នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចជូនឥស្សរជន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ តែងតាំងចាស់ ថ្មី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ។ សូមបញ្ជាក់ថា៖ ក្នុងសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយបានកំណត់ប្រគល់ភារកិច្ចដល់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកដឹកនាំរួមការងាររបស់ក្រសួងការពារជាតិ ចាត់ចែងបញ្ជារាល់សកម្មភាពរបស់ក្រសួងការពារជាតិ លើគ្រប់វិស័យ និងដឹកនាំផ្ទាល់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ, អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងនាយកដ្ឋានបុគ្គលិក។
ក្រៅពីនោះក៏បានប្រគល់តួនាទីភារកិច្ចតាមឋានានុក្រម ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធាន អនុប្រធាន ចំនួន ៤៤រូប និងឯកឧត្តម ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ៤២រូប បន្ថែមទៀត ជាអនុប្រធាន និងជាសមាជិក ជួយការងាររដ្ឋមន្ត្រីក្រសួងការពារជាតិ លើការងារនាយកដ្ឋានអធិការកិច្ច, ការងារសង្គ្រោះគ្រោះមហន្តរាយ, ការងារសាកលវិទ្យាល័យការពារជាតិ, ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស, ជួយការងាររដ្ឋមន្ត្រីក្រសួងការពារជាតិលើការងារ អគ្គនាយកដ្ឋានយោធសេវា, ការងារអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយកដ្ឋានបញ្ជូនសារ, ជួយការងាររដ្ឋមន្ត្រីក្រសួងការពារជាតិលើការងារអគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ, កែទម្រង់ហិរញ្ញវត្ថុសាធារណ: និងលទ្ធកម្មសាធារណៈ, ជួយការងាររដ្ឋមន្ត្រីលើការងារស្ថាប័នតុលាការយោធា ស្ថាប័នអយ្យការយោធា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ជួយការងាររដ្ឋមន្ត្រីលើការងារនាយកដ្ឋានវិស្វកម្ម, ជួយការងាររដ្ឋមន្ត្រីលើការងារវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ, នាយកដ្ឋាននីតិកម្ម និងការងារយ៉េនឌ័រក្រសួងការពារជាតិ, ការងារនាយកដ្ឋានភូមិសាស្ត្រ, លើការងារមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, ការងារនាយកដ្ឋានអភិវឌ្ឍន៍, ការងារអ្នកនាំពាក្យក្រសួងការពារជាតិ សម្របសម្រួលអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស, បញ្ជាការដ្ឋានកងរាជវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានអង្គរក្ស, ជួយការងាររដ្ឋមន្ត្រីលើការងារកិច្ចការព្រំដែន និងក្រៅពីនោះក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលការប្រគល់ភារកិច្ចជាក់ស្ដែងដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ២១រូប ផ្សេងទៀត។
ជាមួយគ្នានេះផងដែរ ក៏សម្រេចបានប្រគល់តួនាទីភារកិច្ចលើការងារទទួលដោះស្រាយ លិខិតស្នាមប្រចាំថ្ងៃ ជួយដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលរួមមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។ ក្រៅពីការងារខាងលើឯកឧត្តម លោកជំទាវ ត្រូវអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បានចាត់តាំងកន្លងមក គណៈកម្មការនានា ឬក្រុមការងារផ្សេងៗទៀត ដើម្បីចូលរួមវេទិកា សិក្ខាសាលា កិច្ចប្រជុំអន្តរក្រសួង និងចូលរួមការងារផ្សេងៗតាមការប្រគល់ភារកិច្ចពីរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តម ទៀ សីហា ក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម អស់លោក លោកជំទាវ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងការសម្រេចរាជរដ្ឋាភិបាលកម្ពុជា តែងតាំងឯកឧត្តមទាំងអស់ តាមសំណើររបស់ក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អស់លោក ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ស្ថាប័ន-មេបញ្ជាការ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលបានរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានលើកឡើងដែរថា នាយទាហានដែលជាឥស្សរជនថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គឺជាសេនាធិការមួយដ៏សំខាន់របស់ក្រសួងការពារជាតិ ក្នុងការតាក់តែង ច្បាប់ បទដ្ឋានគតិយុត្តិ នានា សម្រាប់វិស័យការពារជាតិ ដែលមិនអាចខ្វះបាន ក្នុងតួនាទីភារកិច្ចចូលរួមការពារ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីសុខសាន្តសម្រាប់ប្រទេសជាតិ និងប្រជាជន។ នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់ឥស្សរជនជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទាំងអស់បន្តថែរក្សាសមិទ្ធផល ដែលមាននៅពេលនេះឲ្យនៅគង់វង្សតទៅមុខ ដោយត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកសាមគ្គីភាពឯកភាពផ្ទៃក្នុង លើការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធភាព តាមឋានានុក្រម ក្នុងការបម្រើឲ្យគ្រប់សកម្មភាពរបស់កងយោធពលខេមរភូមិន្ទ នាអាណត្តិថ្មីនេះកាន់តែមានភាពជោគជ័យ។ ជាការពិត នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រយៈពេល៥ឆ្នាំកន្លងមកនេះ នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានពុះពារបំពេញការងារតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ប្រគល់ជូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនឥស្សរជនចាស់ ថ្មី ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលត្រូវចូលមកកាន់មុខតំណែងថ្មី ហើយបានប្រកាសប្រគល់ភារកិច្ចនាពេលនេះ ត្រូវបន្តវេនក្នុងការបំពេញតួនាទីភារកិច្ច ឲ្យទទួលបានកាន់តែជោគជ័យធំៗថ្មីៗបន្ថែមទៀត ជូនក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ៕