នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូនិស្សិត នាយទាហាន មកពីសាកលវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា។
ក្នុងឱកាសធ្វើបទបង្ហាញជូនគណៈប្រតិភូនាពេលនោះ ឯកឧត្តម ណឹម សុវត្ថិ បានសម្តែងការស្វាគមន៍ និងបានចាត់ទុកវត្តមានរបស់គណៈប្រតិភូពីសាកលវិទ្យាល័យការពារជាតិចិន នៅកម្ពុជានាពេលនេះ ពិតជាបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ និងបង្ហាញទស្សនៈមិត្តភាពដែកថែប រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា ចិន ដែលបានគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ក្នុងបទឧទេ្ទសនាមជូនដល់គណៈប្រតិភូ សាកលវិទ្យាល័យការពារជាតិចិននាឱកាសនោះ ឯកឧត្តម ណឹម សុវត្ថិ បានលើកយកប្រធានបទចំនួន ៣ មកជំរាបជូនប្រតិភូ, ទី១ សភាពការណ៍ទូទៅ នៃបញ្ហាសន្តិសុខក្នុងតំបន់ និងការជះឥទ្ធិពលមកលើសន្តិសុខជាតិ, ទី២ តួនាទីរបស់ ខភម ក្នុងការបំពេញភារកិច្ចការពារសន្តិភាព ការឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង ទី៣ ការផ្លាស់ប្តូរទស្សន ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ណឹម សុវត្តិ ក៏បានជំរាបជូនប្រតិភូអំពីជោគជ័យក្នុងការ ទប់ស្កាត់ និងបង្ការជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាមួយ នឹងការចូលរួមពី ខភម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការសម្រេចជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលធំៗ ៣ ក្នុងរយៈពេលកន្លងមក ក្នុងរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន អាស៊ានបូក និងកិច្ចប្រជុំពាក់ពន្ធ័ រួមទាំងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ទទឹមនេះ កម្ពុជាក៏ទទួលបានជោគជ័យក្នុងពេលថ្មីៗនេះ គឺការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ កន្លងមក ដែលពោរពេញដោយមោទនភាព និងបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានការចូលរួមពី ខភម ផងដែរ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ មានកត្តា ៣ ដែលបានចូលរួម ធ្វើអោយទទួលបានជោគជ័យក្នុងពេលកន្លងមកនេះ ក្នុងនោះ ទី១ កត្តាសន្តិភាព និងការឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, ទី២ ជោគជ័យនេះ មិនអាចកាត់ ផ្តាច់បានពី ការចូលរួមសហការពីភាគីចិន ទាំងកំរិតជាតិ និងកងទ័ព ទាំងក្នុងកំឡុងពេលកូវីដ-១៩ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២, ទី៣ កត្តាតួអង្គប្រតិបត្តិករ ដែលបានចូលរួមអនុវត្តអោយសម្រេចបានលទ្ធផលទាំងអស់នេះ។ នៅក្នុងបទឧទ្ទេសនាមនោះ ឯកឧត្តម ណឹម សុវត្តិ បានលើកជាសំណួរថា៖ ហេតុអ្វីបានជា ខភម បានចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពទាំងអស់នេះ ជាមួយនឹងការការពារសន្តិភាព ការប្រឆាំងជំងឺកូវីដ-១៩ ការចូលរួមសហការជាមួយកីឡាស៊ីហ្គេម? នៅត្រង់សំណួរនេះ ឯកឧត្តម បានបញ្ជាក់ថា៖ ខភម មានគោលនយោបាយការពារជាតិមួយ ដែលចែងដោយ សៀវភៅសការពារជាតិ ដែលមានការកំណត់នូវអាទិភាព នយោបាយការពារជាតិ ដែលផ្អែកលើមូលដ្ឋាននៃគោលការណ៍នេះហើយ ជាមាគ៌ាមួយ ជាត្រីវិស័យដែល ខភម បានដំណើរការអនុវត្តភារកិច្ចរបស់ខ្លួន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិចិនបានសម្តែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះខភម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍសង្គម ក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានវាយតំលៃថា៖ គោលនយោបាយឈ្នះ ឈ្នះ ពោរពេញទៅដោយលក្ខណៈវិទ្យាសាស្ត្រ និងបានគាំទ្រចំពោះគោលនយោបាយឈ្នះ ឈ្នះ នេះ ៕