ព័ត៌មាន

កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀប​ចំ​ប្រារព្ធ​ខួប​លើក​២៥​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះឈ្នះ​ និង​ខួប​៥​​ឆ្នាំ​​ នៃ​ការ​​កសាង​​វិមាន​​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
487
3203 កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀប​ចំ​ប្រារព្ធ​ខួប​លើក​២៥​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះឈ្នះ​ និង​ខួប​៥​​ឆ្នាំ​​ នៃ​ការ​​កសាង​​វិមាន​​ឈ្នះ​ឈ្នះ​

      នៅទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​នេះ បាន​បើក​កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្ត​រក្រសួង​ ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀម​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ច​ប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នយោ​បាយ​ឈ្នះ​ឈ្នះ​ និង​ខួប៥​ឆ្នាំ នៃ​ការ​កសាង​វិមា​ន​ឈ្នះ​​ឈ្នះ​ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្ដម​សេនីយ៍​ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​អនុ​ប្រធាន​ប្រចាំ​ការ​ នៃ​គណៈក​ម្មការ​អន្តរ​ក្រសួង​ ដើម្បី​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី២៥ នៃ​ការ​បញ្ចប់​សង្គ្រា​ម​ស៊ី​វិល​​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ឈ្នះ និង​ខួប​​៥​​ឆ្នាំ ​​នៃការ​កសាង​វិមាន​ឈ្នះ​ឈ្នះ​ និងព្រមទាំងមានការ​ចូល​រួម​ផង​ដែរ ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ស្ថាប័ន​សាមី​ក្រសួង​ពាក់​ព័ន្ធ​ ក្នុង​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ និង​បណ្ដា​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​។

      ឧត្ត​ម​សេនីយ៍​ឯក​ ខៀវ​ ឆេន​ រដ្ឋ​លេខាធិការ ​​និង​ជា​នាយក​ខុទ្ទ​កាល័យ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អាន​សេចក្ដី​សម្រេច​របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃ​ការ​បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និង​ខួប​៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ដែលនៅក្នុងសេចក្តីសម្រេចនោះ បានចាត់តាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ជាប្រធាន​គណៈកម្មការអន្តរក្រសួង​ និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិករបស់គណៈកម្មការ ដើម្បីរៀបចំការប្រព្រឹត្តទៅនៃការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការប្រកបដោយជោគជ័យអនុវត្តនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ក្នុងឆ្នាំ២០២៣នេះ អាចប្រព្រឹត្តទៅដោយភាពអធិកអធម រលូន និងជោគជ័យ​។ 

      ឧត្តម​សេនីយ៍​ឯក​ មាស​ ​ស៊ីណា អនុរដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ឱ្យ​ស្ថាប័ន​អង្គ​ភាព​សេនា​តេជោ​ បាន​លើក​បញ្ជាក់​ក្នុង​ផែន​ការ​ត្រៀម​រៀប​ចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ឈ្នះ​ របស់​សម្ដេច​តេជោ ហ៊ុន សែន ថា​ការ​ប្រារព្ធ​ធ្វើខួប​លើក​ទី​២៥ នា​ឆ្នាំ​២០២៣​នេះ​ ក្រុម​ការងារ​បាន​សហការ​គ្នា​ជា​ប្រចាំ​ ដើម្បី​រៀប​ចំ​ធ្វើ​នៅ​វិមាន​ឈ្នះ​ឈ្នះ ​ស្ថិត​​នៅ​តំបន់​អភិវឌ្ឍន៍​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ក្នុង​ទឹក​ដី​សង្កាត់​ព្រែក​ឫស្សី​ ខណ្ឌ​​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ​។ សម្រាប់​ឆ្នាំ​២០២៣​នេះ តាម​ផែន​ការ​របស់​គណៈ​កម្មការ​រៀប​ចំ​ពិធី ​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ឈ្នះ​ របស់​សម្ដេច​តេជោ​ ហ៊ុន សែន (២៩ ធ្នូ ឆ្នាំ១៩៩៨-២៩ ធ្នូ ឆ្នាំ២០២៣) ក្រុម​ការងារ​យើង​បាន​ត្រៀម​គ្រប់​លក្ខណៈ​សម្បត្តិ​ ក្នុង​ការ​រៀប​ចំ​កម្លាំង​ ចូល​រួម​​ពិធី​ប្រមាណ​ជា​ ៦.៦០៤នាក់។​ ជា​មួយ​នឹង​ការ​រៀបចំ​ពិធី​រំលឹក​ខួប​នេះ ក្រុម​ការងារ​ នៃ​គណៈកម្មការ​អន្តរ​ក្រសួង​ ក៏​បាន​ធ្វើ​ផែន​ការ​រួច​ជា​ស្រេច​ ទាំង​ទី​តាំង​ និង​ស្តង់​តាំង​ពិព័រណ៍​កង​ទ័ព​ ស្តង់​ពិព័រណ៍​ និង​របស់​បណ្តា​ក្រសួង​ស្ថាប័ន ​ស្តង់​ពិព័រណ៍​ម្ហូប​អាហារ​ និងឆាក​ប្រគំ​តន្ត្រី​ ដែល​រៀប​ចំ​ឡើង​ដោយ​ស.ស.យ.ក​ ក៏​និង​ក្រសួង​វប្បធម៌​ វិចិត្រសិល្បៈ សហការ​ជា​មួយ​សាលា​រាជ​ធានី​ភ្នំពេញ សម្រាប់​រយៈ​ពេល​៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣នេះ​ ជូន​ដល់​មហា​ជន​ប្រជាជន​បាន​ចូល​ទស្សនា​ផង​ដែរ។​ ​​នេះ​បើ​តាម​យោង​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រារព្ធ​ខួប​លើ​កទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រា​មស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ឈ្នះ​ របស់​សម្ដេច​តេ​ជោ​នា​ឆ្នាំ​២០២៣​នេះ។ ​បើ​យោង​តាម​ផែន​ការ​នេះ​ ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥​នា​ឆ្នាំ​នេះ​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ខាង​មុខនេះ​ក្រោម​វត្ត​មាន​​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​មហា​ប្រវត្តិ​ធិបតី​ ហ៊ុន ​ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

       ​នា​យ​​ឧត្តម​សេនីយ៍​ ឥត​ សារ៉ាត់ អនុ​ប្រធាន​ប្រចាំ​ការ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រា​មស៊ី​វិល​នៅ​កម្ពុជា​ និ​ង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ឈ្នះ​ឈ្នះ​ និង​ខួប​៥​ឆ្នាំ​នៃ​ការ​កសាង​វិមាន​ឈ្នះ​ឈ្នះ​ ក៏​បាន​សំណូមពរ​ដល់​សាមី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​ជា​ក្រុម​ការ​ងារ​គ្រប់​គ្រង​ពិធី​ គ្រប់​គ្រង​សកម្ម​ភាព​ការ​តាំង​ពិព័រណ៍​ សមិទ្ធ​ផល​ និងក្រុម​ការ​ងារ​គ្រប់​គ្រង​កង​កម្លាំង​សម្រាប់​ចូល​រួម​ពិធី​នេះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​សហការ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ​ ក្នុង​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​ទាំង​ផ្នែក​សន្តិសុខ​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ ក្នុង​ពិធី​ រួម​ទាំង​ការ​រៀប​ចំ​ទទួល​បដិ​សណ្ឋារ​កិច្ច​ សម្រាប់​ថ្នា​ក់​ដឹក​នាំ​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ និង​កង​កម្លាំង​ដែល​ចូល​រួម​ឲ្យ​រលូន​ និង​ល្អ​ប្រសើរ​។ ពិសេស​ក្រុម​ការ​ងារ​ក៏​ត្រូវ​សហការ​បាន​​ជិ​ត​​ស្និទ្ធ​​​ជាមួយ​គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ​ និង​គណៈ​កម្មការ​រៀប​ចំ​ពិធី​ ដើម្បី​ស្វែង​រក​ទីតាំង​សម្រាប់​រៀប​ចំ​ផែន​ការ​ ផែន​ឈរ​ ផែន​អង្គុយ​ នៃ​មហាជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​​គម្លាត​សុវត្តិភាព​ និង​កម្ម​វិធី​សាក​ល្បង​ ក៏​ដូច​ជា​កម្ម​វិធី​ជា​ផ្លូវ​ការ​។ តាម​រយៈ​​កិច្ច​ប្រជុំ​នេះ​ ឯកឧត្តម​អនុប្រធាន​ប្រចាំ​ការ​ សង្ឃឹម​យ៉ាង​មុត​មាំ​ថា​៖ គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ នឹង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ទៅ​តាម​ផែន​ការ​ ដែល​បាន​កំណត់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ