ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧ ​ប្រទ​ស​ហ្គាណា​
នាយកដ្ឋានព័ត៌មាន(៣)
717
3205 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧ ​ប្រទ​ស​ហ្គាណា​

       ថ្ងៃ​ទី០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដោ​យ នា​យ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អគ្គ​នាយក ​មជ្ឈមណ្ឌលជាតិ​ រក្សាស​ន្តិភាព​ បាន​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សាសន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧ ​នៅ​ទី​ក្រុង ​អាក្រា​(ACCRA) ​សាធារណ​រដ្ឋ​ហ្គាណា ​(Ghana)​។ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​ ៧ ​ត្រូវ​បាន​ប្រទេស​ហ្គាណា​ ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដែល​មាន​ប្រទេស​ចូល​រួម​ប្រជុំ​ចំនួន ៩២ ​ប្រទេស ​និង​អង្គការ​អន្តរជាតិ​ចូល​រួម​ចំនួន​ ៥ ​អង្គការ​។​

        កិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​រក្សា​សន្តិភាព​របស់​អង្គការ​សហ​​ប្រជា​​ជាតិ​ ​​គឺ​​​ជា​​ឱកាស​​​ដ៏​សំខាន់​មួយ​សម្រាប់​ រដ្ឋជាសមាជិក ​ដើម្បី​រួម​គ្នា ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​មួយ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព ​និង​ផល​ប៉ះ​ពាល់​របស់​ពួក​គេ​លើ​សហគមន៍​ ដែល​ពួក​គេ​បំពេញ​ការ​ងារ​។​

        ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ ស្តី​ពីការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​ ៧ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ នៃ​សាធារណ​រដ្ឋ​ Ghana​ ដែល​ទទួល​ធ្វើ​ជា​​ម្ចា​ស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​ពេល​នេះ ​និង​បាន​សម្តែង​ការ​គាំទ្រ​ទិស​ដៅ​ ដែល​បាន​ដាក់​ចេញ​ក្នុង​កិច្ច​ប្រជុំ ​ដើម្បី​រួម​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​នូវ​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​រក្សា​សន្តិភាព​ ពិសេស​ការ​អនុវត្តន៍​ភារ​កិច្ច​រក្សា​សន្តិភាព​ដោយ​យក​សុវត្ថិភាព​ជា​ចម្ប​ង​។​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា បាន​បញ្ចាក់​ថា៖ ​សមត្ថភាព​ស្ត្រី​ ក្នុង​ឯក​សណ្ឋាន ​ក៏​បាន​នឹង​កំពុង​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាព​ និង​ស្ថេរភាព​ ក្នុង​តំបន់​បេសក​កម្ម​។​ ម៉្យា​ង​វិញ​ទៀត​ ការ​ផ្តល់​សេវា​ថែទាំ​សុខុមាលភាពផ្លូវ​ចិត្ត​ គឺ​ជា​កត្តា​ចាំ​បាច់ ក្នុង​ការ​ពង្រឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ ឲ្យ​បាន​ពេញ​លេញ​ដល់​គ្រប់​កម្លាំង​រក្សា​សន្តិភាព​ផង​ដែរ​។​

        ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​បញ្ចាក់​បន្ថែម​ថា៖​ កម្ពុជា​ដែល​ធ្លាប់​ទទួល​វត្តមាន​បេសក​កម្ម​ អ៊ុនតាក់ (UNTAC) បាន​ក្លាយ​ជា​ប្រទេស​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ចូល​រួម​​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​បណ្តា​ប្រទេស​នានា​ លើ​ពិភព​លោក​ ចាប់​ពី​ឆ្នាំ​២០០៦​ម​ក​ ទៅ​កាន់​ប្រទេស​ចំនួន ​១០​ ក្នុង​បេសក​កម្ម​ ចំនួន​១២ ​រួម​មាន៖ ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាង​ត្បូង ​ឆាដ ​លីបង់​ ម៉ាលី ​អាហ្វ្រិក​កណ្តាល ​ស៊ីរី ​សាយ​ព្រឹស​ យេ​មែន​ និង​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​កុង​ហ្គោ ​សរុប​ចំនួន​ ៩,២០៥​នាក់​ ក្នុ​ង​នោះ​នារី​ ចំនួន​ ៧២៦​នាក់​។​ បច្ចុប្បន្ន​កម្ពុជា​បាន​ចូល​រួម​លើក​កម្ពស់​ការ​ចូល​រួម​ពី​សំណាក់​យោធិន​នារី​ ក្នុង​គ្រប់​កំរិត​នៅ​តាម​តំបន់​បេសក​កម្ម​ ដែល​កម្ពុជា​កំពុង​មាន​វត្តមាន ​ព្រោះ​យើង​ជឿ​ជាក់​ថា​ ស្ត្រី​ពិត​ជា​អាច​ធ្វើ​បាន​ដូច​បុរសេ ​ដូច​ដែល​ឯកឧត្ដម​ លោក​ជំទាវ ​អស់​លោក​-​លោក​ស្រី​ ឃើញ​ស្នា​ដៃ​យ៉ាង​ត្រចះ​ត្រច​ង់​របស់​ពួក​គេ​តាម​តំបន់​ បេសក​កម្ម​អង្គការ​សហ​ប្រ​ជា​ជាតិ​។​

       ឯកឧត្តម​ បាន​សង្កត់​ធ្ងន់​ថា៖​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព​ និង​បេះដូង​ស្អប់​សង្គ្រាម​ កម្ពុជា​មិន​រា​ថយ​ឡើយ ​ជា​តឹក​តាង​ កាល​ពី​ថ្ងៃទី​២២​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​សម្ដេច​មហា​បង​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៧៨ ​ដោយ​បាន​លើកឡើងថា ​"កម្ពុជា​បន្ត​បរិច្ចាគ​ដល់​ស្ថេរភាព​ សន្តិសុខ ​សន្តិភាព​ពិភព​លោ​ក ការ​អភិវឌ្ឍន៍​ ប្រកប​ដោយ​ចីរភាព ​និង​វិបុល​ភាព​សម្រាប់​គ្រប់​មនុស្ស​ជាតិ​។​ ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ ​កម្ពុជាផ្តល់តំលៃ​ខ្ពស់ ​ដល់​សន្តិភាព ​និង​មិន​គាំទ្រ​សង្គ្រា​ម​ឡើយ។​ ដើម្បីឆ្លុះ​បញ្ចាំង​អំពី​ការ​រួម​ចំណែក​ដ៏​សកម្ម​របស់​កម្ពុជា​ ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ ​ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ សីហា បាន​ប្រកាស​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ប្រព័ន្ធ​ត្រៀម​ជា​ស្រេច​(UN PCRS)​ រួម​មាន៖​ កង​អនុសេនាធំ​វិស្វកម្ម​ចំនួន​០១​កង​ កង​រាជ​អាវុធ​ហត្ថ​ចំនួន​០១​កង​ និង​នាយ​ទាហាន​សេនា​ធិការ ​និង​សង្កេត​ការណ៍​។ លើស​ពី​នេះ ​កម្ពុជា​សូម​ប្រកាស​ការ​ប្តេជ្ញាចិត្ត​ ចល័ត​កង​កម្លាំង​ថ្មី​០២​កង​ ក្នុង​ប្រព័ន្ធ​ត្រៀម​ជា​ស្រេច​ (​UN PCRS) គឺ​កង​អនុសេនាធំ​ស្ពាន​ចល័ត​ចំនួន​០១​កង​ និង​កង​អនុសេនា​ធំ​កម្ទេច​គ្រឿង​ផ្ទះ​ចំនួន​០១​កង​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ