បន្ទាប់ពីបានធ្វើការសាងសង់អស់រយៈពេលពីរឆ្នាំយានដ្ឋានជួសជុលយានយន្តជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន រួមនិងសមិទ្ធិផលនានាមួយចំនួនទៀតរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ចំណុះឲ្យអគ្គនាយកដ្ឋាភស្ភុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិត្រូវបានប្រារព្ធពិធីសម្ពោពដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ហ្សង់ ប៉ ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋាន ភស្ភុភា ហិរញ្ញវត្ថុ ក្នុងក្រសួងការពារជាតិបានឡើងអានរបាយការណ៍ ដោយបានគូសបញ្ជាក់ថាៈ អនុវត្តតាម ផែនការកែទម្រង់ប្រាំឆ្នាំរបស់ ខ.ភ.ម កងពលតូចដឹកជញ្ជូនលេខ៩៩ ពីមុននៅកងអនុយោធាធំដឹកជញ្ជូនត្រូវបានកែសម្រួលទៅជាកងពលតូចដឹកជញ្ជូនលេខ៩៩ វិញចំណុះឲ្យអគ្គនាយកដ្ឋានភស្ភុភា ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១០ ។ ឯកឧត្តម បានបញ្ជាក់ថា កងពល តូចដឹកជញ្ជូនលេខ៩៩ ក្នុងរយៈពេលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ សំភារៈភស្ភុភា សំភារៈសឹក សំភារៈសំណង់ កំលាំងទ័ពផ្តល់ឲ្យ ខ.ភ.ម បម្រើឲ្យការងារ ប្រយុទ្ធ ការហ្វឹកហ្វឺន ការកសាងជំរុំបន្ទាយ និងការផ្លាស់ប្តូរទីតាំងចល័តទ័ព ។ ក្រៅពីនេះកងទ័ពក៏បានធ្វើការងារមនុស្សធម៍ ដោយបានដឹកទឹកចែកជូនប្រជាពលរដ្ឋ ដឹកគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលប្រជាពលរដ្ឋ ដឹកកម្មករចំណាកស្រុកទៅកាន់លំនៅដ្ឋានវិញ និងដឹកយុវជនស្ម័គ្រចិត្តចុះជួយវាស់ដីជូនប្រជាពលរដ្ឋ ។ ទាក់ទងទៅនឹងយានដ្ឋានជួសជុលរថយន្តដែលបានប្រារព្ធពិធីសម្ភោពនៅពេលនេះ ឯកឧត្តម បានបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តនេះ ត្រូវបានសាងសង់អស់រយៈពេលពីរឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដោយធ្វើការសហការជាមួយអ្នកឯកទេសចំនួនប្រាំក្រុម ក្នុងនោះភាគីចិនបានផ្តល់នូវសំភារៈបរិក្ខា ឧបករណ៍ជូសជុលរថយន្ត និងជួយបង្រៀនដល់សិក្ខាកាមកម្ពុជាឲ្យចេះប្រើប្រាស់ឧបករណ៍ជួសជុលរថយន្តផងដែរ ។
មានប្រសាសន៍នាឪកាសនោះដែរ ឯកឧត្តម ហ្សង់ ប៉ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថាៈ ចិននិងកម្ពុជា ជាអ្នកជិតខាងល្អ ដែលមានមិត្តភាពប្រពៃណី និងជាដៃគូរ សហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ចំពោះការរីកចម្រើន ការទំនាក់ទំនងជាដៃគូរសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានឆន្ទះពង្រីកវិស័យសហប្រតិបត្តិការនេះយ៉ាងសកម្មជាមួយភាគីកម្ពុជា ។ ឯកឧត្តម ហ្សង់ ប៉ បានសម្តែងនូវជំនឿជឿជាក់ថាៈ យានដ្ឋានជួសជុលរថយន្តនេះ និងបង្កើតសមត្ថភាពថែរក្សាជួសជុលរថយន្តនៃកងទ័ពកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរកម្ពុជា ចិន ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ថ្លែងទៅកាន់ពិធីសម្ភាពយានដ្ឋានជួសជុលកងពលតូចដឹកជញ្ជូនលេខ៩៩ នាឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានមានប្រសាសន៍ថាៈ ទំនាក់ទំនងចិនកម្ពុជាបានវិវត្តន៍យ៉ាងខ្លាំងចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ២០១០ កន្លងមក ។
ទាំងនេះគឺជាសក្ខីភាព នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ទៀតថាៈ ការសម្ភោពយានដ្ឋានជួសជុលរថយន្តជាជំនួយរបស់ក្រសួងការពារជាតិចិន ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ នាពេលនេះគឺជាសមិទ្ធផលមួយថ្មីទៀតលើសមិទ្ធផល ជាច្រើនដែលក្រសូងការពារជាតិចិនបានជួយដល់ ខ.ភ.ម ហើយសមិទ្ធផលដែលទទួលបាននាពេលនេះគឺពិតជាមានតំលៃសមស្របទៅតាមសេចក្តីត្រូវការចាំបាច់របស់កម្ពុជា ព្រមទាំងបញ្ជាក់ចំណងសាមគ្គីភាពដ៏រឹងមាំ កម្ពុជា ចិន ឋិតថេរគង់វង្សជាអមតៈ ។ ឯកឧត្តម ទៀ បាញ់ បានសង្កត់ធ្ងន់ថាៈ តាមរយៈសមិទ្ធផលដែលទទួលបាននាពេលនេះ និងធ្វើឲ្យកងពលតូចដឺកជញ្ជូនលេខ៩៩ មានលទ្ធភាពលើកម្ពស់សមត្ថភាពយល់ដឹង អភិវឌ្ឍន៍ធនធានមនុស្សដល់អ្នកបើកបរ និងជួសជុលរថយន្តដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ ខ.ភ.ម ព្រមទាំងពង្រីកបាននូវការប្រើប្រាស់សំភារៈតាមបច្ចេកវិទ្យាទំនើប សំដៅពង្រីកសមត្ថភាពជំនាញឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត។
ក្នុងឪកាសនេះ ឯកឧត្តម ទៀ បាញ់ ក៏បានអញ្ជើញបំពាក់មេដាយជូនដល់នាយទាហានជាន់ខ្ពស់ ខ.ភ.ម ក្នុងក្រសួងការពារជាតិដែលមានស្នាដៃបំពេញការងារ ព្រមទាំងបានអញ្ជើញទៅកាត់ខ្សែបូរសម្ភោពដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយានដ្ឋានជួសជុលរថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩ ចាប់ពីពេលនេះតទៅ ៕