នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកំណែទំរង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ សម្រាប់ឆមាសទី ១ ឆ្នាំ២០២៣ ទិសដៅអនុវត្តការងារឆមាសទី ២ ឆ្នាំ២០២៣ ដែលនៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង នាយក នាយករង និងនាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ឹង សំផន បានលើកឡើងពីសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ដែលបានកើតមានឡើងនៅក្នុងតំបន់ និងលើសាកលលោកជូនដល់អង្គប្រជុំក្នុងឱកាសនោះផងដែរ។ ឯកឧត្តម ម៉ឹង សំផន បានបន្តថា៖ សម្រាប់កងទ័ព ការងារហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងកម្លាំងទ័ព លើវិស័យការពារជាតិ ឲ្យបានរឹងមាំ យើងត្រូវតែធ្វើយ៉ាងណា បើកចែកថវិកា និងគោលរបបនានា ឲ្យបានដល់ដៃកងទ័ព ទាន់ពេលវេលា និងគ្រប់ចំនួនស្របតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល បានដាក់ចុះដើម្បីឲ្យកងទ័ព កាន់តែមានសមត្ថភាព និងមានជីវភាពរស់នៅកាន់តែប្រសើជាងមុន។ ឯកឧត្តម ម៉ឹង សំផន បានបញ្ចាក់បន្ថែមថា៖ គោលបំណងនៃកិច្ចប្រជុំនេះ ក៏ដើម្បីត្រួតពិនិត្យការងារ ការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយដល់ថ្នាក់ដឹកនាំ និងនាយទាហាន ទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញអោយការអនុវត្តភារកិច្ចជំនាញហិរញ្ញវត្ថុ អោយចំគោលដៅ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងរាជរដ្ឋាភិបាលបានដាក់ចុះ ធ្វើយ៉ាងណា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយបានល្អ។ ឯកឧត្តម ម៉ឹង សំផន បានជំរុញអោយតាមអង្គភាពនីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិ អោយបានសមស្រប សន្សំសំចៃ និងមានគណីយភាព។ ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំ ធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចជាតិមានការកើនឡើង រាជរដ្ឋាភិបាល បានបង្កើនប្រាក់បៀវត្សរ៍ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ដែលបានរួមចំណែកលើកកំពស់ជីវភាពរស់នៅ កាន់តែប្រសើជាងមុន ៕