ក្នុងឪកាសអញ្ជើញមកបំពេញបេសកកម្ម និងទស្សនៈកិច្ចនៅកម្ពុជា ឯកឧត្តម ឡុង ហុងសាន (Long HongShan) ប្រធានរដ្ឋបាលវិស្វករផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងឧស្សាហកម្ម ក្រសួងការពារជាតិចិន បានចូលសម្តែងការគួរសម ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ។
នៅក្នុងជំនួបនោះ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម ឡុង ហុងសាន ដែលបានអញ្ជើញមកបំ ពេញទស្សនកិច្ចធ្វើការងារនៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍បង្ហាញនូវបច្ចេកវិទ្យាថ្មីៗដែលបានកំពុងមានការរីកចម្រើននៅប្រទេសចិន ។ មានមតិឆ្លើយតបវិញ ឯកឧត្តម ឡុង ហុងសាន បានបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ ។ ឯកឧត្តម បន្តថា៖ ប្រទេសកម្ពុជាបច្ចុប្បន្នបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងក្នុងអាស៊ាន ។ ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។ ឯកឧត្តម ក៏ បានជម្រាបជូនដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពីការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាយោធា និងស៊ីវិលនៅក្នុងប្រទេសចិន ដែលបានចូលរួមដល់ការអភិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន ។ មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ បាញ់ បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាយោធា និងស៊ីវិលរបស់ប្រទេសចិន ។ ឯកឧត្តម បានបញ្ជាក់ថា៖ ការរីកចម្រើននេះ មិនមែនជាការគំរាមកំហែងនោះទេ តែវាសម្រាប់ការពារអធិបតេយ្យភាពរបស់ខ្លួន ហើយក៏ជាការចូលរួមចំណែកពង្រឹងដល់សន្តិភាពផងដែរ។
ជាចុងក្រោយ ឯកឧត្តម ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍
និងអំណោយផលដល់ការកសាងប្រទេស និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ៕