នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត្តឱ្យ ឧត្តមសេនីយ៏ទោ ឈិន ឡែង មេបញ្ជាការរង កងទ័ពជើងគោកភូមិភាគខាង ត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដែលបានដឹកនាំប្រតិភូមកបំពេញបេសកកម្មចូលរួមបិទលំហាត់ ហ្វឹកហ្វឺន ប្រតិបត្តិការ លើទីលានបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានសំដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ កងទ័ពជើងគោក ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ឯកឧត្តម បានចាត់ទុកថា៖ តាមរយៈបេសកកម្មនេះបានធ្វើឲ្យកងទ័ព នៃប្រទេសយើងទាំងពីរ នឹងបន្តពង្រឹងពង្រីក ចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ក្រោមការបង្ហាញផ្លូវរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ចំណង មិត្តភាពជាប្រពៃណី កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប មិនអាចបំបែកបាន។ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងបាន ឧបត្ថម្ភគាំទ្រធំធេង ដល់កងយោធពលខេមរភូមិន្ទ ពិសេសលើការបណ្ដុះបណ្ដាល ធនធានមនុស្សជាប់ជាប្រចាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សង្ឃឹមថា៖ ប្រទេសយើងទាំងពីរនឹងបន្តរួមគ្នាអនុវត្តនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងបានស្នើដល់កងទ័ពរំដោះ ប្រជាជនចិនជួយដល់កងយោធពលខេមរភូមិន្ទ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធាន មនុស្សបន្តទៀត។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៏ទោ ឈិន ឡែង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូល ជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ដែលមានជាយូរលង់ហើយ។ ឧត្តមសេនីយ៏ទោ ឈិន ឡេង បានថ្លែងអបអរសាទរចំពោះ ឯកឧត្តម ទៀ សីហា ដែលរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានតែងតាំង ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តម ក៏បានបញ្ជាក់ថា៖ ក្នុងការមកចូលរួមបំពេញបេសកកម្ម បិទលំហាត់ ហ្វឹកហ្វឺន ប្រតិបត្តិការ លើទីលានបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនាពេលនេះ ឯកឧត្តម និងគណៈប្រតិភូ បានយល់ដឹងច្រើនអំពីការលំបាកនានា ក្នុងការរំដោះផ្ទៃដី ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសម័យសង្គ្រាម។ ឯកឧត្តម បានសន្យាថា៖ នឹងខិតខំជួយធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទាំងអស់ បានរស់នៅមានសុវត្ថិភាពពីគ្រាប់ទាំងនោះ។ ឯកឧត្តម សង្ឃឹមក្រោមការដឹកនាំ របស់ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕