ព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ អនុប្រធានក្រុមការងារសៀវភៅសការពារជាតិ បានចុះមកផ្សព្វផ្សាយសៀវភៅសការពារជាតិ ឆ្នាំ២០២២ ឲ្យដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានយោធភូមិភាគពិសេស និងកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងទាំងពីរ កណ្តាល កំពង់ឆ្នាំង ប្រមាណជា២២៨នាក់ បានចូលរួមស្តាប់។ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំក្នុងបញ្ជាការដ្ឋានយោធភូមិភាគពិសេស។
បន្ទាប់ពីឧត្តមសេនីយ៍ត្រី ញ៉ែម សុបញ្ញាធី មេបញ្ជាការរង យោធភូមិភាគពិសេស អានសុន្ទរកថាស្វាគមន៍រួចមក ឧត្តមសេនីយ៍ឯក វ៉ា មុនី បានបញ្ជាក់ថា៖ ការងារកសាង ឯកសារសៀវភៅសការពារជាតិនេះ គឺជាការកសាងនូវ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់រយៈពេលវែង។ ដើម្បីផ្តល់នូវសារៈប្រយោជន៍សម្រាប់វិស័យការពារជាតិ និងកិច្ចការងារសន្តិសុខ ហើយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ បច្ចុប្បន្នអ្វីដែលប្រឈមនឹងវិស័យការពារជាតិ គឺការងារសន្តិសុខក្នុងតំបន់ និងផលប៉ះពាលដោយមានការប្រគួតប្រជែងនៃយុទ្ធសាស្ត្រ ក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងភូមិសាស្ត្រសេដ្ឋកិច្ចផងដែរ។ គោលបំណងនៃការចងក្រងសៀវភៅស ការពារជាតិ គឺបានឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យ ការពារជាតិ បង្កើនការសិក្សាស្វែងយល់ និងពង្រឹងការយល់ដឹងលើវិស័យការពារជាតិ បង្ហាញតម្លាភាពនៃគោលនយោបាយការពារជាតិ និងអន្តរជាតិ។ សារៈសំខាន់នៃសៀវភៅសការពារជាតិ គឺជាមគ្គុទេស៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា លើវិស័យការពារជាតិ ជាត្រីវិស័យសម្រាប់កងយោធពលខេមរភូមិន្ទ ជាឯកសារគោលសម្រាប់ការធ្វើកំណែទម្រង់ និងទំនើបកម្មកងយោធពលខេមរភូមិន្ទ និងជាឯកសារគោលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ នៃអង្គភាពនីមួយៗ។
ក្នុងឯកសារសៀវភៅ ស ការពារជាតិ ផ្នែកទី១ បង្ហាញទស្សនៈចំពោះការអនុវត្តគោលនយោបាយការពារជាតិ គឺពិនិត្យ និងវាយតម្លៃលើការអនុវត្តយុទ្ធសាស្ត្រការពារជាតិ កន្លងមក វិភាគស្ថានការណ៍សន្តិសុខដែលជះឥទ្ធិពលមកប្រទេសជាតិ វាយតម្លៃការគំរាបកំហែង មកលើសន្តិសុខជាតិ កំណត់គោលនយោបាយការពារជាតិ ឆ្នាំ២០២៣ ថែរក្សាសន្តិភាព ការពារផលប្រយោជន៍ជាតិ លើកតម្កើងគុណតម្លៃ នៃប្រវត្តិសាស្រ្តយោធា និងនយោបាយ ឈ្នះ ឈ្នះ។ ផ្នែកទី២ យុទ្ធសាស្ត្រការពារជាតិ និងអាទិភាព នៃកិច្ចការពារជាតិ កិច្ចការពារព្រំដែន កំណែទម្រង់យោធា និងកិច្ចសប្រតិបត្តិការអន្តរជាតិ និងផ្នែកទី៣ ការអនុវត្តយុទ្ធសាស្ត្រការពារជាតិ មានអាទិភាព នៃកិច្ចការពារជាតិ បច្ចេកវិទ្យា និងនវានុវត្តយោធា ព្រមទាំងថវិកាការពារជាតិ។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក វ៉ា មុនី បានផ្តល់សៀវភៅសការពារជាតិជូន ឯកឧត្តម នៅ សាវុធ មេបញ្ជាការរង យោធភូមិភាគពិសេស ព្រមទាំងតំណាងបណ្តាកងឯកភាពចំណុះយោធភូមិភាគពិសេស នូវសៀវភៅសការពារជាតិនាឱកាសនោះផងដែរ ៕