នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានអនុញ្ញាត្តឱ្យលោក វរសេនីយ៍ទោ ផូល ផេន (Paul Payne) នាយការិយាល័យសេនាអនុព័ន្ធកាណាដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារបន្ត។
មានប្រសាសន៏ក្នុងឱកាសនោះលោក វរសេនីយ៍ទោ ផូល ផេន ថ្លែងជំនួសមុខឲ្យកងទ័ព នៃប្រទេសកាណាដា បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាត្តឲ្យលោក បានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីក ចំណងទាក់ទង កិច្ចសហប្រតិបត្តិការ និងការ សាមគ្គីភាព មិត្តភាព ឲ្យកាន់តែមានភាពជិតស្និទ្ធ។ លោកក៏បានបញ្ជាក់ថា៖ កន្លងមកដោយសារតែបញ្ហាការរីករាលដាល នៃជងឺកូវីដ.១៩ បានបណ្តាល ឲ្យប្រទេសយើងទាំង២ អនុវត្តនូវកិច្ចសហប្រតិបត្តិការពុំបានល្អ ពិសេសលើផ្នែកយោធា។ លោកអនុព័ន្ធក៏បានបញ្ជាក់ថា៖ ពេលនេះកងទ័ពប្រទេសកាណាដា បានយកចិត្តទុកដាក់មកលើបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូច្នេះកងទ័ពកាណាដាមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាបណ្តាប្រទេសក្នុងតំបន់ទាំងនោះ ដោយមានបំណងជួយបណ្តុះបណ្តាល ក៏ដូចជាធ្វើប្រតិបត្តិការរួមគ្នាជាដើម។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងល្អ រវាងកម្ពុជា-កាណាដា ដែលកើតមានតាំងពីឆ្នាំ១៩៥០ ហើយជាបន្តបន្ទាប់ ប្រទេសទាំងពីរតែង បានចូលរួមជួយគ្នាទាំងលើក្របខណ្ឌអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកម្ពុជា កាណាដា មានកិច្ចសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពកាណាដាដែលបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក្នុងការស្វែងរកសន្តិភាព នៅកម្ពុជាក្នុងនោះក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩២ កាណាដាក៏បានជួយជ្រោមជ្រែងកម្ពុជា លើច្រើនវិស័យផងដែរ។ ពាក់ព័ន្ធលើវិស័យយោធា ឯ.ឧ គូសបញ្ជាក់ពីកិច្ចសហការល្អ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងនោះដូចជាការផ្លាស់ប្ដូរទស្សនកិច្ចជាដើម។ ឯកឧត្តម ទៀ សីហា ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ទៅថ្ងៃអនាគតប្រទេសកាណាដា នៅតែជាមិត្តរបស់កម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយូរអង្វែង ៕