នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងសមាជិកប្រតិភូលេខាអាស៊ានចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូលេខាធិការដ្ឋាន អាស៊ាន មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍លើកទី ២០ និងព្រឹត្តិការណ៍អមមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់២២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការចូលរួមអបអរសាទរ ចំពោះឯកឧត្តម បណ្ឌិត ដែលត្រូវបានបណ្ដាប្រទេស សមាគមប្រជាជាតិអាស៊ាន តែងតាំង ជាអគ្គលេខាធិការអាស៊ាន សម្រាប់ អាណត្តិរយៈពេល ៥ឆ្នាំ នាឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងជំនឿជឿជាក់ថា ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន នឹងប្រឹងប្រែងស្វែងរក ផលប្រយោជន៍រួមសម្រាប់កម្ពុជា-គ្រួសារអាស៊ានទាំងមូល។ ឯឧត្តម ទៀ សីហា បានសម្ដែងនូវការជឿជាក់ថា ឯកឧត្តម នឹងបំពេញតួនាទីនេះ ឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានយើង។ តាមរយៈនៃការចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី២០ និងព្រឹត្តិការណ៍អមមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះ ហ្នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវជាលក្ខណៈអន្តរជាតិ របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំដែរថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិ អឌ្ឍចន្ទក្រហម ព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។ ឯកឧត្តម សង្ឃឹមថា តាមរយៈពេលកិច្ចប្រជុំលើកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រាកដជាទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមបណ្ឌិត កៅ គឹមហ៊ួន បានកោតសរសើរដល់ក្រសួងការពារជាតិ ដែលកន្លងមក បានប្រតិបត្តិ និងអនុវត្តជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី ៩ ទទួលបានជោគជ័យ ពិសេសការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានហ្គេមលើកទី ៣១ និងការរៀបចំការប្រកួតកីឡាអូឡាំពិកជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ៕