នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារ ៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធីបតីភាព នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។
ក្នុងរបាយការណ៏បូកសរុបការងារក្នុង រយៈពេល៩ខែ កន្លងមក បានបង្ហាញអោយឃើញពីការខិតខំបំពេញការងារ នៅតាមបណ្តានាយកដ្ឋាន សម្រេចបាននូវស្នាដៃ ជាច្រើនជូនក្រសួងការពារជាតិ។ ក្រៅពីបំពេញភារកិច្ចស្នូលរបស់ខ្លួនក្នុងរយៈពេល ៩ខែ អគ្គនាយកដ្ឋានយោធសេវា បានឆ្លៀតឱកាស ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាជនពិការយើង ដោយបានដឹកនាំគ្រូពេទ្យចុះជួយពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ និងមានជូនអំណោយមួយចំនួនថែមទៀតផង។
នាយឧត្តមសេនីយ៏ មាស សាវ៉ន ក៏បានថ្លែងការកោតសរសើររាល់លទ្ធផល និងស្នាដៃ តាមបណ្តានាយកដ្ឋាន ចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានជូនក្រសួងការពារជាតិ ក៏ដូចជា ស្ថាប័ននានា ដែលមានការពាក់ព័ន្ធ ទៅតាមជំនាញរបស់ខ្លួននីមួយៗ។ ឯកឧត្តម ក៏បានលើកពីសភាពការណ៍ក្នុងប្រទេសសម្រាប់៩ខែ ឆ្នាំ២០២៣នេះ គឺជាពេលវេលាដែលប្រជាជនកម្ពុជា ត្រូវទទួលរៀបចំនូវបណ្ដាព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ ជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យសម្រេចបាននូវជោគជ័យ ដើម្បីនាំយកនូវមោទនភាពជូនជាតិហតុភូមិ។ ព្រះរាជាណាចក្រកម្ពុជា ទើបបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានជោគជ័យយ៉ាងធំធេង ដែលព្រឹត្តិការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ហើយពិភពលោកកាន់តែស្គាល់កាន់តែយល់ដឹងច្បាស់អំពីប្រទេសកម្ពុជា និងបេះដូងរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម បានបន្តទៀតថា៖ យើងបានដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាប្រវត្តិសាស្ត្រ ដែលបានប្រព្រឹត្តធ្វើនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនោះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យកាន់តែរីកចម្រើន លូតលាស់ ថែមទៀត ស្របតាមស្មារតី នៃច្បាប់ និងរដ្ឋធម្មនុញ្ញ។ ហើយរាជរដ្ឋាភិបាលថ្មី ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកម្ពុជាឲ្យមានការរីកចំរើនឆ្ពោះទៅមុខ។ ក្នុងទិសដៅការងារប្រចាំត្រីមាសខាងមុខ ឯកឧត្តម មាស សាវ៉ន ក៏បានជំរុញតាមបណ្តានាយកដ្ឋានជំនាញ ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តភារកិច្ច ទៅតាមជំនាញរៀងៗខ្លួន ចំពោះការងារសោធននិវត្តន៏ ពលី ពិការ ត្រូវបន្ត ធ្វើផែនការប្រចាំឆ្នាំ២០២៤ របស់ខ្លួនដោយសហការជាមួយបណ្តាសាម៉ីអង្គភាព លើចំនួនតួលេខ យោធិនពលី មរណៈ បាត់បង់ សមត្ថភាព ពិការ និង សោធនិវត្ត ដើម្បីដាក់ជូនក្រសួងការពារជាតិ។
ឯកឧត្តម មាស សាវ៉ន ក៏បានលើកអំពីត្រៀមរៀបចំ ផ្សព្វផ្សាយកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការត្រៀមរៀបចំអបអរសាទរខួបលើកទី ៧០ ទិវាកំណើត ខ.ភ.ម ក្នុងខែវិច្ឆិកា ដែលបណ្តានាយកដ្ឋាន ដែលមានការពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនអោយសម្រេចបានលទ្ធផលល្អ ៕