នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ក្រុមការងារ សមាគមអតីតយុទ្ធជន បានបន្តចុះជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកអតីតយុទ្ធជនកម្ពុជាស្រុកបរិបូរណ៏ ចំនួន ២៧៣នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបរិបូរណ៏មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម ក៏បានមានប្រសាសន៍អំពីគុណបំណាច់ នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ ក្នុងស្រុកបរិបូរណ៏ ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិន ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តម គន់ គីម បញ្ជាក់ទៀតថា៖ មន្រ្តីរាជការជំនាន់ក្រោយ បានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត នូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីបងប្អូនអតីតយុទ្ធជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លើសពីនេះសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ក្នុងស្រុកបន្ទាយអំពិល នោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ ៕