ក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាននាំឲ្យមានការបង្រូបបង្រួមជាតិសមាហរណកម្មកម្លាំងខ្មែរក្រហម និងធ្វើឲ្យអង្គការចាត់តាំងខ្មែរក្រហមទាំងកម្លាំងយោធានិងនយោបាយត្រូវរលាយសាបសូន្យហើយកងយោធពលខេមរភូមិន្ទមានដំណើរការកែទម្រង់ជាលំដាប់តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យកងយោធពលខេមរភូមិន្ទក្លាយជាកងទ័ពទំនើបឆ្លើយតបទៅតាមសភាពការក្នុងតំបន់និងពិភពលោក។នេះជាប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនិងសភាពការពិភពលោកថ្មីៗនាថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅកងពលតូចអន្តរាគមន៍លេខ៩។
ឯកឧត្តម បានមានប្រសាសន៍ថាទម្រាំមានថ្ងៃនេះប្រជាជននិងកងទ័ពយើងបានបូជាជីវិតអស់រាប់ម៉ឺនរាប់សែននាក់ដើម្បីដណ្តើមបានមកវិញនូវសន្តិភាពពេញលេញជូនប្រជាជនរស់នៅប្រកបដោយសុខដុមរមនាប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនដូច្នេះយើងប្រឆាំងដាច់ខាតមិនអោយបុគ្គលឬក្រុមណាមួយធ្វើអោយប្រទេសជាតិវិលទៅរកដានប្រវត្តិសាស្រ្តចាស់និងធ្លាក់ទៅក្នុងភាពអន្តរាយបានទៀតឡើយ ។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា ថ្មីៗនេះតាមរយៈសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំវេទិការអាស៊ាន-អាមេរិក នៅរដ្ឋCalifornia សហរដ្ឋអាមេរិកដែលជាការលើកកម្ពស់កិត្យានុភាពដ៏អស្ចារ្យសំរាប់ប្រទេសនិងប្រជាជនកម្ពុជាលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សាវ៉ន បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាននិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៩ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីការពារជាតិមាតុភូមិ៕