បន្ទាប់ពីបានអាននូវព្រះរាជសារ
សម្តេចព្រះមហាក្សត្រី នរោត្តម មុន្នីនាថសីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល រួចមក លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការ
ក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍ពីរបាយការណ៍ការងារយេឌ័រដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ របាយការណ៍ក៏បានបញ្ជាក់ថា
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ, រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ជាសេនាធិការ
បានប្រឹងប្រែងលើកកម្ពស់ស្ថានភាពស្ត្រី សិទ្ធរបស់ស្ត្រី
តាមរយៈការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ ដើម្បីធានាសិទ្ធ និងផលប្រយោជន៍របស់ស្ត្រី។
ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញក្នុងឆ្នាំ១៩៩៨ បានធ្វើឲ្យអង្គការចាត់តាំងនយោបាយខ្មែរក្រហមរលាយ
ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព ឯកភាពជាតិ
ឯកភាពទឹកដី ស្ថិតក្រោមការនាំរបស់រាជរដ្ឋាភិបាលតែមួយ។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានបន្ថែមថា
ក្នុងនាមស្ត្រីក្នុងខ.ភ.ម របស់យើងបានប្តេជ្ញាចិត្តថា
នឹងចូលរួមយ៉ាងសកម្មនៅក្នុងការពារសន្តិភាព ប្រឆាំងដាច់ខាតចលនាបដិវត្តព័ណ៌ ដែលនាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ការបង្កចលាចល
អសន្តិសុខ បំផ្លិចបំផ្លាញសង្គមជាតិ។ ចូលរួមជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពបង្ការ
កំចាត់ ថ្កោលទោសដល់ក្រុមណាដែលមានបំណងទុច្ចរិត នាំមកនូវការផ្លាស់ប្តូរតាមលក្ខណៈបដិវត្តព័ណ៌។
ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ
និងអគ្គមេបញ្ជាការ នៃខ.ភ.ម
បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន យុទ្ធនារី នៃ ខ.ភ.ម
ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួននាពេលកន្លងមក ពិសេសការចូលរួមចំណែកយ៉ាងសកម្មប្រកបដោយភាពអណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ លើការការពារបុព្វហេតុជាតិមាតុភូមិនិងបានចូលរួមចំណែកផងដែរក្នុងការអនុវត្តកម្មវិធីនយោបាយ
ការកែទម្រង់របស់រាជរដ្ឋាភិបាល
និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាលបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល
បានដាក់ចេញនូវច្បាប់គោលនយោបាយ និងយន្តការជាច្រើន ដើម្បីសមភាពយេនឌ័រ
សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ
និងតួនាទីរបស់ស្ត្រីកម្ពុជាឲ្យមានភាពល្អប្រសើរឡើងប្រកបដោយសមធម៌
គាំទ្រឲ្យសម្រេចបាននូវសមភាពពិតប្រាកដ រវាងបុរស និងស្ត្រី ដោយទទួលស្គាល់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច
និងសង្គមជាតិ ចាត់ទុកថាស្ត្រីជាកម្លាំងមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តម បានអំពាវនាវដល់មេបញ្ជាការ គ្រប់លំដាប់ថ្នាក់
គ្រប់កងឯកភាពត្រូវចូលរួមគាំទ្រ និងយកចិត្តទុកដាក់ដល់ស្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន
ត្រូវផ្តល់ឱកាស និងបង្កលក្ខណៈងាយស្រួលឲ្យនារីបានបង្កើនសមត្ថភាព ចំណេះដឹង ជំនាញ លើកទឹកចិត្ត និងត្រូវផ្តល់ឱកាសដល់នារីក្នុងការទទួលបានឋានន្តរសក្តិ
តួនាទី សមស្របទៅតាមសមត្ថភាព បទពិសោធន៍ និងតម្រូវការភារកិច្ចរបស់ ខភម
និងរបស់ប្រទេសជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានប្រគល់បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ជូនដល់ លោកជំទាវរដ្ឋលេខាធិការ ដាំ ដារីនី និងតំណាងយុទ្ធនារីចំនួន៣០នាក់ ដែលមកពីបណ្តាយោធភូមិភាគទាំង៦ ក្នុងម្នាក់ៗមានអាវយឺត១ និងថវិកា១៥ម៉ឺនរៀល និងបានចែកជូនដល់នាយទាហាន ពលទាហាននារីចូលរួមក្នុងម្នាក់ៗមានអាវយឺត១ និងថវិកា៥ម៉ឺនរៀលផងដែរ៕