សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឲ្យ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិចិន និងសហការី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះវត្តមាន ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃសាធារដ្ឋប្រជាមានិតចិន និងគណៈប្រតិភូនិស្សិតនាយទាហាន កងទ័ពរំដោះប្រជាជនចិន ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាពេលនេះ ហើយសម្តេចបានចាត់ទុកថា តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ ពិតជាទទួលបានផ្លែផ្កា ក្នុងការបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតបន្ថែមទៀត រវាងកងទ័ពទាំងពីរ ជាពិសេសចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិការកាន់តែល្អ រវាងសាកលវិទ្យាល័យការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជានិងចិនផងដែរ។
ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង (Xiao Tianliang) បានសម្តែងនូវអំណរគុណចំពោះសម្តេចពិជ័យសេនា ដែលបានអនុញ្ញាតិគណៈប្រតិភូនិស្សិតនាយទាហាន កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបានបញ្ជាក់ថា ចិននិងកម្ពុជា ជាមិត្តភក្តិដែកថែប និងជាមិត្តភក្តិពិតប្រាកដ។ ឆ្នាំនេះគឺជាខួប ៦៥ឆ្នាំ ក្នុងការបង្កើតទំនាក់ទំនងមិត្តភាព នៃប្រទេសទាំងពីរ ចិននិងកម្ពុជា។ ឯកឧត្តម បានបន្តថា ក្នុងខែកុម្ភៈកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានសម្រេចនូវកូសង់ស៊ីសយ៉ាងទូលំទូលាយជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលជំហរកសាងសហគមន៍ ជោគវាសនារួមរវាងកម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ហើយនិងធើ្វកិច្ចសហប្រតិបត្តិការលើ ៦ វិស័យ។ ឧត្តមសេនីយ៍ឯក ស៊ាវ ធៀនឡាំង ក៏បានជម្រាបជូនសម្តេចពិជ័យសេនា ថានាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម និងនៅសាកលវិទ្យាល័យការពារជាតិកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ លើចំពោះបញ្ហាយោធាដូចគ្នា។ ក្នុងនោះនៅសាកលវិទ្យាល័យការពារជាតិ ភាគីទាំងពីរបានសិក្សាស្រាវជ្រាវជាមួយគ្នាស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការសាលាយោធារួមនៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ាវ ធៀនឡាំង បានបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូមកកម្ពុជានាពេលនេះ ផ្តោតសំខាន់ទី១ លើការអប់រំផ្នែកយោធា ការកសាងកងទ័ព និងសន្តិសុខតំបន់។ និងទី២ ពង្រឹងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរ ជាពិសេសពង្រឹងឲ្យកាន់តែស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការលើវិស័យ សាលា សាកលវិទ្យាល័យការពារជាតិ នៃប្រទេសទាំងពីរ ៕