ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍​ ហ៊ឺ​ វេ​ទុង(HE WEIDONG)​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​
នាយកដ្ឋានព័ត៌មាន(៣)
615
3202 នាយ​ឧត្ត​ម​សេនីយ៍​ ហ៊ឺ​ វេ​ទុង(HE WEIDONG)​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​

       នៅ​ល្ងាច​ថ្ងៃ​ទី​០២​ ខែ​ឆ្នូ ​ឆ្នាំ​២០២៣​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក​ងទ័ព​រំដោះ​ប្រជាជន​ចិន ​ដឹក​នាំ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ហ៊ឺ ​វេ​ទុង ​(HE ​WEIDONG)​ អនុ​ប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ នៅ​សណ្ឋាគា​រ​សុខា​ភ្នំពេញ​។

       នៅ​ក្នុង​ជំនួប​នោះ ​សម្ដេច​ពិជ័​យសេនា ​ទៀ បាញ់ ក្នុ​ង​នាម​ សម្ដេច​តេជោ ​ហ៊ុន សែន ប្រធាន​ឧត្ត​ម​ប្រឹក្សា​ ព្រះ​មហាក្សត្រ​ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ នាយ​ឧត្តម​សេនីយ៍​ ហ៊ឺ វេទុង និង​សមាជិក​ប្រតិភូ​នៅ​កម្ពុជា​ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​ ឯកឧត្តម​ ​អនុ​ប្រធាន​គណៈ​កម្មការ​យោធា​មជ្ឈិម​នៅ​កម្ពុជា​លើក​នេះ ​ចំ​ពេល​ដែល​ប្រជាជន​កម្ពុជា​ កំពុង​អបអរ​សាទរ​ខួប​លើក​ទី​ ៤៥​​ឆ្នាំ ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​មុន​នេះ​ហៅ​ថា ​រណសិរ្ស​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ ហើយ​ក៏​នឹង​មាន​ពិធីដ៏​ធំ​មួយ​ទៀត ​ដែល​នឹង​រៀប​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កែប​ របស់​ប្រទេស​កម្ពុជា​ គឺ​បុណ្យ​សមុទ្រ​ ដែល​កម្ពុជា​តែង​តែ​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំ​។ សម្ដេច​ពិជ័យ​សេនា ​បាន​ចូល​រួម​អបអរ​សាទរ​ ជា​មួយ​និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ លើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​ជា​មួយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិ​ការ​ដ៏រឹង​មាំ​យូរអង្វែង​ សម្រាប់​​វិស័យ​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​។ 

        ជា​ការ​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍ ​ហ៊ឺ វេទុង បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​សេនា​ថា​៖ ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ និង​សមាជិក​ប្រតិភូ​មក​កាន់​កម្ពុជា​លើក​នេះ​ គឺ​ធ្វើ​ឡើងទៅ​តាម​ការ​អនុវត្ត​លើ​កុង​ស​ង់​ស៊ីស ​ដែល​កំណ​ត់ដោយ​មេ​ដឹកនាំ​ នៃ​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា​ ដើម្បី​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ មិត្តភាព​យូរ​អង្វែង ​ត​កូន ​ត​ចៅ ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និ​ង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា​។ ​ឯកឧត្តម​ ហ៊ឺ វេទុង បាន​អរគុណ ​ចំពោះ​មិត្ត​កម្ពុជា​ ដែល​តែង​តែ​ផ្តល់​កិច្ច​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ​។ ឯកឧត្ត​ម ក៏​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​និង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​ពិភព​លោក​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​ នៅ​កម្ពុជា​ ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ​​​។ ឯកឧត្តម ​បាន​ជំរាប​ជូន​អំពី​លទ្ធផល​ជំនួប​ជា​មួយ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​បាន​ផ្តោត​លើ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ចិន​-​កម្ពុជា​ ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ និ​ង​រីក​ចម្រើន​។​ ឯកឧត្តម​ បាន​ស្នើ​ឱ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​អភិវឌ្ឍ​ន៍​ទៅ​មុខ​ ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​ថ្មី​មួយ​ទៀត​។ 

      ជា​ការ​ឆ្លើយ​តប​វិញ​ផង​ដែរ​ សម្ដេច​ពិជ័​យសេនា​ បញ្ជាក់​ថា​៖ មិន​ថា​កិច្ច​សហប្រតិបត្តិការ​ចាស់​ ឬ​កិច្ច​សហប្រតិបត្តិការ​ថ្មី​នោះ​ទេ​ ថ្នាក់​ដឹ​កនាំ​បន្ត​វេន​របស់​កម្ពុជា​ នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន ​សារៈ​សំខាន់​នេះ ​ដោយ​មិន​មាន​ការ​ប្រែ​ប្រួល ​និង​ផ្លាស់​ប្ដូរ​ឡើយ ​ហើយ​ភាគី​យើង​ទាំង​ពីរ​ នៅ​តែ​បន្ត​ពង្រឹង​ពង្រី​ក​ឥត​ឈប់​ឈរ ដើម្បី​ធ្វើ​ឲ្យ​កង​ទ័​ពយើង​ទាំង​ពី​រ កាន់​តែ​យល់​ពី​គ្នា​ ទៅ​វិញ​ទៅ​មក​ បាន​កាន់​តែ​ច្រើន​។ សម្ដេច ​ក៏​បាន​ស្នើឱ្យ​ភាគី​កង​ទ័ព​ទាំង​ពី​រ បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ងារ​រៀប​ចំ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​និង​បញ្ហា​ ​ផ្សេងៗ​ទៀត ​ក្នុង​ការ​ផ្លា​ស់​ប្ដូរ​ ប​ទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​កម្រិត​ ដែល​ការ​ងារ​នេះ​ គឺ​យើង​បាន​ចាត់​ទុក​ថា​ ជា​ការងារ​ដែល​មាន​សារៈ​សំខាន់​ដល់​កិច្ច​សហប្រតិបត្តិការ​ រវាង​ក​ងទ័ព​ប្រទេស​យើង​ទាំង​ពីរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ