ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូនិស្សិតនាយទាហាន កងទ័ពរំដោះប្រជាជនចិន ចំនួន៥៤រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃសាធារដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ)។
ក្នុងឱកាសអញ្ជើញដល់ ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ជា តារា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងថ្នាក់ដឹកនាំ យោធាចារ្យ នៃសាកលវិទ្យាល័យការពារជាតិ ជាជ្រើនរូបទៀត។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា បានសំដែងនូវសេចក្តីសប្បាយរីករាយ ដោយបានឃើញចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែកថែប រវាងរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ី ជិនពីង, ក្រសួងការពារជាតិ ដឹកនាំដោយ សម្តេចពិជ័យសេនា និងសាកលវិទ្យាល័យការពារជាតិទាំងពីរ កម្ពុជា-ចិន សមនឹងពាក្យ “កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ” «កម្ពុជា មិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់ខ្លួននោះទេ» ចំណងមិត្តភាព «ដែកថែប» «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និង «សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា» ក្នុងគោលការណ៍ស្មើភាព និងស្មើសិទ្ធិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៍ បណ្ឌិត ជា តារា បានជំរាបជូនប្រតិភូថា សាកលវិទ្យាល័យការពារជាតិ មាន ៦មហាវិទ្យាល័យចំណុះ មាន៣មជ្ឈមណ្ឌល និង៩ការិយាល័យចំណុះ ហើយបានខិតខំដំណើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងជំនាន់ទី២ ស្របតាមទិសដៅប្រមុខរាជរដ្ឋាភិបាល និងផែនការក្រសួងការពារជាតិ ដើម្បីចូលរួមការពារជាតិមាតុភូមិ ការពារប្រជាជន និងសុខសន្តិភាពនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ មាននិស្សិត និងសិក្ខាកាមចូលរួមជិត ២ពាន់នាក់។ ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ ពិតជាជួយបង្កើនបាននូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិការកាន់តែល្អជាមួយនឹងសាកលវិទ្យាល័យការពារជាតិទាំងពីរផងដែរ។
ក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន បានសម្តែងនូវក្តីសប្បាយរីករាយចំពោះជំនួបជាលើកទី១ ក្រោយពេលសាកលវិទ្យាល័យ ការពារជាតិទាំងពីរ កម្ពុជា-ចិន បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយគ្នា ក្នុងដំណាក់កាលកូវីដ ១៩។ បច្ចុប្បន្ននេះទំនាក់ទំនងកងទ័ពយើងទាំងពីរ បានអភិវឌ្ឍកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមេដឹកនាំ បង្កើនកិច្ចសហប្រតិបត្តិការ សមយុទ្ធលំហាត់រួម និងការបំប៉នធនធានមនុស្ស។ បន្ទាប់មក ថ្នាក់ដឹកនាំភាគីទាំង២បានជួបប្រជុំចង្អៀត ដើម្បីពិនិត្យមើលសំណើរបស់ សាកលវិទ្យាល័យការពារជាតិកម្ពុជា ស្នើសុំសាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន ជួយដល់ការអភិវឌ្ឍន៍ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ដូចជា ផ្លាស់ប្តូរទស្សនកិច្ចសិក្សាដកបទពិសោធន៍ទៅវិញទៅមក រវាងថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ សាស្ត្រាចារ្យ យោធាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យប្រទេសទាំងពីរ។ សំណើសុំជួយសម្រួលបើកថ្នាក់បង្រៀន ភាសាចិនកម្រិតមូលដ្ឋានសម្រាប់និស្សិត និងសិក្ខាកាម កម្ពុជា មុនពេលចេញទៅបន្តការសិក្សានៅប្រទេសចិន និងពិនិត្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រភាសាចិន នៅប្រទេសចិន និងសំណើចាំបាច់មួយចំនួនទៀត សំដៅលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ាវ ធៀនឡាំង និងប្រតិភូបានដាំឈើប្រណិត(ដើមនាងនួន) ទុកជាអនុស្សរីយ៍នៅសាកលវិទ្យាល័យការពារជាតិ និងជាចំណងមេត្រីភាពផងដែរ។ ក្រោយជំនួបពិភាក្សារួចមក, គណៈប្រតិភូចិន រួមនិងអនុព័ន្ធយោធា បានអញ្ជើញពិសារបាយអាហារសាមគ្គី នៅសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) ក្រោមបរិយាកាសមិត្តភាព កិច្ចសហប្រតិបត្តិការល្អ រីករាយនិងស្និទ្ធស្នាលក្រៃលែង ៕