ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​សីហា ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​វិស្វកម្ម​គ្រឿង​ចក្រ​ធុន​ធ្ងន់​ត្រី​ភាគី​កម្ពុជា​​-កូរ៉េ​-​អសប​
នាយកដ្ឋានព័ត៌មាន(៣)
595
3199 នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​សីហា ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​វិស្វកម្ម​គ្រឿង​ចក្រ​ធុន​ធ្ងន់​ត្រី​ភាគី​កម្ពុជា​​-កូរ៉េ​-​អសប

      វគ្គ​ហ្វឹក​ហ្វឺន​វិស្វកម្ម​គ្រឿង​ចក្រ​ធុន​ធ្ងន់​ត្រី​ភាគី​កម្ពុជា ​សាធារណ​រដ្ឋ​កូរ៉េ ​និង​អង្គ​ការ​សហ​ប្រជា​ជាតិ ​បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ នា​រសៀល​ថ្ងៃទី០១ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ​ដែល​ពិធី​នេះ​បាន​ប្រព្រឹ​ត្ត​ទៅ ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត ​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ និង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​​ប្រចាំ​កម្ពុជា​ នៅ​ទីស្តីការក្រសួង​ការ​ពារ​ជាតិ​។

        ក្នុង​របាយ​ការណ៍​ស្វាគមន៍​របស់ ​នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អនុ​ប្រធាន​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ ​និង​ជា​អគ្គ​នាយក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ឲ្យ​ដឹង​ថា​៖​ វគ្គ​ហ្វឹក​ហ្វឺន​ គម្រោង​ត្រី​ភាគី ​កម្ពុជា​ -​កូរ៉េ​-​អសប​ ស្តី​ពី​ការ​ប្រើ​ប្រាស់ ​គ្រឿង​ចក្រ​វិស្វកម្ម​ធុន​ធ្ងន់​នេះ​ គឺ​ការ​ហ្វឹក​ហ្វឺន​ លើក​ទី​១​ ​ដល់​សិក្ខាកាម​​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​ក្រុម​យោធា​ចារ្យ​សាធារណរដ្ឋ​កូរ៉េ ​ដើម្បី​ពង្រីក​ការ​យល់​ដឹង​បន្ថែម​ លើ​ជំនាញ​ប្រើប្រាស់​គ្រឿង​ចក្រ​វិស្វកម្ម​ធុន​ធ្ងន់​ សម្រាប់​ស្ថាបនា​ចំណង់​ផ្ដេ​ក​ និង​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បន្ត​អភិវឌ្ឈ​ន៍ប្រទេស​ជាតិ​ផង​ ជា​ពិសេស ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​ស្តារ​សន្តិភាព​ និង​សន្តិសុខ ​ក្នុង​តំបន់​បេសក​កម្ម​ ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ​។​ ឯកឧត្តម​ សែម​ សុវណ្ណ​នី បាន​បន្ត​ទៀត​ថា៖​ សិក្ខា​កាម​ដែល​បាន​សិក្សា​មាន​ចំនួន ​៣២​នាក់ ​សម្រា​ប់​រយៈ​ពេល ​៦​សប្តាហ៍​ ជា​មួយ​គ្រូ​យោធា​ចារ្យ​ជំនាញ​វិស្វកម្ម​កូរ៉េ​ខាង​ត្បូង​១០​នាក់​ នឹង​បង្រៀន​វគ្គ​ហ្វឹ​ក​ហ្វឺន​​គ្រឿង​ចក្រ​ ធុន​ធ្ងន់​ ​នៅ​សាលា ​PKO ​ហើយ​ក៏​នឹង​បើក​ដំណើរ​ការ​អប់រំ​ និង​បណ្តុះ​បណ្តាល​ថ្មី​សម្រាប់​អង្គភាព​វិស្វកម្ម​ PKO ​ដើម្បី​ឱ្យ​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ប្រតិបត្តិការ​ប្រើ​ប្រាស់​ឧបករណ៍​នីមួយៗ​។

        មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ​ទៀ សីហា ថ្លែង​អំណរ​គុណដ​ល់​គ្រូ​យោធា​ចារ្យ​ជំនាញ​វិស្វកម្ម​កូរ៉េ ​ខាង​ត្បូង​ ​ដែល​បាន​បង្រៀន​ វគ្គ​ហ្វឹក​ហ្វឺន​គ្រឿង​ចក្រ​ធុនធ្ងន់​ដល់​កង​កំលាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទនៅ​ពេល​នេះ​។​ មិន​តែ​ប៉ុណ្ណោះ ​ក៏​បាន​បើក​ដំណើរ​ការ​អប់រំ ​និង​បណ្តុះ​បណ្តាល​ វគ្គថ្មី​សម្រាប់​អង្គភាព​វិស្វកម្ម​ ដើម្បី​ឱ្យ​មាន​ភាព​ស្ទាត់​ជំនាញ ​ក្នុង​ប្រតិបត្តិការ​ប្រើ​ប្រាស់​ឧបករណ៍​នីមួយៗ​ទៀត​ផង​​។​ ឯ.ឧ ​បាន​បន្ត​ទៀត​ថា៖​វគ្គ​ហ្វឺក​ហ្វឺន​នេះ ​គឺមា​ន​លក្ខណៈ ​ពិសេស​ដែល​រៀបចំ​ដោយ​គម្រោង​ត្រី​ភាគី ​នៅ​កម្ពុជា​ ហើយ​ក៏​បង្ហាញ​ពី​​កិច្ច​សហប្រតិបត្តិ​ការ​​ដំបូង​ នៃ​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា​”ត្រីភាគី” ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​ សាធារណរដ្ឋ​កូរ៉េ ​និង​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។​ ការ​ចាប់​ផ្តើម​ នៃ​វគ្គ​ហ្វឹ​ក​ហ្វឺន​គ្រឿង​ចក្រ​វិស្វកម្ម​ធុន​ធ្ងន់​នៅ​កម្ពុជា​ថ្ងៃ​នេះ​គូស​បញ្ជាក់​ពីកិច្ច​ខិត​ខំ​ប្រឹ​ងប្រែងក្នុង​កិច្ច​សហការ ​រវាង​អង្គការ​ស​ហ​ប្រជា​ជាតិ ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ភាព​ជាដៃ​គូ​ដើម្បី​សន្តិភាព​។​ ឯ.ឧ ​ឧបនាយក​រដ្ឋមន្ត្រី ​ក៏​សង្ឃឹម​ថា៖ សិក្ខាកាម​ទាំង​អស់​ នឹង​យក​ចំណេះដឹ​ង​ដែល​បាន​មក​ពីការ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ក្រេប​ជញ្ជក់​យក​នូវ​រាល់​ខ្លឹម​សារ​មេរៀន ​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់​ស្តែង​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តថ​ភាព​​ជាក់​ស្តែង​ក្នុង​តំបន់​បេសក​កម្ម​ ជា​ពិសេស ​គឺ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​យោធា​ចារ្យ​កូរ៉េ ​និង​ទទួល​ស្គាល់​ពី​សំណាក់​មន្រ្តី​ អង្គការ​សហ​ប្រជា​ជាតិ ​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​សម្រាប់​បង្វឹក​ដល់​កម្លាំង​វិស្វកម្ម​ ត្រៀម​ចេញ​បំពេញ​បេសក​កម្ម​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ 

       គួរ​បញ្ជាក់​ផង​ដែរ​ថា​ គិត​ចាប់​ឆ្នាំ​២០០៦​ រហូត​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​បញ្ជូន​កម្លាំង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​សរុបចំនួន ​៩.២០៧​នាក់ ​ក្នុង​នោះ​នារី​ចំនួន​ ៧២៩​នាក់​ ទៅ​កាន់​បេសក​កម្ម​ ចំនួន​ ១២​ ក្នុង​បណ្តាប្រទេស​ចំនួន​១០​ មាន​ជាអា​ទិ៍៖ ​ស៊ូដង់, ​ឆាត, លីបង់, ស៊ូដង់​ខាង​ត្បូង​, សាយ​ប្រឺស​, ស៊ីរី​, អាហ្វ្រិក​កណ្តាល​, ម៉ាលី​, យេម៉ែន​ និង​កុង​ហ្គោ ​លើ​ជំនាញ​សំខាន់ៗ ​ដូច​ជា៖ ​វិស្វកម្ម​ពហុ​ជំនាញ, ​វិស្វកម្ម​ព្រលាន​យន្តហោះ​, បោស​សំអាត​មីន​ កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​, នាយ​ទាហាន​សេនា​ធិការ​ និងសង្កេត​ការណ៍​​យោធា។​ បច្ចុប្បន្ន ​កម្លាំង​សរុប ​៨៤៨​នាក់​, នារី ​១៤៤​នាក់ ​កំពុង​បំពេញ​បេសក​កម្ម​ នៅ​ប្រទេស​ចំនួន​ ៥​ រួ​មមាន​៖ សាធារណរដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​,  លីបង់,​ អាហ្រ្វិក​កណ្តាល​, ម៉ាលី​ និង​កុងហ្គោ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ