សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត (សាខាមានជ័យ) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ការផ្តល់ទំនុកចិត្តពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ក៏ដូចជាបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា សាលាបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាខាមានជ័យ ដែលមានទីតាំងនៅលើបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅលើផ្ទៃដីទំហំ ០៥ ហិចតា ដែលមានផ្ទៃសំណង់សរុប ៣២ពាន់ ៥៨៥ម៉ែត្រការ៉េ ដើម្បីផ្ដល់ជូនដល់សិស្សានុសិស្សនូវការសិក្សាស្តង់ជាអន្តរជាតិដ៏សំបូរបែប មានអគារសិក្សាទំនើប ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ បន្ទប់សិក្សាធំទូលាយ បណ្ណាល័យ និងបន្ទប់ពិសោធន៍ស្របតាមបទដ្ឋានអប់រំអន្តរជាតិ។
លោកជំទាវ ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា សាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានឲ្យដឹងថា៖ គម្រោងនេះរួមមាន៖ អាគាររដ្ឋបាល អគារសិក្សាកម្រិតមត្តេយ្យ អគារសិក្សាកម្រិតបឋម អគារកម្រិតមធ្យមសិក្សា អគារសាលសន្និសីទ អគារស្នាក់នៅរបស់សិស្ស អគារហាត់ប្រាណ តារាងបាល់ទាត់ តារាងបាល់បោះ បាល់ទះ អាងហែលទឹក សួនជ្រាបទឹក អាហារដ្ឋាន ទីធ្លាលេងកីឡា ចំណត់រថយន្ត និងម៉ូតូ ប្រកបដោយសុវត្ថិភាព និងផាសុខភាព។ល។ ដែលអាចទទួលសិស្សានុសិស្សចូលរៀនបាន ចំនួនប្រមាណ ២ ពាន់នាក់ និងអាចផ្ដល់ឱកាសការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួនប្រមាណ ៥ រយនាក់។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ២២ លាន ៨១ម៉ឺន ៩ពាន់ ៣១០ ដុល្លាអាមេរិក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នៅក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ រាជរដ្ឋាភិបាល អាណត្តិទី ៦ នេះ បានកំណត់យកអាទិភាពចំនួន ៤ រួមមាន “ផ្លូវ ទឹក ភ្លើង មនុស្ស ដើម្បីជម្រុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទីមួយ គឺការអភិវឌ្ឍធនធានមនុស្ស សំដៅបង្កើនគុណភាពអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើគុណភាពនៃការអប់រំ ការបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិតទាំងក្នុងគ្រឹះស្ថានរដ្ឋ និងឯកជន សំដៅលើកកម្ពស់ សមត្ថភាព គុណវុឌ្ឍ គ្រូបង្រៀន និងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សាតាមនិន្នាការថ្មី ពង្រឹងការគ្រប់គ្រង សាលារៀន និងទំនាក់ទំនងជិតស្និទ្ធរវាងសាលាជាមួយមាតាបិតាសិស្ស, ពង្រឹងការប្រឡង និងវាយតម្លៃ លទ្ធផលសិក្សាសិស្សថ្នាក់ជាតិ អន្តរជាតិ និងបង្កើនការសិក្សាស្រាវជ្រាវ។
សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ រួមទាំងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស ទាំងភាសាខ្មែរ និងភាសាបរទេស សិក្សាទៅមុខទៀត ក្មួយៗនឹងក្លាយជាធនធានមនុស្សទទួលបានចំណេះដឹង ចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់បន្តវេន, កសាង ការពារ អភិវឌ្ឍន៍សង្គមជាតិឱ្យឆ្លើយតបបានទៅ នឹងបរិបទនៃការវិវត្តក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបំពាក់មេដាយ ផ្តល់រង្វាន់ និងបណ្ណសរសើរ ដល់សិស្សឆ្នើម នៃសាលាអាមេរិកកាំងហ្គោលឌិនហ្គេត ដែលមានស្នាដៃល្អក្នុងការចូលរួមប្រកួតកម្មវីធីសិក្សាធំៗអន្តរជាតិនៅក្រៅប្រទេស និងបានអញ្ជើញចុចប៊ូតុងបើករដ្ឋានសាងសង់សាលាអាមេរិកកាំងហ្គោលឌិនហ្គេត សាខាមានជ័យផងដែរ។ សូមបញ្ជាក់ថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបង្កើតឡើងតាំងពី ឆ្នាំ១៩៩៦ មក រហូតមកដល់បច្ចុប្បនេះ មានចំនួន ៤ សាខា គឺសាខាព្រះស៊ីសុវត្តិ សាខាទួលគោក សាខាម៉ៃដា និងសាខាសែនសុខ។ សាលាបានបើកបង្រៀន ថ្នាក់មត្តេយ្យ ថ្នាក់ភាសាអង់គ្លេស ភាសាថៃ ភាសាជប៉ុន ភាសាចិន Computer និងវគ្គជំនាញខ្លីៗ ដូចជា គណនេយ្យ ទីផ្សារ រដ្ឋបាលទូទៅ គ្រប់គ្រងទូទៅ។ បំប៉នភាសាចិន និងថ្នាក់បំប៉នភាសាខ្មែរ។ ចាប់តាំងពីឆ្នាំ២០០៩មក សាលាបានបើកបង្រៀនចំណេះដឹងទូទៅភាសាខ្មែរ អនុវត្តន៍តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ៕