បន្ទាប់ពីបានចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៤ រួចមក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដំណើរ ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើង បំពេញភារកិច្ចឈរជើងការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៥ បន្តទៀត ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធធ្វើនៅការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ស្ថិតនៅភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានមានមតិស្វាគមន៍ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរអញ្ជើញចុះសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៥ ដែលកំពុងឈរជើងនៅតាមព្រំដែន កម្ពុជា-ថៃ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ខេត្តប៉ៃលិន នាពេលនេះ។ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៥ ជំនួសមុខឱ្យអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានទូទាំងយោធភូមិភាគទី៥ ឧត្តមសេនីយ៍ឯក ឯក សំអូន បានសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា ចំពោះឯកឧត្តម ទៀ សីហា ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទាន ឋានន្តរសក្ដិ នាយឧត្ដមសេនីយ៍ និងតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងរាជរដ្ឋាភិបាលថ្មី និតិកាលទី ៧ នៃរដ្ឋសភា។ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា៖ យោធភូមិភាគទី៥ សូមគាំទ្រ និងការពារដាច់ខាត រាជរដ្ឋាភិបាល នីតិកាលទី៧ ស្មោះត្រង់ និងការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខស្ថិរភាពនយោបាយ និងតម្កល់ផលប្រយោធន៍ជាតិជាធំ និងប្តេជ្ញាវាយកម្ទេចរាល់ឧបាយកល និងអំពើក្បត់ទាំងឡាយ ដែលមានចេតនាធ្វើចលាចលបំផ្លិចបំផ្លាញសន្តិភាព និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ហាការកងទ័ពជើងគោក បានដាក់ចុះ។ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី ៥ បានបញ្ជាក់ថា៖ យោធភូមិភាគទី៥ មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសថៃ ប្រវែង ៣៦៧គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំប្រទល់ខេត្តកោះកុង, គ្របដណ្តប់លើភូមិសាស្ត្រ ៤ខេត្តគឺ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ខេត្តប៉ៃលិន និងខេត្តពោធិសាត់។ ឯកឧត្តម បន្តថា៖ យោធភូមិភាគទី៥ មានយន្តការគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ និងបានសហការពង្រឹងសម្ព័ន្ថភាពជាមួយគ្នា, មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានជួបពិភាក្សាគ្នា ដោះស្រាយបញ្ហាប្រឈមនានា ដោយសន្តិវិធីនៅគ្រប់កម្រិត បង្កលក្ខណៈជូនប្រជាពលរដ្ឋទាំងសងខាង ចេញចូល ប្រកបរបររកស៊ីប្រចាំថ្ងៃដោយ សុខសន្តិភាព និងមានការសហការល្បាតត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនជាប្រចាំ។ ទាក់ទងទៅនឹងសភាពការសន្តិសុខនៅទិសយោធភូមិភាគទី ៥ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា៖ យោធភូមិភាគទី៥ បានសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច គ្រប់ជំនាញអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា បានជាច្រើនករណី។ ទន្ទឹមនេះ បានខិតខំកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ កសាងពង្រឹងកម្លាំង ហ្វឹកហ្វឺនបំប៉ន សមត្ថភាពជំនាញ បំពាក់បំប៉នឆន្ទៈ និងការគោរពវិន័យ, រៀបចំកម្លាំងអន្តរាគមន៍នៅគ្រប់បណ្តាអង្គភាព សម្រាប់ឆ្លើយតបទៅនិងបទបញ្ជារបស់ថ្នាក់លើគ្រប់ថ្នាក់ និងជាកម្លាំងចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់, គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ និងអគ្គីភ័យជាដើម។ ក្រៅពីនេះ យោធភូមិភាគ បានកសាងសំណង់ផ្សេងៗនៅតាមបណ្តាអង្គភាព ដែលជាអំណោយរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ សប្បុរសជននានា ភាគីមិត្ត ធានាបាននូវកន្លែងរស់នៅ ធ្វើការងារបានសមរម្យ ធានាបានឃ្លាំងទុកដាក់សម្ភារៈបច្ចេកទេសបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ ទាក់ទងទៅនឹងការងារប្រវត្តិសាស្ត្រយោធា ឯកឧត្តម ឯក សំអូន បានបញ្ជាក់អោយដឹងថា៖ យោធភូមិភាគទី ៥ បានចូលរួមរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា បានចំនួន ៣០ទីតាំង ដើម្បីរក្សាមរតក នៃនយោបាយឈ្នះ ឈ្នះ លើកកម្ពស់គុណតម្លៃរបស់ សម្តេចតេជោ ដែលជាស្ថាបនិក មគ្គុទេសក៍ឯក នៃនយោបាយឈ្នះ ឈ្នះ, សម្តេចពិជ័យសេនា ដែលជាស្ថាបនិក ប្រវត្តិសាស្ត្រយោធា និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅក្នុងឱកាសនោះដែល ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបច្ចេកទេសសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន បានឡើងរាយការណ៍អំពីវឌ្ឍនភាព នៃដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ដោយបានបញ្ជាក់ថា៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន អនុគណៈកម្មការសាងសង់ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ក្រុមការងារបច្ចេកទេសបានដំណើរការរហូតមកដល់បច្ចុប្បន្ន សម្រេចលទ្ធផល រហូតមកដល់ថ្ងៃនេះ ការងារសាងសង់គ្រោងបង្គុំបេតុងតួស្តូប ទំហំ ៥៩ម គុណ៥៩ម សម្រេចបាន៧០%។ ដើម្បីសម្រេចការងារតាមផែនការគ្រោងទុក អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ បានបន្តជម្រុញអនុវត្តការងារ បន្តទៀតរួមមាន៖ បន្តការងារចងដែកធ្នឹម និងដកសសរ ឡើងជាន់ ប្រាំទិស, បន្តការងារ បាំងពុម្ពធ្នឹម ដើម្បីចាក់បេតុង និងបន្តការងារក្រាលបាតផ្ទឹម ជាន់ប្រាំទិស។ ក្នុងនាមក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន ឧត្តមសេនីយ៍ឯក សឿន រឿត បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដែលជានិច្ចកាលតែងតែជួយគាំទ្រ និងផ្តល់អនុសាសន៍ណែនាំជាប់ជាប្រចាំក្នុងកិច្ចដំណើរការកសាងស្តូបឈ្នះ ឈ្នះ នាពេលកន្លងមក។
មានប្រសាសន៍ជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី ៥ នៅខេត្តប៉ៃលិន នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរភាពទឹកដី នៅទិសយោធភូមិភាគទី៥។
ឯកឧត្តម ទៀ សីហា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើជាតិ មាតុភូមិ នាពេលកន្លងមក ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលមានជំងឺប្រចាំកាយកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ និងគេហដ្ឋាន សូមអោយបានឆាប់ជាសះស្បើយ បានវិលមកបំពេញការងារនៅអង្គភាព និងជួបជុំក្រុមគ្រួសារវិញ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងទ័ពជើងគោក ឯកឧត្តម ទៀ សីហា បានសម្ដែងការ កោតសរសើរនូវវីរភាពអង់អាចក្លាហាន របស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន យើងទាំងអស់ ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលការងារសំខាន់ៗជាប្រវត្តិសាស្រ្តជូនជាតិ មាតុភូមិនៃយើង តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា៖ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ហើយដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី ៥ ត្រូវបន្តចូលរួមគោរពអនុវត្តគោលនយោបាយ, វិធានការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងខឿន ការពាររបស់ប្រជាជន ដើម្បីធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់កាលៈទេសៈ។ ត្រូវលើកកម្ពស់ស្មារតី ពង្រឹងធ្លុងសាមគ្គីជាតិ ពុះពារជម្នះនូវផលវិបាកទាំងឡាយ ដើម្បីសម្រេចគោល ភារកិច្ចបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយជោគជ័យ។ រក្សាការពារឱ្យខាងតែបាននូវ សមិទ្ធផលសង្គមជាតិ ប្រឆាំងដាច់ខាតរាល់អំពើ បង្កអស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម, បង្ការដាច់ខាតរាល់អំពើភេរវកម្ម ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិ និងត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលខេត្ត ដោះស្រាយរាល់ហេតុការណ៍នៅមូលដ្ឋានទាន់ពេលវេលាឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាពការងារអប់រំចិត្តសាស្ត្រជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយអប់រំច្បាប់ បទវិន័យកងទ័ព និងបទដ្ឋានគតិយុត្តិផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះកងទ័ព ដល់យោធិនគ្រប់រូប ដើម្បីធានាបាននូវភាពស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធានានូវការគោរពរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋគោរពវិន័យបទបញ្ជារបស់កងទ័ព រក្សាបានអត្តចរិតសីលធម៌ ថ្លៃថ្នូរ ស្អាតស្អំ មានឆន្ទៈស្នេហាជាតិមាតុភូមិ និងប្រជាជន ព្រមទាំងអនុវត្តដោយម៉ឺងម៉ាត់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល។ បន្តថែរក្សាពង្រឹងការងារសម្ព័ន្ធមេត្រីភាពនូវកិច្ចសហការ ដែលមានលក្ខណៈជាប្រពៃណីជាឱ្យកាន់តែល្អ ថែមទៀត រវាងកងទ័ពជាមួយមន្ត្រីរាជការ និងប្រជាជន។ លើកកម្ពស់សិល្បៈនៃការចែករំលែក មនសិការចូលរួមចំណែកដោយផ្ទាល់ពីសំណាក់មន្រ្តីរាជការ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋានឱ្យមានលក្ខណៈ សកម្មផលផុសជាមួយបណ្តាអង្គភាពឈរជើងទិសយោធភូមិភាគទី៥។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រគល់ជូននូវថវិកា និងសម្ភារៈស្បៀងអាហារ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ជូនដល់បណ្តាអង្គភាពនានា នៅក្នុងយោធភូមិភាគទី ៥ ព្រមទាំងបានទស្សនា នៃវឌ្ឍភាពដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិនផងដែរ ៕