ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ លោកជុំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារយែនឌ័រការពារជាតិបានអញ្ជើញដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ដែលទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់មេបញ្ជាការ មេបញ្ជាការរង និងយុទ្ធជន យុទ្ធនារី ក្នុងកងពល ។
លោកជុំទាវបានសំដែងនូវការនឹករលឹក និងកោតសសើរវាយតំលៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន យុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានលះបង់អាយុជីវិតពលីកម្មអស់កម្លាំងកាយចិត្តក្នុងការការពារខ្សែបន្ទាត់ព្រំដែនការពារអធិបតេយ្យជាតិបូរណភាពទឹកដីដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមកោតសសើរចំពោះបងប្អូនជាយុទ្ធនារីដែលបានចូលរួមគ្រប់សកម្មភាពការងាររបស់ ខ.ភ.ម គ្រប់កាលៈទេសៈបានដូចបុរស ៕