ព័ត៌មាន

សម​យុទ្ធ ​វិធី​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
930
3098 សម​យុទ្ធ ​វិធី​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ

        កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ឧសភា ​ឆ្នាំ​២០២៣​ ក្រុម​ការងារ​ប្រតិបត្តិការ ​របស់​នាយក​ដ្ឋាន​នគរបា​ល​បង្ការ​ ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃអ​គ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហា​ផ្ទៃ​ សហការជា​មួយ​ជំនាញ​ នៃ​នាយក​ដ្ឋាន​វិស្វកម្ម​ និង​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ជាក់​ស្តែង​មួយ​ ដើម្បី​បំប៉ន​វិធី​បង្ការ​ ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ (បឋម) ឲ្យដល់​មន្ត្រី​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​កំពុង​បម្រើ​ការ​ នៅ​ក្នុង​បរិវេណ ​និង​នៅ​មុខ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ស្ថិត​តាម​បណ្តោយ​មហា​វិថី​សហ​ពន្ធ័​រុស្សី ​ឲ្យ​បាន​យល់​ដឹង​ពី​វិធី​បង្ការ ​ពន្លត់​អគ្គីភ័យ ​និង​សង្គ្រោះ​បឋម​ ពេល​មា​នបញ្ហា​អគ្គី​ភ័យ​កើត​ឡើង​ជាយថា​ហេតុ​ណា​មួយ ​នៅ​ក្នុង​បរិវេណ​អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ​ថ្មី ​នៃទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​។ សម​យុទ្ធ​វិធី​បង្គា ​ពន្លត់​អគ្គីភ័យ ​និង​សង្គ្រោះ ​បាន​ធ្វើ​ឡើង​នេះ​ បា​ន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ ​និង​ក្នុង​បរិវេណ​នៃ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ ​ក្រោម​វត្តមាន ​នាយ​ឧត្តម​សេនីយ៍ ​ឃុន វុធ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ ថែ​ទាំ​ អគារ​រដ្ឋបាល ​និង​សាល​ប្រជុំទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​។

        ឧត្តម​សេនីយ៍​ទោ​ លឹម ចាន់រិទ្ធី នាយ​ក​រង​នាយក​ដ្ឋាន​វិស្វកម្ម​ក្រសួង​ការពា​រ​ជាតិ​ បាន​គូស​បញ្ជាក់​ថា​៖ នៅ​ក្នុង​អគារ​រដ្ឋបាល ​និង​សាល​ប្រជុំ​ធំ​ថ្មី​ របស់​ក្រសួង​ការពារ​ជា​តិ​នេះ ​ត្រូវ​បាន​សាង​សង់​រួច​រាល់​នៅខែ​ធ្នូ ​ឆ្នាំ​២០២១​ និង​បាន​បំពាក់​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ឆ្លាត​វៃ​តាម​ប​ទ​ដ្ឋាន​បច្ចេកទេស​ត្រឹម​ត្រូវ​ ច្បាស់​លាស់ ​មាន​ដូច​ជា​៖​ ប្រព័ន្ធ​គ្រប់​គ្រង​រលក​សញ្ញា​ប្រកាស​អាសន្ន ​និង​ជូន​ដំណឹង​អំពី​អគ្គិភ័យ​នៅ​បន្ទ​ប់​ប្រចាំ​ការ​រួម​ដែល​អាច​ដឹង​បាន​ភ្លាមៗ​នៅ​គ្រប់​តំបន់ ​ដែល​កំពុង​មាន​ហានិភ័យ​។

        ឧត្ត​ម​សេនីយ៍​ទោ​ សឿ រិទ្ធី អនុ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គ​ស្នង​ការ​នគរបា​លជាតិ ​បាន​បញ្ជាក់​ថា​៖  កា​រធ្វើសម​យុទ្ធ​ពន្លត់​អគ្គិភ័យ​ជាក់​ស្ដែង ​និង​ការ​បំប៉ន​ជំនាញបឋម​នៅ​ពេល​នេះ​ មាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គិភ័យ​ចំនួន ​៣​គ្រឿង ​និង​មាន​កម្លាំង​ជំនាញ​ចូល​រួម​ប្រតិបត្តិការ​ចំនួន​ ២៨​​នាក់​។ ឧត្ត​មសេនីយ៍​ទោ​ សឿ រិទ្ធី បញ្ជាក់​ទៀតថា​៖​  នេះ​គឺ​ជាលើក​ទី​មួយ​ហើយ​ សម្រាប់​ស្ថាប័ន​ជាតិ ​ដែល​មាន​ក្រសួង​ការពារ​ជា​តិ ជា​គំរូ ​ដែល​បាន​យ​កចិត្ត​ទុក​ដាក់​ខ្ពស់​ អំពី​សុវត្ថិភាព​ពាក់​ព័ន្ធ​វិស័យ​អគ្គីភ័យ​ ពី​ព្រោះថា ​ការធ្វើ​សមយុទ្ធ​ពន្លត់​អគ្គីភ័យ​ និង​ការ​បំប៉ន​ជំនាញ​សង្គ្រោះ​បឋម​ ពេល​នេះ​ បាន​បង្ហាញ​អំពី​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពា​រជាតិ​ សម្រាប់​បង្កើន​ចំណេះដឹ​ង ដល់​កង​កម្លាំង​វិស្វកម្ម ​ក្នុងការចូល​រួម​បង្ការ​ទប់​ស្កាត់​ ក្នុង​ហេតុកា​រ​ណ៍​អាក្រក់​ណា​មួយ ដែល​កើត​មាន​ឡើង​ដោយ​ចៃដន្យ​។ 

        នាយ​ឧត្តម​សេនីយ៍ ឃុន វុធ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ថ្លែង​ថា​៖ សម​យុទ្ធ​ជាក់​ស្ដែ​ង បំប៉ន​វិធី​បង្ការ​ ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ ​ដែល​បង្ហាត់​បង្ហា​ញ​ដោយ​មន្ត្រី​នៃ​នាយក​ដ្ឋាន​បង្ការ​​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ រ​បស់​អគ្គស្នង​ការ​នគរបាល​ជាតិ​ ក្រសួង​មហា​ផ្ទៃ​ ឲ្យ​ដល់​មន្ត្រី ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ដែល​កំពុង​បម្រើការនៅ​ក្នុង​អគាររដ្ឋ​បាល​ និង​សាល​ប្រជុំថ្មី ​នៃ​ទីស្ដីកា​រ​ក្រសួងកា​រពារ​ជាតិ​ នៅ​ពេលនេះ​ គឺ​ពិត​ជា​មានសារៈ​សំខាន់​បំផុត ​ដើម្បី​ជា​ទុន​មួយ​ ដល់​មន្ត្រី​ទាំង​នោះ​ អាច​ប្រើ​ប្រាស់​នៅ​ប្រព័ន្ធ​ពន្លត់​អគ្គីភ័យ​ បឋម​ ដែល​មានស្រាប់​នៅ​ក្នុង​អគារ ​ពេល​មាន​ហេតុ​ការណ៍​អគ្គីភ័យ​ណា​មួយ​កើតឡើ​ង ជា​យ​ថាហេតុ ​នៅ​ក្នុង​បរិវេណ​នៃ​អគារ​រដ្ឋបាល ​និង​សាល​ប្រជុំថ្មី ​នៃ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​ បាន​យ៉ាង​ទាន់​ពេល​វេលា​។ ដូច្នេះនា​យ​ទាហាន​ទាំង​អស់​ដែល​ចូល​រួម​នៅ​ថ្ងៃនេះ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ស្ដាប់​អនុវត្ត​ប្រតិបត្តិ ​តាមកា​រ​ពន្យល់​ណែនាំ​របស់​គ្រូឧទ្ទេស​ជំនាញ​បង្ការ​ ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ ​របស់​នាយកដ្ឋាន​បង្ការ​ ពន្លត់​អគ្គីភ័យ ​និង​សង្គ្រោះ ​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ ​ក្រសួង​មហា​ផ្ទៃ ​ក្នុង​អំឡុង​ពេលនៃ​សម​យុទ្ធ​ជាក់​ស្ដែង​នេះ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ