ព័ត៌មាន

កង​ទ័ព​ កម្ពុជា-ចិន បើក​សម​យុទ្ធ​ «ទេវតាសន្តិភាព» ​ឆ្នាំ​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
294
3144 កង​ទ័ព​ កម្ពុជា-ចិន បើក​សម​យុទ្ធ​ «ទេវតាសន្តិភាព» ​ឆ្នាំ​២០២៣​

              សម​យុទ្ធ​រួម​គ្នា ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​-​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​មាន​ឈ្មោះ​ថា "​ទេវតា​សន្តិភាព​ ២០២៣​" ​ក្រោម​ប្រធាន​បទ​ (​ប្រតិបត្តិការ​សង្គ្រោះ ​សុខា​ភិបាល​ មនុស្ស​ធម៌​អន្តរជាតិ ​រួម​គ្នា​នៅ​តំបន់​គ្រោះ​មហន្ត​រាយ​ខ្យល់​ព្យុះ ​និង​ទឹក​ជំនន់​ធ្ង​ន់​ធ្ងរ​) បាន​ប្រារព្ធ​ពិធី​បើក ​នៅ​ថ្ងៃទី​១៦ ​ខែ​កញ្ញា ​ឆ្នាំ ២០២៣ ​ក្រោម​អធិបតី​ភាព ​នាយ​ឧត្ត​ម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចំរុះ ​នៃក​ង​យោធ​ពលខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ដឹក​នាំ​ធ្វើ​លំហាត់ ​និង​សម​យុទ្ធ​ រវាង​កង​យោធ​ពលខេមរភូមិន្ទ​ ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត ​និង​លោក​វរសេនីយ៍ឯ​ក ពិសេស ហាវ លីនយាន នាយក​រង​ នាយក​ដ្ឋាន​សុខា​ភិបាល ​អគ្គនាយក​ដ្ឋាន​ផ្គត់​ផ្គង់ ​ភស្តុភារ ​នៃ​គណៈ​កម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សារធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​បាន​ប្រព្រឹត្ត​ទៅ ​នៅ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ កង​ទ័ព​ជើង​គោក ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ សង្កាត់​កំបូល ​ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ​។

​             ​ក្នុ​ងរ​បាយកា​រណ៍​របស់​ ឧត្ត​ម​សេនីយ៍​ទោ​ ប៉ែន សុក្រឹត្យវិទ្យា នាយ​លេខា​ធិការ​ដ្ឋាន​សេនា​ធិការ​ចម្រុះ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹក​នាំ​លំហាត់​សម​យុទ្ធ​ភាគី​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖ សម​យុទ្ធ​ទេវតា​សន្តិភាព​​​ឆ្នាំ២០២៣ ​បាន​រៀប​ចំ​ ខ្លឹ​ម​សារ​សម​យុទ្ធ​ជា​កម្លាំង​ទ័ព​ពិត​ ធ្វើ​ការ​ចល័ត​តាម​ទី​តាំង​ ផ្សារ​ភ្ជាប់​នឹង​ស្ថានភាព​ជាក់​ស្ដែង​ តាម​ប្រធាន​បទ​ ខាង​លើ​មាន​ចំនួន​៧​ ក្នុង​នោះ​រួម​មាន៖ ​ការ​បញ្ជា​កម្លាំង​សុខា​ភិបាល​រួម​គ្នា ការ​ដឹកជញ្ជូន​កម្លាំង​ទ័ព​-​​ការ​ពង្រាយ​កម្លាំង​ប្រតិបត្តិការ-​ការ​ជួយ​សង្គ្រោះ ​នៅ​ទីតាំង​រង​គ្រោះ-​ការ​ផ្ទេរ​បញ្ជូន​អ្នក​រង​គ្រោះ​ព្យាបាល​បន្ត-​ការ​បញ្ជូន​អ្នក​រ​ង គ្រោះ​តាម​ផ្លូវ​អាកាស ​និង​​ការ​ការពារ​បង្ការ​ជំងឺ​ឆ្លង​។​ ជា​មួយ​គ្នា​​នេះដែរ​កង​ទ័ព ​ទាំ​ង​ពីរ​ ក៍​បាន​រៀប​ចំ​សេនា​រីយ៉ូតាម​ប្រធាន​បទ​ ឱ្យ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ពី​ខ្លឹម​សារ​ មួយទៅ​ខ្លឹម​សារ​មួយ ​ដូច​នៅ​ក្នុ​ង​សភាព​ការ​ណ៍​ជាក់​ស្តែង​ ដោយ​ចាត់​តាំង​សម​យុទ្ធ​តាម​វិធី​សាស្ត្រ​ដូច​ជា​ ការ​ចាត់​តាំ​ង​ប្រព័ន្ធ​បញ្ជា​ការ​សង្គ្រោះ ​៣​កម្រិត​ ដែល​រួម​មាន៖ និតិវិធីទី១ ទីបញ្ជាការ​សង្គ្រោះ​ រុក​រក​រួម​គ្នា​,​ មណ្ឌល​បញ្ជាការ​សង្គ្រោះ​ជួរ​មុខ,​ និង​ក្រុម​បញ្ជាការ ​កង​កម្លាំង​សុខាភិ​បាល​។​  និតិវិ​ធី​ទី​២ ​គឺ​ការ​សង្គ្រោះ​សុខាភិបាល​កម្រិត​ រួម​មាន៖​ ការ​សង្គ្រោះ​កម្រិត​មួយ, ​ការ​សង្គ្រោះ​កម្រិត​ពី​រ​ (បែង​ចែក​ជា​១០​ក្រុម), ​និង និតិវិធីទី​៣ ការ​សង្គ្រោះ​កម្រិត​បី​។ របាយ​ការណ៍​បាន​បញ្ជាក់​ទៀតថា៖ ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​របស់​ភាគី​ទាំង​ពីរ៖​ គឺ​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​មាន​ចំនួន​សរុប ​១២៦​នាក់​ ក្នុ​ង​នោះ​ក្រុម​ដឹក​នាំ​សម​​យុទ្ធ​ចំនួន ​២០​នាក់​ ក្រុម​អាកាស​យានិក​ចំនួន ​១០​នាក់​ កម្លាំង​សុខា​ភិបាល​ចំនួន ​៩៥​នាក់​។ ភាគី​កម្ពុជា​មាន​ចំនួន​សរុប ​៥៩៥​នាក់ ក្នុ​ង​នោះក្រុម​ដឹក​នាំ​សម​យុទ្ធ​ ២៤​នាក់ ​កម្លាំង​ធ្វើ​សម​យុទ្ធ ​២៣៧​នាក់ ​កម្លាំង​ប​ម្រើការ​ចំនួន ​៣៣៤​នាក់​។ ​ចំពោះ​ការប្រើ​ប្រាស់​គ្រឿង​បំពាក់​របស់​ភាគី​ទាំង​ពីរ៖​ ភាគី​ចិន​ប្រើ​ប្រាស់​យន្ត​ហោះ​សង្គ្រោះ​សុខា​ភិបាល ​ប្រភេទ ​Y-9 ​ចំនួន ​០១​គ្រឿង ​រថយន្ត​សុខាភិបាល​ ចំនួន​០៣​គ្រឿង​ (រថយន្ត​សង្គ្រោះ​បន្ទាន់​លទ្ធភា​ពចល័ត​ខ្ពស់ ​ចំនួន​០១​គ្រឿង ​រថយន្ត​បង្ការ​ ជំងឺ​ឆ្ល​ង​លទ្ធភា​ពចល័ត​ខ្ព​ស់ ចំនួន ​០១​គ្រឿង ​រថយន្ត​សង្គ្រោះ ​សម្ពាធ​ទាប​ចំនួន ​០១​គ្រឿង​) បរិក្ខារ​សង្គ្រោះ​ និង​សម្ភារៈ​ធានា​គ្រប់​ប្រភេទ​ប្រមាណ​ ១០០០​ឈុត ​និង​ប្រើប្រាស់​យន្ត​ហោះ​ដឹក​ជញ្ជូន ​ប្រភេទ ​Y-20– A  ចំនួន​០៦​គ្រឿង ​សម្រាប់​ដឹក​ជញ្ជូន​កម្លាំង​ទ័ព​ និង​សម្ភារៈ​ដែល​បាន​រៀបរាប់​ខាង​លើ​។ ​ដោយ​ឡែក​ភាគីកម្ពុជា​ប្រើ​ប្រាស់ ​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ ​Mi-17 ​ចំនួន ​០២​គ្រឿង ​ឧទ្ធម្ភាគចក្រ ​ប្រភេទ ​Z-9​ ចំនួន ​០២ ​គ្រឿង ​រថយន្ត​សង្គ្រោះ​ចំនួន ​០៦​ គ្រឿង ​ព្រម​ទាំង​បរិក្ខា​រ​សុខាភិបាល ​និង​សង្គ្រោះ​មួយ​ចំនួន​ទៀត​។​ តាម​រយៈ​នៃ​ការធ្វើ​សម​យុទ្ធ​រួម​គ្នា​ "ទេវតាសន្តិភាព" ​រវាង​កង​ទ័ព​រំដោះ​ប្រជាជនចិន​ ជា​មួយ​នឹង​កង​យោធ​ពលខេមរ​ភូមិន្ទក្នុង​រយៈ​ពេល ​១៣​ថ្ងៃ​នេះ ​គណៈ​កម្មការ​ដឹក​នាំ​សមយុទ្ធ​ ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដែល​មាន​បំណង​ចង់​ចូល​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​អញ្ជើញទៅ​ចុះឈ្មោះ​ដើម្បី​ទទួល​ការ​ពិនិត្យ​ និង​ព្យាបាល​ជូន​ប​ងប្អូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​យោធា​ព្រះ​កេតុមេលា និង​នៅ​មន្ទីរពេទ្យ​យោធា​របស់​យោធ​ភូមិ​ភាគ​ទី​ ​៤​ ក្នុង​ខេត្ត​សៀម​រា​ប ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។

          ថ្លែង​បើក​សម​យុទ្ធ ​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជា​ក់​ថា៖​ បច្ចុប្បន្ន​កម្ពុជា ​បាន​ខិ​តខំ​ ​ពុះពារ​រក្សា​បាន​នូវសុខ ​សន្តិភាព ​ស្ថិរភាព​នយោ​បាយ ​និង​ម៉ាក្រូ​សេដ្ឋ​កិច្ច ​ក៏​ដូច​ជា​សន្តិសុខ​សាធារណៈ​ យ៉ាង​ល្អ​ប្រសើរ ​ក្រោម​ការ​ដឹ​កនាំ​របស់​រាជ​រដ្ឋាភិបាល​ថ្មី​ នីតិកាលទី​ ៧ ​ដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​ប្រជា​ពលរដ្ឋ ​ស្រប​ច្បាប់ ​បន្តវេន ​ពី​រាជរដ្ឋាភិបាល​ចាស់​ ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ប្រទេស ​ជា​ពិសេស​ជោគ​ជ័យ​ នៃ​ការ​គ្រប់​គ្រ​ងប្រកប​ដោយ​ប្រសិទ្ធភាព ​ការ​ឆ្លង​រាត​ត្បាត​ នៃ​ជំងឺ​ឆ្លង​ជា​សកល​កូវីដ​-​១៩ ​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ​ឯកឧត្ត​ម បាន​សង្កត់​ធ្ងន់​ថា៖​ យើង​មិន​អាច​ប្រមើល ​ឃើញ​ជា​មុន​អំពី​ការ​កើត​ឡើង​នូវ​គ្រោះ​មហន្តរាយ​ ឬ​ជំ​ងឺឆ្លង​រាត​ត្បាត​ថ្មី​ទៀត​នៅ​ពេល​ខាងមុខ​បាន​ឡើយ ​ជា​ពិសេស​ក្នុង​បរិការណ៍ នៃ​ការ​ប្រែប្រួល​ ប្រព័ន្ធ​អេកូឡូហ្ស៊ី ​និង​ការ​កើន​ឡើង​កម្តៅ ​នៃ​អាកាស​ធាតុ​ពិភព​លោក​។ កត្តា​នេះបាន​តម្រូវ​ឱ្យ​កម្ពុជា ​ក៏​ដូច​ជា​ប្រទេស​ក្នុង​តំបន់ ​និង​សកល​លោក​ ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ​ក្នុងកា​រ​បង្ការ​ទប់​ស្កាត់​ និង​ឆ្លើ​យ​តប​។ ឯកឧត្តម ឥត សារ៉ាត់ បា​ន​កត់​សម្គាល់​ថា​ ប្រធានបទ​ឆ្នាំ​នេះ ពិត​ជា​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​ និង​សំណូមពរ​ភារកិច្ច​ចំពោះមុ​ខ​ ​នៃក​ងទ័ព​ប្រទេស​ទាំង​ពីរ​ ដែល​ក្នុងនោះ ​យើង​រំពឹង​នឹង​ទទួល​បា​នដោយ​ជាក់​ស្ដែង ​លើ​ការងារ​មួយ​ចំនួន​ដូច​ជា ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ “ ប្រតិបត្តិការ​សង្គ្រោះ ​សុខា​ភិបាល ​មនុស្សធម៌​អន្តរជាតិ​ រួម​គ្នា​នៅតំបន់​គ្រោះ​មហន្តរាយ​ ខ្យ​ល់ព្យុះ ​និង​ទឹកជំនន់​ធ្ងន់ធ្ង​រ ” ​និង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌​ក្នុង​គ្រោះ​មហន្តរាយ​ផ្សេងៗ ​ខណៈ​ដែល​កម្ពុជា​ ក៏​ធ្លាប់ទទួល​រង​នូវ​គ្រោះមហន្តរាយ​នានា ​ដោយ​យថាហេតុ ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​នា​ពេល​កន្លង​មក​ផង​ដែរ​។ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ បាន​ផ្ដល់​ជូន​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​កម្លាំង​ចូល​រួម​ធ្វើ​សម​យុទ្ធ​ភាគី​កង​ទ័ព​ទាំង​ពីរ រួម​មាន​ *ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចែក​រំលែក​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​អនុវត្ត​គ្រ​ប់​វិញ្ញាសារ ​នៃ​លំហាត់​ជំនាញ ​យុទ្ធវិធី​ ក្នុង​ប្រតិបត្តិការ ​ឲ្យ​បាន​ជោគ​ជ័យ​តាម​ប្រធាន​បទ​ និង​ខ្លឹម​សារ​នៃ​សម​យុទ្ធ​។ *​ត្រូវ​ពង្រឹង​ស្មារតី​ជា​ក្រុម ​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​សំខាន់​បំផុត​សម្រា​ប់​ជោគ​ជ័យ​របស់​អង្គភាព​ និង​ភាព​ជោគ​ជ័យ​រាល់​បេសក​កម្ម​នីមួយៗ​។ *ត្រូវ​លើក​កម្ពស់​ស្មារតី​មិត្តភាព ​សាមគ្គីភាព​ តាម​រយៈ​ការ​ស្វែង​យល់​អំពី​វប្បធម៌ពី​គ្នាទៅ​វិញ​ទៅ​មក ​ដូច​ជា​ការ​លេង​កីឡា ​ការ​សំដែ​ង​សិល្បៈ​បង្ហាញ​ពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​មួយ​គ្នា ​ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ រវាង​យោធិន​ជា​លក្ខណៈ​បុគ្គល​ ដែល​អាច​ចូល​រួមចំ​ណែក​យ៉ា​ង​សំខាន់​ក្នុ​ង​ការ​ពង្រឹ​ង​ទំនា​ក់​ទំនងរវាង​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខភា​ព ​និង​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់នៅ​វិធាន​កា​រ និង​ការណែនាំ​ផ្សេងៗ​ របស់​គណៈកម្មការ​ដឹក​នាំ​សម​យុទ្ធ​ សំដៅ​ធានា​បាន​នៅ​សុខ​សុវត្ថិភាព ​ចំពោះ​ទាំង​មនុស្ស​ និង​សម្ភារៈ ​គ្រឿង​បំពាក់​។ ឯកឧត្តម ​ក៍​បាន​រំលឹ​កផង​ដែ​រ​ដល់​គណៈកម្មការ​ និង​ក្រុមការ​ងារ​ដឹក​នាំ​ប្រតិបត្តិ សមយុទ្ធភាគីទាំ​ង​ពី​រ ព្រម​ទាំង​អាជ្ញាធរ​ដែន​ដី​ សមត្ថ​កិច្ច​ ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ចាប់​វិធានការ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ផ្សព្វ​ផ្សាយ​ ព័ត៌មាន​ជូន​ដល់​ប្រជា​ពលរដ្ឋ ​និង​សាធារណៈ​ជន​ នៅ​ក្នុ​ង​មូល​ដ្ឋាន ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ជួប​នៅ​គ្រោះ​ថ្នាក់​ និង​ការ​ភ័យ​ខ្លា​ច​ដោយ​ប្រការ​ណា​មួយ ​មក​ពី​ការ​អនុវត្ត​នៅ​ក្នុង​អំឡុងពេល ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ កំពុង​ប្រតិបត្តិការ​ធ្វើ​លំហាត់​សម​យុទ្ធនេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ