អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈ ដើម្បីត្រៀម កម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការ សង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ ទាំងកម្លាំង ឧបករណ៍ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះ ជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើត ឡើងជាយថាហេតុ នៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះ។
នៅក្នុងកិច្ចប្រជុំនោះដែរ ដោយមានការអញ្ជើញចូលរួម អង្គភាពជំនាញរួមមាន៖ តំណាងអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ព ជើងគោក បញ្ជាការដ្ឋានកងទ័ព ជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងអង្គរក្ស បញ្ជាការដ្ឋានកងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងពលតូចដឹកជញ្ជូនលេខ ៩៩ អង្គភាពវិស្វកម្ម និងអង្គភាពការងារ ធានា ភស្តភារ ហិរញ្ញវត្ថុ បណ្តាអង្គភាពទាំងអស់នេះ ដែលជាអង្គភាពជំនាញធ្លាប់ បានចូលរួមសង្គ្រោះគ្រោះមហន្តរាយ ជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា គ្រប់បណ្តាអង្គភាព កម្លាំងជំនាញទាំងអស់ ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ មធ្យោបាយ សម្ភារៈគ្រប់ប្រភេទរួមមាន៖ ឧទ្ធម្ភាគចក្រ នាវា អូប៊័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត ដើម្បីប្រតិបត្តិការ ការជួយសង្គ្រោះ ប្រជាពលរដ្ឋឱ្យបានទាន់ ពេលវេលានៅពេល ដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ក្នុងរដូវវស្សាឆ្នាំនេះ និងគ្រោះមហន្តរាយផ្សេងៗទៀតដែលយើងមិនអាចដឹងមុន ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ការរលំបាក់ ស្រុតអាគា ធ្លាក់យន្តហោះ លិចទូក កាប៉ាល់ ហើយពេលថ្មីៗ ជម្ងឺកូវីដ-១៩ ក៏គ្រោះមហន្តរាយ ដែលកម្លាំងទ័ពយើងមានគ្រូពេទ្យ រថយន្តសង្គោះ រថដឹកជញ្ជូនស្បៀង ចែកតាមតំបន់បិទខ្ទប់។ នាយឧត្តសេនីយ៍ ម៉ឹង សំផន បានលើកឡើងពីការងារជួយសង្គ្រោះ គ្រោះមហន្តរាយកន្លងមក វាជាបទពិសោធន៍ បង្កើនបច្ចេកទេស ទៅការងារជួយសង្គ្រោះ កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសង្កត់ធ្ងន់ថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់ បណ្តាអង្គភាព មានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍ សម្ភារៈប្រើប្រាស់ឱ្យ បានត្រឹមត្រូវ និងត្រូវបែងចែក និងត្រៀមកម្លាំងប្រចាំការជាអចិន្រ្តៃយ៍ ព្រមទាំង ធ្វើការតាមដានការប្រែប្រួលអាកាសធាតុ ក្នុងរដូវវស្សាចូលមកដល់នេះ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះធម្មជាតិ កើតឡើងជាយកថាហេតុ ៕