ព័ត៌មាន

កង​ទ័ព​កម្ពុជា​-​ចិន ​​បិ​ទសម​យុទ្ធ​សុខា​ភិបាល​រួម​គ្នា ​"ទេវតា​សន្តិភាព​-​២០២៣​"​ ​ជា​ផ្លូវ​ការ​ប្រកប​ដោយ​ជោគ​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
354
3152 កង​ទ័ព​កម្ពុជា​-​ចិន ​​បិ​ទសម​យុទ្ធ​សុខាភិបាល​រួម​គ្នា​ "ទេវតា​សន្តិភាព​-​២០២៣" ​ជា​ផ្លូវ​ការ​ប្រកប​ដោយ​ជោគ​ជ័យ​

          នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​​​បើ​គិត​ចា​ប់ពី​ថ្ងៃ​មក​ដល់កម្ពុជា ​របស់​កម្លាំង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ រួម​ទាំង​ថ្ងៃ​បើក​ជា​ផ្លូវ​ការ​នៃ​សម​យុទ្ធ​រួម​គ្នា ​"ទេវតាសន្តិភាព-២០២៣" តាំងពីថ្ងៃទី​១៤ ​មក​ទល់​នឹង​ថ្ងៃទី ២១ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​ សម​យុទ្ធ​ដែល​មាន​ឈ្មោះថា​ "ទេវតាសន្តិភាព-២០២៣" គឺ​មាន​រយៈ​ពេល​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​ចំណែក​ឯពេល​វេលា​ដែល​នៅ​សេះ​សល់​ ជិត​មួយ​សប្តាហ៍​ទៀត​នោះ​ ក្រុម​វេជ្ជសាស្ត្រ​សុខាភិបាល​យោធា​ នៃ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ និង​បន្ត​ចុះ​ជួយ​ពិនិត្យ​ព្យាបាល ​និង​សង្គ្រោះ​ជាក់​ស្ដែង​ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​មន្ត្រីយោធា​នៅ​មន្ទីរពេទ្យ​​ព្រះ​កេតុមាលា ​នា​ទី​ក្រុង​ភ្នំពេញ ​និង​នៅ​មន្ទីរពេទ្យ​យោធា​របស់​យោធភូមិ​ភាគ​ទី​​៤​ ក្នុង​ខេត្ត​សៀមរាប​បន្ត​ទៀត​។ ក្រោយ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​ក្រុម​វេជ្ជសាស្ត្រ​សុខាភិបាល​រួម​គ្នា​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​-​ចិន ​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ នា​ព្រឹក​ថ្ងៃទី​២១ ​ខែក​ញ្ញា ​ឆ្នាំ​២០២៣ សម​យុទ្ធ​សុខាភិបាល​រួម​គ្នា​ កម្ពុជា​-​ចិន ​ដែល​មាន​ឈ្មោះថា​ "ទេវតា​សន្តិភាព​-​២០២៣​"​ ក្រោម​ប្រធាន​បទ ​(ប្រតិបត្តិ​ការ​សង្គ្រោះ ​សុខាភិបាល ​មនុស្ស​ធម៌​អន្តរជាតិ ​រួម​គ្នា​នៅ​តំបន់​គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ ​និង​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​) ​ត្រូវ​បាន​ប្រារព្ធ​ពិធី​ប្រកាស​បិទ​ជា​ផ្លូវ​ការ​ ​នៅ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កំបូល ​ខណ្ឌ​កំបូល ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ និង​ឧត្តម​សេនីយ៍​ទោ ​វ៉ាន់ ស៊ូឈាន ប្រធាន​នាយក​ដ្ឋាន​សុខា​ភិបាល ​អគ្គ​នាយក​ដ្ឋាន​ផ្គត់​ផ្គង់​ភស្តុភា ​គណៈកម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សមយុទ្ធ​នេះ​។

          ឧត្តម​សេនីយ៍​ទោ​ ប៉ែន សុក្រឹត្យវិទ្យា នាយ​លេខា​ធិការ​ដ្ឋាន​សេនាធិការ​ចម្រុះ ​នៃ​កង​យោធ​ពលខេមរភូមិន្ទ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចាត់​ចែង​ទូទៅ ​សមយុ​ទ្ធ​សុខាភិបាល​យោធា ​"​ទេវតា​សន្តិភាព​-​២០២៣​"​ ភាគី​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា​៖ ឆ្លង​កាត់​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា​អស់​រយៈ​ពេល​ ០៨​ថ្ងៃ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពលទាហាន ​ចូល​រួម​សម​យុទ្ធ​ បាន​ធ្វើ​ការ​សហការ​យ៉ាង​ជិត​ស្និត​ និង​ស្មោះ​ត្រង់ ​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ បាន​ធ្វើ​ឱ្យ​សម​យុទ្ធ​ហ្វឹក​ហ្វឺន​រួម​គ្នា​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន ​បញ្ចប់​ទៅ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ យ៉ាង​ត្រ​ចះ​ត្រចង់​។ សម​យុទ្ធ​ហ្វឹក​ហ្វឺន​នា​ពេល​នេះ ​កម្លាំង​ទ័ព​ចូល​រួម​ហ្វឹក​ហ្វឺន​ នៃ​ភាគី​ទាំង​ពីរ​ កម្ពុជា​-​ចិន ​សរុប​ចំនួន ​៧២១​នាក់ ​ដោយ​ភាគី​កម្ពុជា​ចំនួន ​៥៩៥​នាក់​ ភាគីក​ង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ​១២៦​នាក់ ​ដោយ​ប្រើប្រាស់​នូ​វ ​យន្ត​ហោះ​សង្គ្រោះ​សុខាភិបាល​ប្រភេទ​ Y-9, យន្ត​ហោះ​ប្រភេទ​ Y-20, ឧទ្ធម្ភាគចក្រ​ប្រភេទ​ Mi-17​, ឧទ្ធម្ភាគ​ចក្រ​ប្រភេទ​ Z-9, រថយន្ត​សុខា​ភិបាល ​ដែល​មាន​រថយន្ត​បង្ការ​ជំងឺ​ឆ្លង​លទ្ធភាព​ខ្ពស់​ រថយន្ត​សង្គ្រោះ​សម្ពាធ​ទាប​ និង​បរិក្ខាសុខា​ភិបាល​បម្រើ​ការ​ក្នុង​សមយុទ្ធ​មួយ​ចំនួន​ទៀត ​បាន​ធ្វើ​ការ​រៀបចំ​ហ្វឹក​ហាត់​ជា​ក្រុម​រួម​គ្នា​មាន​ភាព​រលូន​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​ ខ្លឹម​សារ​សម​យុទ្ធ​ "ទេវតា​សន្តិភាព​-​ឆ្នាំ​២០២៣".​ បាន​រៀប​ចំ​ខ្លឹម​សារសម​យុទ្ធ​ជា​កម្លាំង​ទ័ព​ពិត​ ធ្វើ​ការ​ចល័ត​តាម​ទីតាំង ​ផ្សារ​ភ្ជាប់​នឹង​ស្ថានភាព​ជាក់​ស្ដែង​តាម​ប្រធាន​បទ ​“ប្រតិបត្តិការ​សង្គ្រោះ​សុខាភិបាល ​មនុស្ស​ធម៌​អន្តរជាតិ ​រួម​គ្នា​នៅ​តំបន់​គ្រោះ​មហន្តរាយ ​ខ្យល់​ព្យុះ ​និង​ទឹក​ជំនន់​ ​ដែល​មាន​ចំនួន ​៧ ​ប្រតិបត្តិការ​ ក្នុងនោះ​រួមមាន៖ ១/​ការ​បញ្ហា​កម្លាំង​សុខាភិ​បាល​រួម​គ្នា,​ ២/​ការ​ដឹក​ជញ្ជូន​កម្លាំងទ័ព, ​៣/​ការ​ពង្រាយ​កម្លាំង​ប្រតិបត្តិការ, ​៤/​ការ​ជួយ​សង្គ្រោះ​នៅ​ទីតាំង​រងគ្រោះ, ​៥/​ការ​ផ្ទេរ​បញ្ចូន​អ្នក​រង​គ្រោះ​ព្យាបាល​បន្ត,​ ៦/ការ​បញ្ចូន​អ្នក​រង​គ្រោះ​តាម​ផ្លូវ​អាកាស, ​និង​​៧/​ការ​ការ​ពារ​បង្ការ​ជំងឺ​ឆ្លង​។ ការរៀបចំ​ខ្លឹម​សារ​នេះ បាន​រៀបចំ​សេនា​រីយ៉ូតាម​ប្រធាន​បទ​ ឱ្យ​មាន​ភាព​ប្រទាក់​ក្រឡាគ្នា​ពី ​ខ្លឹមសារ​មួយទៅ​ខ្លឹម​សារ​មួយ ​ដូច​នៅ​ក្នុ​ងសភាព​ការណ៍​ជាក់​ស្តែង​ដោយ​មាន​ការ​ចាត់​តាំង​សម​យុទ្ធតាម​វិធី​សាស្ត្រ​ ដូច​ជា៖​ ប្រព័ន្ធ​បញ្ជាការ​សង្គ្រោះ ៣​កម្រិត​ រួមមា​ន៖​ ១/​ទី​បញ្ជាការ​សង្គ្រោះ​រុក​រក​រួម​គ្នា​, ២/​មណ្ឌល​បញ្ជាការ​សង្គ្រោះ​ជួរ​មុខ​, ៣/ក្រុមបញ្ជាការ​កង​កម្លាំង​សុខា​ភិបាល ​ព្រម​ទាំង​នីតិវិធី​សង្គ្រោះ​សុខាភិបាល​បី​កម្រឹត​ រួម​មាន៖​ ១​/​ការ​សង្គ្រោះកម្រឹ​ត​មួយ, ២/ការ​សង្គ្រោះ​កម្រឹត​ពីរ​ (បែង​ចែក​ជា​១០​ក្រុម​) និង​ទី​៣/​កា​រ​សង្គ្រោះ​កម្រិតបី។ លើស​ពី​នេះការ​ហ្វឹកហាត់​ និង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រួម​គ្នា​ បាន​លិច​ចេញ​ជា​ផ្លែផ្កា​ ​ជា​ច្រើន​ដូច​ជា៖​ ទីមួយ ​ការ​រៀបចំ​ផែន​ការប្រកប​ដោយ​ភាព​មត់​ចត់​ និង​ប្រសិទ្ធ​ភាព​ខ្ពស់​។ យោង​តាម​ផែន​ការ​សមយុទ្ធ​ ដែល​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​សម្រេច​បាន​បង្កើត​នូវ​យន្តការ​សម្រាប់​ទំនាក់​ទំនង​សម្រប​សម្រួល ​ក៏​ដូច​ជា​រៀបចំ​ផែន​ការ​សម្រាប់ ​ហ្វឹក​ហ្វឺន​ប្រចាំថ្ងៃ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ដឹក​នាំ​សមយុទ្ធ​ភាគីទាំង​ពីរ​ កង​ឯក​ភាព​ជំនាញ ​ធានា​បាន​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​យ៉ាង​ល្អ​ប្រសើរ​។

          វរសេនីយ៍ឯក ចាង យី (Zhang Yi )​ ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សុខា​ភិបាល​យោធា​ចិន​ នៃ​សម​យុទ្ធ​ "ទេវតា សន្តិភាព​-​២០២៣ " បាន​មាន​ប្រសាសន៍​ថា​៖ ក្រុម​គ្រូពេទ្យ ​"ទេវតាសន្តិភាព" នៃ​ប្រទេស​ទាំងពី​រ​ ចិន​-​កម្ពុជា​ នៅទី​នេះ​ គឺ​ដើម្បី​មិត្តភាព ​ប្រពៃណី ​រវាង​ចិន​-​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍន៍​សេវា​សុខា​ភិបាល​យោធា ​និង​អនាគត​ដ៏​ភ្លឺ​ស្វាង​។ លោក​បញ្ជាក់​ទៀតថា​ វា​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​មន្ត្រី​ និង​យោធា​កម្ពុជា​ ដើម្បី​ចែក​រំលែកឱកាស ​និងអ​នាគ​ត​ឈ្នះ ឈ្នះ ​និង​ការ​បើក​ទូលាយ​ពិភព​លោក​ថ្មី​ នៃ​កិច្ច​សហប្រតិបត្តិការ រវាង​យោធា​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា​។​ ​ ឧត្តម​សេនីយ៍ទោ​ វ៉ាន់ ស៊ូឈាន និង​លោក​វរសេនីយ៍ឯក​ពិសេស ​ហាវ លីយ័ន្ត បាន​មានប្រសាសន៍​ដែរ​ថា​ សម​យុទ្ធ​រួម​គ្នា​ រវា​ង​កង​ទ័ព​ចិន​-​​កម្ពុជា ​គឺ​ជា​ម៉ាក​សញ្ញា​ដ៏​សំខាន់ ​នៃកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​ដែល​រួមគ្នា​បង្កើត​ឡើង​ដោយ​យោធា​ប្រទេស​ទាំង​ពីរ​។ លោក​សង្កត់​ធ្ងន់​ថា​ វា​មិន​ត្រឹម​តែ​ជា​វិធាន​ការជាក់​ស្ដែង​ ដើម្បី​អនុវត្តការ​ឯកភា​ព​គ្នា​ដ៏​សំខាន់​រប​ស់​មេដឹក​នាំ​ចិន​-​កម្ពុជា ​តែ​ប៉ុណ្ណោះទេ​ តែវា​ក៏​ជា​វេទិកា​មួយ​ដ៏​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្ដូរ ​សម​យុទ្ធ​ជាក់​ស្ដែង​រវាង​យោធា​ចិន​-​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍ដ៏​​សំខាន់​មួយ​។

        ថ្លែង​ក្នុង​ពិធីបិ​ទ​វគ្គ​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​មាន​ប្រសាសន៍​ថា​ ឆ្នាំ​នេះ ​គឺ​ជា​ឆ្នាំ​ខួប​លើក​ទី​ ៦៥ ​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត ​រវាង​ចិន​-​កម្ពុជា ​ហើយក៏​ជា​ឆ្នាំ​នៃ​មិត្តភាព ​រវាង​ប្រទេស ក​ម្ពុជា-ចិន ផង​ដែរ​។ សម​យុទ្ធរួមគ្នា ​រវាង​កង​ទ័ព​ប្រទេសទាំ​ង​ពីរ​ ក៏​នឹង​បាន​ឆ្លុះបញ្ចាំង​អំពី​ប្រពៃណី​ ដែល​មិន​អា​ចបំបែក​បំបាក់​បាន​ឡើយ ​រវាង​កម្ពុជា​-​ចិន​។ នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បន្ថែម​ទៀត​ថា​៖ តាម​រយៈ​នៃ​សម​យុទ្ធ​រួម​គ្នា​ "ទេវតាសន្តិភាព-២០២៣" ក្រោ​ម​ប្រធាន​បទ ​"​ប្រតិបត្តិការ​សង្គ្រោះ ​សុខាភិបាល ​មនុស្ស​ធម៌​អន្តរជាតិ ​រួម​គ្នា​នៅ​តំបន់​គ្រោះមហន្ត​រាយ​ខ្យល់​ព្យុះ ​និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​"​ កង​ទ័ព​ដែល​ចូល​រួម​ទាំង​អស់​ នឹង​បាន​រៀន​អំពី​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ​និង​បង្កើត​ជំនាញ​វិជ្ជា​ជីវៈ​របស់​ពួក​គេទៅតាម​រយៈ​សកម្មភាព​សម​យុទ្ធ​ ដែល​នឹង​ជំរុ​ញ​ឲ្យ​មាន​ការ​លើក​កម្ពស់​សមត្ថភាព ​គុណភាព ​និង​ប្រសិទ្ធភាព​ សម្រាប់​ប្រទេស​កម្ពុជា​យ៉ាង​ទូលំ​ទូលាយ​។ សមត្ថភាព​បច្ចេក​ទេស​នៃ​ការ​ជួយ​សង្គ្រោះ​រួម​គ្នា​ក្នុង​ប្រតិបត្តិការ​ពហុប្រទេស ​ដែល​អាច​ឆ្លើយតប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ​សុខាភិ​បាល ​នៃ​គ្រោះ​មហន្តរាយ​បាន​គ្រប់ពេល​វេលា​។ 

        ឯកឧត្តម​ បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​របស់​គណៈកម្មការ​ដឹក​នាំ​សម​យុទ្ធ​រួម​គ្នា​ "ទេវតា​សន្តិភាព​-​២០២៣"​ រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ចិន ​ដោយ​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​អនុព័ន្ធ​យោធា​ចិន​ប្រចាំនៅ​កម្ពុជា​ ថ្នាក់​ដឹក​នាំតា​ម​ស្ថាប័ន ​ចំណុះ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​អាជ្ញាធរ​ដែន​ដី​ គ្រប់​លំដាប់​ថ្នាក់​ ជំរុញ​ឲ្យ​ការ​រៀបចំ​សម​យុទ្ធ​រួម​គ្នា​នេះ​ បាន​ដំណើរ​ការ​ទៅ​បាន​ដោយ​ជោគ​ជ័យ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​។ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​បន្ថែម​ទៀត​ថា​ សម​យុទ្ធសុខា​ភិបាល​រួមគ្នា​រវាង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា-ចិន ​យើង​បាន​កំណត់​យ៉ាង​ច្បាស់​ អំពី​សន្តិសុខ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​សុខមាលភាព​របស់​ប្រជាជន​ ជា​មូល​ដ្ឋាន​នៅ​ក្នុង​គោល​ន​យោបាយ​សន្តិសុខ ​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​សម្រាប់​កង​ទ័​ពទាំង​ពីរ​។ តាម​រយៈ​នៃ​សម​យុទ្ធ​នេះ​ ក៏​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរបាន​ធ្វើ​ការ​ពង្រឹង​ស្មារតី​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព​ជា​ប្រពៃណី​ល្អ​ប្រសើរ​ ការ​បង្កើន​កិច្ច​ផ្លាស់​ប្ដូរ ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្លើយ​តប​ការ​សង្គ្រោះ​ប្រជាជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ ដែល​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍ ​ដល់​ប្រទេស​ជាតិ​ នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​។ ​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា បញ្ជាក់​ថា​ សមយុទ្ធរួម​គ្នា​"ទេវតាសន្តិភាព​-​២០២៣"​ ដែល​បាន​បញ្ចប់​ប្រក​បដោយ​ជោគ​ជ័យ​ នៅ​ពេល​នេះ​គឺ​ជា​កំណត់​ត្រាប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត ​រួម​និង​សមិទ្ធផល​ជា​ផ្លែផ្កា​ ដែល​ផ្ដើម​ចេញពី​ការ​ទំនាក់​ទំនង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន ​ដែល​ជា​ចំណង​មិត្តភាព​ដែក​ថែប ​និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹង​មាំ​ រវាង​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការជា​យុទ្ធសាស្ត្រ​ គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​កសាង​សហគមន៍​វាសនា​រួម​សម្រា​ប់​បម្រើ​ឲ្យកិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ប្រទេស​ទាំង​ពីរ​ ដែល​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ បាន​ព្រម​ព្រៀងគ្នា​នា​ពេល​កន្លង​មក​។ ឯកឧត្តម​ ទៀ សីហា ក៏​បាន​ប្រកាស​បិទ​សម​យុទ្ធ​រួម​គ្នា​"ទេវតាសន្តិភាព​ -​២០២៣"​ ​ចាប់​ពី​ពេល​នេះ​តទៅ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ