នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃ, ថៃ-កម្ពុជា បានជួបប្រជុំគ្នាដោយផ្ទាល់លើកទី៧ (7th SST) ដើម្បីពិភាក្សាកិច្ចការមួយចំនួន ដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល អប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ច រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការ រវាងគ្រប់ប្រភេទទ័ព និងយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ, ថៃ-កម្ពុជា។ កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ សាន់ អេន មូន រីវើសាយ (Sun and Moon Riverside) ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ភាគីកម្ពុជាដឹកនាំកិច្ចប្រជុំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រីឯភាគីកងទ័ពភូមិន្ទថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង (Thitichhai Thiantorng) នាយសេនាធិការចម្រុះ នៃកងទ័ពភូមិន្ទថៃ។ កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ លើកទី ៧ នាឱកាសនោះ បានពិភាក្សាអំពីខ្លឹមសារមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការការងារបណ្តុះបណ្តាល អប់រំ និងហ្វឹកហ្វឺន. ការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ. កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព.កម្មវិធីហ្វឹកហ្វឺនកសិកម្ម.កិច្ចសហប្រតិបត្តិការ រវាងប្រភេទទ័ព.យន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការណ៍ដោះមីន និងខ្លឹមសារផ្សេងៗ ដែលពាក់ព័ន្ធទៅលើកិច្ចការមនុស្សធ៌មក្នុងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ, ការចូលរួមសហប្រតិបត្តិការទប់ស្កាត់ និងបង្រាបបទល្មើសនៃការជួញដូរគ្រឿងញៀនឆ្លងដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់។ តាមរយៈ នៃកិច្ចប្រជុំលើកនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងក្តីសង្ឃឹមថា៖ លទ្ធផល នៃកិច្ចប្រជុំថ្នាក់នាយទាហានសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ ថ្ងៃនេះ គឺជាផ្លែផ្កាដ៏ប្រសើរ និងជាធាតុចូលយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជា-ថៃ បានកាន់តែប្រសើរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង ក៏បានសំដែងការអបអរសាទរ ចំពោះទំនាក់ទំនងផ្នែកសេនាធិការជាន់ខ្ពស់ រវាងកងទ័ពថៃ និងកងទ័ពប្រទេសកម្ពុជាលើកទី ៧ នៅរាជធានីភ្នំពេញនាថ្ងៃនេះ ដោយកងទ័ពទាំងពីរមានឱកាសបានជួបប្រជុំគ្នាដោយផ្ទាល់ មិនចាំបាច់បើកកិច្ចប្រជុំធ្វើឡើងតាមរយៈប្រព័ន្ធវីដឺអូ (VTC) ដូចមុន ដោយសារតែបញ្ហាប្រឈម នៃជំងឺឆ្លងកូវីដ-១៩ ទៀតឡើយ។ ហើយតាមរយៈ នៃកិច្ចប្រជុំលើកនេះដែរ ក៏បានផ្ដល់ឱកាសដល់ក្រុមការងារកងទ័ពប្រទេសទាំងពីរ បានស្គាល់មុខគ្នា ប្រកបដោយភាពស្និទ្ធស្នាល ជំរុញឲ្យកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ លើកទី ៧ នេះប្រព្រឹត្តទៅដោយរលូនពោរពេញទៅដោយបរិយាកាស សាមគ្គីភាព មិត្តភាព ដែលនឹងឈានទៅរកកិច្ចសហការប្រតិបត្តិការដ៏ល្អប្រសើរប្រកបដោយចីរភាព។ នាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង ក៏បានសង្កត់ធ្ងន់ថា៖ តាមរយៈនៃរបៀបវារៈ កិច្ចប្រជុំដែលយើងបានជជែកគ្នាលើកនេះ នឹងទទួលបានការសម្រេចពីថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយនឹងមានការអនុវត្តជាផ្លែផ្កាដើម្បីជាអត្ថប្រយោជន៍ នៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នាកាន់តែប្រសើរឡើងនៅថ្ងៃអនាគត់ ក្រោមឆ័ត្រសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា។
គួររំលឹកថា៖ នេះគឺជាកិច្ចប្រជុំលើកទី ៧ ហើយ ដែលភាគីទាំងពីរ បានជួបប្រជុំគ្នា ទាំងតាមរយៈប្រព័ន្ធ វីធីស៊ី (VTC) និងការជួបប្រជុំគ្នាដោយផ្ទាល់ រៀងរាល់មួយឆ្នាំម្ដង តាមរយៈ នៃការផ្លាស់ប្ដូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែកន្លងមកដោយសារស្ថានភាពការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីត-១៩ បានធ្វើឱ្យកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសទាំង ២ ដែលធ្លាប់តែផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះក្នុងមួយឆ្នាំម្ដងនោះ ត្រូវបានអាក់ខាន ហើយបានឯកភាពគ្នា រៀបចំកិច្ចប្រជុំនេះ នៅប្រទេសរៀងៗខ្លួន តាមរយៈប្រព័ន្ធវីដេអូ ខុនហ្វឺរិន ឬតាមប្រព័ន្ធ VTC វិញ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នារាល់បញ្ហានានា ដែលកើតមានឡើងតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរ ក្នុងការរិះរកនៅចំណុចល្អៗ ដើម្បីរួមគ្នាដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នា ក្នុងនាមជាប្រទេសភូមិផងជាប់គ្នា ដូចបងប្អូន។ សហប្រធាននៃកិច្ចប្រជុំទាំងពីរកម្ពុជា-ថៃ, ថៃ និងកម្ពុជា ក៏បានឯកភាពគ្នាថា រាល់កំណត់ហេតុនៃកិច្ចប្រជុំ ដែលបានចុះហត្ថលេខា នៅថ្ងៃនេះ និងដាក់ជូនថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ និងសេនាធិការចំរុះ កងទ័ពទាំងពីរដើម្បីស្នើសុំយោបល់ឯកភាព ៕