ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងពិនិត្យវឌ្ឍនភាពការងារយេនឌ័រកងទ័ពជើងទឹក ដែលមានសមាសភាពចូលរួមចំនួន ៣៧០នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងទឹក វិទ្យាស្ថានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ។
ក្នុងឱកាសនោះបន្ទាប់ពី វរនាវីឯក ញាណ ច័ន្ទថា នាយរងការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារយេនឌ័រ កងទ័ពជើងទឹក ឡើងមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីអំពីការងារយេនឌ័រកងទ័ពជើងទឹក និងវរនាវីឯក ស្រី រិន នាយការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងទឹក អានសេចក្តីសម្រេចស្តីពីការជូនបណ្ណ័សរសើរ លិខិតសរសើរ និងតម្លើងឋានន្តរសក្តិ ដល់យោធិននារីរួចមក លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងបំពាក់ឋានន្តរសក្តិជូនដល់ នាយនាវី នាយនាវីរង ពលនាវឹក នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលបានបំពេញការងារមានស្នាដៃល្អប្រសើរ ក្នុងការបំពេញការងារនាពេលកន្លងមក។
មានប្រសាសន៍សំណេះសំណាលជាមួយយោធិនា នាឱកាសនោះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានចាត់ទុកថា៖ «សន្តិភាព ដែលបានមកពីការពារជាតិ បូរណភាពទឹកដី មានតម្លៃមិនអាចកាត់ថ្លៃបាន»។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយនាវី នាយនាវីរង និងពលនាវឹក ក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹកទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសគឺបានគិតគូរក្នុងការលើកកម្ពស់ ការការពារព្រំដែនទឹក និងបំពេញការងារមូលដ្ឋានបានយ៉ាងល្អប្រសើរ។ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងសមត្ថភាព ជំនាញ ក្នុងកិច្ចការពារបូរណភាពទឹកដី ដែនទឹក កោះ ឆ្នេរ ហ៊ានពុះពារការលំបាក ចូលរួមនូវគ្រប់ភារកិច្ច ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ និងដើម្បីឱ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំ មានគុណភាពគ្រប់គ្រាន់ មានវិន័យម៉ឺងម៉ាត់ ស្មោះត្រង់ចំពោះមាតុភូមិ ការពារសន្តិសុខជាតិឲ្យបានរឹងមាំយូអង្វែង។ ទទឹមនេះ នាយនាវី នាយនាវីរង ពលនាវឹក ទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផល ដែលប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី ៦ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាងបាន នូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន បន្សល់ទុករហូតមកដល់បច្ចុប្បន្ន។ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជន។
នៅបញ្ចប់កម្មវិធី លោកជំទាវ នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ បានអញ្ជើញពិនិត្យទីបញ្ជាការ ឃ្លាំង ទីលានគ្រាប់បាញ់ពិត រោងបាយ ទីតាំងផ្ទុកឧបករណ៍សង្រ្គោះ នូវគ្រោះមហន្តរាយនានា សាលារៀន ក្នុងទីបញ្ជាការ សម្រាប់កូន របស់យោធិនចូលរៀនសូត្រ និងរៀបចំអាហារសាមគ្គីរួមគ្នាផងដែរ ៕