លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ) ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ ឈិន ឡែង (Chen Liang) មេបញ្ជាការរង កងទ័ពជើងគោកភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងអនុព័ន្ធយោធាបណ្តាប្រទេសនានា ប្រចាំកម្ពុជា ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាសហប្រធាន នៃក្រុមជំនាញការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ស្តីពីសកម្មភាពមីនមនុស្សធម៌ ក្នុងអាណត្តិ ឆ្នាំ២០២១-២០២៣ ជាលើកដំបូង។ លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ បានប្រារព្ធពិធីបើកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានគោលបំណង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសដៃគូដទៃទៀត។ ក្នុងនោះមានកងកម្លាំងពហុសាសន៍ចូលរួមហ្វឹកហ្វឺន សរុបប្រមាណ ៥០០នាក់ មកពី ១៤ប្រទេស រួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម។
លំហាត់ហ្វឹកហ្វឺនពហុជាតិលើទីលាននេះ ផ្តោតទៅលើវិញ្ញាសារបោសសម្អាតមីន មនុស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ «ការអភិវឌ្ឍន៍ នៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យានវានុវត្តន៍ និងការប្តូរបទពិសោធន៍»។
នៅក្នុងឱកាសបិទលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នាពេលនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានបោសសំអាតមីន ដែលយើងបានរៀបចំនេះ ស្របពេល ដែលពិភពលោកពោរពេញទៅដោយសង្គ្រាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម រវាងមហាអំណាចពិភពលោក, ការកើនឡើងភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងមិនប្រក្រតី នៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ច, វិបត្តិស្បៀងអាហារ និងថាមពល បានបង្កើតឱ្យមាននូវស្ថានភាព ដ៏អាក្រក់មួយបាននឹងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិ ទាំងឡាយនៅជុំវិញពិភពលោក។ ជាការពិត ទោះបីសង្គ្រាម និងជម្លោះនៅតាមប្រទេសនីមួយៗបានផុតរលត់ជាយូរណាស់ហើយក៏ដោយ ក៏ផលវិបាករបស់វានៅតែបន្តជះឥទ្ធិពលជាអវិជ្ជមានដល់សន្តិសុខ សុខុមាលភាពមនុស្ស និងសេដ្ឋកិច្ចនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។ គ្រាប់បែកមិនទាន់ផ្ទុះគ្រាប់មីន និងអាវុធជាតិផ្ទុះផ្សេងទៀត ដែលសំណល់ពីសង្គ្រាមបានបន្សល់ទុកជាបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលមានជំងឺរ៉ាំរ៉ៃដោយសារសង្គ្រាម។ ជាក់ស្ដែង ជាងប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ មានអ្នកស្លាប់រាប់ម៉ឺននាក់ និងមនុស្សរាប់រយពាន់នាក់បានរងរបួស ឬពិការដោយសារគ្រាប់រំសេវ ដែលបន្សល់ទុកនៅក្នុងដី ក្នុងប្រទេសអាស៊ានមួយចំនួន។ ម៉្យាងវិញទៀត ការបំពុល ដោយគ្រាប់បែក និងមីន បានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការប្រើប្រាស់ធនធានធម្មជាតិ កសិកម្ម និងរារាំង ដល់ការអភិវឌ្ឍ បរិយាកាសវិនិយោគសេដ្ឋកិច្ច សង្គម និងទេសចរណ៏នៅក្នុងប្រទេសទាំងនោះទៀតផង។
ដោយយល់ច្បាស់អំពីបញ្ហាបន្សល់ទុកដោយសារគ្រាប់បែកមិនទាន់ផ្ទុះ គ្រាប់មីន និងកាកសំណល់ សង្គ្រាម ទើបរដ្ឋសមាជិកអាស៊ានមួយចំនួន ពិសេសរដ្ឋដែលមានការបំផ្លាញខ្លាំងដោយសារគ្រាប់បែក មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើតមជ្ឈមណ្ឌលបេសកម្មភាពមីន សម្រាប់កម្ទេចចោលកាកសំណល់ដោយសារសង្គ្រាម។ ក្នុងបរិបទនេះ ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានបោសសំអាតមីន ក្នុងក្របខ័ណ្ឌ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក គឺជាការចែករំលែកទំនួលខុសត្រូវក្នុងការលុបបំបាត់សំណល់សង្គ្រាម ដែលជាកិច្ចការមនុស្សធម៌ និងប្រធានបទនៃការព្រួយបារម្ភទៅវិញទៅមក សម្រាប់តំបន់របស់យើង និងសង្គមអន្តរជាតិ ទើបបណ្តាប្រទេសអាស៊ាន និងប្រទេសបូកមួយចំនួន បានយកចិត្តទុកដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក “ADMM-Plus"។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ ឈិន ឡែន (Chen Liang) មេបញ្ជាការរង កងទ័ពជើងគោកភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមជាតិ អន្តរជាតិ ដែលបានមកចូលរួមធ្វើលំហាត់ និងប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមគ្រូយោធាចារ្យផងដែរ ៕