ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី ២០ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៧ ក្នុងកិច្ចសន្ទនាសាំងហ្គីឡា ក្រោមប្រធានបទ៖ «ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ»។
ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី ២០ នាឱកាសនោះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាច បានបង្កការរំខានដល់ភាពសុខដុម និងវិបុលភាព នៃប្រទេសតូចតាចដទៃទៀត។ ជាការពិត គូប្រជែងមុខជាមិនបានទទួលផលចំណេញឡើយ ព្រោះពួកគេ ជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក យូរអង្វែងតទៅទៀត។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា យើងពិតជាមិនចង់ ឃើញចិន ក៏ដូចជាអាមេរិក ចុះខ្សោយនោះទេ។ ការចុះខ្សោយរបស់អ្នកណាម្នាក់ ឬក៏របស់អ្នកទាំងពីរ នឹងបង្កឲ្យមានហានិភ័យសម្រាប់ប្រទេស ទូទាំងតំបន់ និងពិភពលោក ជាក់ជាមិនខាន។ ក្នុងនាមជាសមាជិកមួយ នៃអាស៊ានកម្ពុជាចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែងទាំងអស់ ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។ យើងក៏ចង់ ឲ្យមានការបន្ធូរភាពតានតឹង និងធ្វើឲ្យប្រក្រតីឡើងវិញ នូវស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការស្វែងរកវិធីសាស្រ្តណាមួយ ដែលអាចទទួលយកបាន ដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។ ការបង្កើត និងដំណើរការ នៃយន្តការមួយចំនួន ដែលធ្វើឡើងដោយ ប្រទេសធំៗក្នុងតំបន់ កំពុងត្រូវបានយល់ឃើញ ក្នុងទិដ្ឋភាពផ្សេងៗគ្នា។ ជាការប្រសើរ ប្រសិនបើយន្តការ ឬភាពជាដៃគូទាំងនោះ បម្រើឲ្យសន្តិភាពស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ផ្ទុយទៅវិញ សកម្មភាពដែលមានចរិត ជាការធ្វើឲ្យអន្តរាយដល់ប្រទេសណាមួយទៀត នឹងរឹតតែបង្កើនភាពតានតឹង ក្នុងតំបន់ ទោះបីជាមានការអះអាងថា វិធានការទាំងនោះគឺដើម្បីតុល្យភាព ផ្នែកយុទ្ធសាស្ត្រ ក៏ដោយ។
ទាក់ទងទៅនឹងប្រទេសមីយ៉ាន់ម៉ា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ថា៖ បញ្ហាមីយ៉ាន់មា គឺជាភាពប្រឈមមួយ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់ និងមជ្ឈភាព (Centrality) របស់អាស៊ាន។ នៅក្នុងទស្សនៈសម្តេចពិជ័យសេនា បានបន្ថែមថា៖ តួនាទីរបស់អាស៊ានក្នុងការជំរុញឲ្យមានដំណោះស្រាយ គឺពិតជាសំខាន់ណាស់ តែមិនអាចធានាជោគជ័យទាំងស្រុងនោះទេ បើសិនគ្មានឆន្ទៈពិតប្រាកដ ពីមីយ៉ាន់ម៉ាខ្លួនឯង។ ការស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមតួអង្គទាំងឡាយរបស់មីយ៉ាន់ម៉ា អាចជាគន្លឹះ នៃដំណោះស្រាយ។ តាមបទពិសោធន៍របស់កម្ពុជានាអតីតកាល គោលនយោបាយឈ្នះ ឈ្នះ ដោយផ្អែកលើសម្បទាន រួមទាំងការផ្ដល់កិត្តិយស និងទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ស្ថិតស្ថេរយូរអង្វែង។ នេះក៏ជាគំរូមួយទៀត ដែលកើតឡើងដោយការរួមបញ្ចូលគ្នាមិនអាចខ្វះបាន រវាងឆន្ទៈនយោបាយ ឯកភាពជាតិ និងការជ្រោមជ្រែងដោយសុទ្ធចិត្តពីខាងក្រៅឈរលើការគោរពផលប្រយោជន៍រួម ជាធំ។
ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ ពិតមែនថាការបំផ្លាញធម្មជាតិ និងការបំពុលបរិស្ថាន កើតមាននៅគ្រប់ទិសទី តែប្រទេសឧស្សាហកម្មធំៗ គឺជាប្រភពចម្បង នៃការប្រែប្រួលធាតុអាកាស។ យើងបានឃើញកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកាតបន្ថយហានិភ័យធ្ងន់ធ្ងរសម្រាប់ផែនដីយើង តែហាក់មិនទាន់បានទទួលលទ្ធផលជាដុំកំភួននៅឡើយទេ។ ជារឿយៗ យើងបានឃើញរបាយការណ៍ស្តីពីស្ថានភាពនៃបម្រែបម្រួលធាតុអាកាស កាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះតម្រូវឲ្យមានការខិតខំរួមគ្នាច្រើនថែមទៀតនៅក្នុងបញ្ហានេះ ជាពិសេសប្រទេសឧស្សាហកម្មធំៗ ត្រូវធ្វើជាគំរូនៅក្នុងការខិតខំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថានតាមរូបភាពផ្សេងៗទៀត ៕