ឱ្យពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដទៃៗទៀត ពិសេសវិស័យការពារជាតិ ដែលប្រទេសទាំងពីរ អាចធ្វើទៅបាន ៕