នេះជាប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបញ្ជាក់នៅក្នុងឱកាសដែលឯកឧត្តម William A-Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលជួបសំណេះសំណាលសម្តែងការគួរសមចំពោះឯកឧត្តម ប៉ុល សារឿនកាលពីព្រឹកថ្ងៃទី 22 ខែ មករា ឆ្នាំ 2016 នេះនៅអគ្គបញ្ជាការដ្ឋាន ។ក្នុងជំនួបនេះឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងនូវអំណរអរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលបានចំណាយពេលអនុញ្ញាតិឲ្យរូបលោកបានចូលជួបសំណេះសំណាលសម្តែងការគួរសម ។ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះលទ្ធផលស្នាដៃដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមកក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មមនុស្សធម៌ ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិនៅបណ្តាប្រទេសជាច្រើនលើពិភពលោក ។ឯកឧត្តមអគ្គមេបញ្ជាការក៏បានបញ្ជាក់អំពីសភាពការណ៍រីកចំរើនរបស់កម្ពុជាពិសេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ហើយបច្ចុប្បន្នកម្ពុជាកំពុងបន្តសហការកាន់តែជិតស្និទ្ធិថែមទៀតជាមួយកងទ័ពសហរដ្ឋអាមេរិកហើយបច្ចុប្បន្នកងយោធពលខេមរភូមិន្ទបាននិងកំពុងបន្តស្វែងរកអ្ឋិធាតុកងទ័ពសហរដ្ឋអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាឲ្យបានរួចរាល់ក្នុងនោះឯកឧត្តមអគ្គមេបញ្ជាការក៏បានបញ្ជាក់ថាៈបញ្ហានេះគឺយើងធ្វើចំពោះករណីណាដែលចាំបាច់និងបន្ទាន់បំផុតដើម្បីឲ្យកិច្ចការនេះបានសម្រេចតាមផែនការដែលបានគ្រោងទុក។ឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានវាយតម្លៃនិងស្ងើចរសើរចំពោះការវិវត្តន៍រីកចំរើនរបស់កម្ពុជាពីប្រទេសដែលធ្លាប់មានសង្គ្រាមមកជាប្រទេសដែលមានសុខសន្តិភាពនិការអភិវឌ្ឍន៍នៅលើគ្រប់វិស័យក្នុងនោះវិស័យដែលចាប់អារម្មណ៍បំផុតគឺកងយោធពលខេមរភូមិន្ទមានការរីកចំរើនគួរឲ្យកត់សម្គាល់មានកិត្តិស័ព្ទនិងកិត្តិនាមនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានបញ្ជាក់ថាៈនៅអាទិត្យក្រោយនេះរដ្ឋមន្រ្តីការបរទេសរបស់អាមេរិកនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាហើយនឹងចូលជួបចំពោះសម្តេចតេជោ ហ៊ុន សែន ហើយសម្តេច ហ៊ុន សែន ក៏នឹងអញ្ជើញទៅចូលរួមប្រជុំនៅសហរដ្ឋអាមេរិកដែលមេដឹកនាំបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាននឹងទៅចូលរួមនៅទីនោះដោយសហរដ្ឋអាមេរិកជាអ្នករៀបចំក្នុងកិច្ចប្រជុំនេះនឹងលើកយកប្រធានបទមួយចំនួន ដូចជាការប្រឈមនឹងផលប៉ះពាល់គ្រោះមហន្តរាយដោយអកាសធាតុការប្រឆាំងភេវរកម្ម សន្តិសុខលំហសមុទ្រ ។ឯកឧត្តមអគ្គមេបញ្ជាការក៏បានសំណូមពរឲ្យកងទ័ពសហរដ្ឋអាមេរិកបន្តជួយហ្វឹកហ្វឺនឲ្យកងយោធពលខេមរភូមិន្ទបន្តទៀតដើម្បីកិច្ចការពារសន្តិសុខលំហសមុទ្រឲ្យទទួលបានជោគជ័យថែមទៀតឯកឧត្តមអគ្គមេបញ្ជាការក៏បានអរគុណផងដែរចំពោះកងទ័ពសហរដ្ឋអាមេរិកដែលបានយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពសហរដ្ឋអាមេរិកនិងកងយោធពលខេមរភូមិន្ទធ្វើឲ្យកងយោធពលខេមរភូមិន្ទទទួលបានបទពិសោធន៍និងចំណេះដឹងពីកងទ័ពសហរដ្ឋអាមេរិក ៕